ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ត្រូវបានមហាសន្និបាតបោះឆ្នោត ឱ្យធ្វើជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុ

AKP ភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ — សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានរៀបចំមហាសន្និបាតវិសាមញ្ញា កាលពីល្ងាចថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្នាក់ការ NOCC ដោយបានផ្លាស់លោកឧកញ៉ា រ័ត្ន សាខន ប្រធានសហព័ន្ធចាស់ និងដាក់ជំនួសដោយឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ ឡើងធ្វើជាប្រធានថ្មី អមជាមួយ​សមាជិកប្រតិបត្តិថ្មីជាច្រើនរូបផងដែរ។

មហាសន្និបាតវិសាមញ្ញ ត្រូវបានធ្វើក្រោមវត្តមានឯកឧត្តម ប្រធានគណៈកម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា ឯកឧត្ដម ថោង ខុន និងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ដើម្បីធ្វើ​ជាសាក្សី និងគាំទ្រដល់ចលនាកីឡាវាយកូនឃ្លីលើតុ។

ក្រោយទទួលបានការគាំទ្រនិងការអនុម័តតាមគោលការណ៍ឱ្យធ្វើជាប្រធានសហព័ន្ធ រួចមក ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីបន្ដដឹកនាំ និងអភិវឌ្ឍន៍​ប្រភេទកីឡាអូឡាំពិកមួយនេះឱ្យកាន់តែរីកចម្រើន បន្ដពីប្រធានសហព័ន្ធចាស់ ពិសេសបាន​សន្យាពង្រឹងលើការងារសំខាន់ៗចំពោះបន្ទាន់មួយចំនួន ដូចជាការរៀបចំ​ជួសជុលហេដ្ឋា​រចនាសម្ព័ន្ធសហព័ន្ធ កន្លែងហ្វឹកហាត់ សម្ភារហ្វឹកហាត់ និងផ្ដល់នូវការលើកទឹកចិត្តពិសេស ចំពោះការខិតខំ និងយកចិត្តទុកដាក់របស់កីឡាករ-កីឡាការិនីឆ្នើមជាដើម។

សមាសភាពប្រតិបត្តិថ្មីនេះ ត្រូវបានគាំទ្រពីប្រធានអូឡាំពិកកម្ពុជាជាមួយនឹងការលើក ទឹកចិត្តលើស្មារតី ស្រឡាញ់ រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ក្នុងគោលដៅឆ្លើយតបទៅនឹង វឌ្ឍនភាពរបស់វិស័យកីឡាជាតិ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឱ្យដឹងថា សមាជិកប្រតិបត្តិសហ​ព័ន្ធបន្ដអាណត្តិទី៦ ឆ្នាំ២០១៧-២០២១ គឺមាន១៣នាក់ ដឹកនាំដោយប្រធាន ឯកឧត្តម គៀត ច័ន្ទថារិទ្ធ អមដោយអនុប្រធាន៤រូប និងលោក ស៊ុន សុទ្ធារិទ្ធ ជាអគ្គលេខាធិការ និង​សមាជិកចំនួន៧រូបទៀត ដែលនេះជាគោលដៅកំណែងទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ និងNOCC ឈានទៅស៊ីហ្គេម ឆ្នាំ២០២៣៕

ដោយ ហេង ណាលីន រូបថត៖ ខឹម សុវណ្ណារ៉ា