ម្ចាស់មេដាយមាស៣ជំនាន់ វីរកីឡាការិនី កែ ឡេង ឡើងប្រជែងមេដាយមាស នៅវគ្គផ្តាច់ព្រ័ត្រ នារសៀលនេះ

AKP ភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ — ម្ចាស់មេដាយមាសជើងឯកពិភពលោកកីឡាប៉េតង់៣ជំនាន់ជាប់ៗគ្នា វីរកីឡាការិនីដ៏ឆ្នើម របស់កម្ពុជា អ្នកស្រី កែ ឡេង ធ្វើបានយ៉ាងល្អបំផុតលើវិញ្ញាសាវាយយកពិន្ទុ ដោយបាន ឡើងទៅប្រកួតប្រជែងមេដាយមាស នៅវគ្គផ្តាច់ព្រ័ត្រ រសៀលថ្ងៃទី២២ ខែវិច្ឆិកានេះ បន្ទាប់ពី​បានទម្លាក់កីឡាការិនីកាណាដា នៅវគ្គ៨នាក់ចុងក្រោយ ដោយក្នុងពិន្ទុ៣៤ទល់២៨ និងបាន បន្ត​យកឈ្នះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីព្រឹកថ្ងៃទី២២ វិច្ឆិកានេះជាមួយកីឡាការិនី មីយ៉ាន់ម៉ា ដោយពិន្ទុ៤៨ ទល់នឹង ៣៨។ នៅក្នុងការប្រកួតលើវិញ្ញាសាវាយយកពិន្ទុ (Shooting) នៃព្រឹត្តិការណ៍ប៉េតង់ជើងឯកពិភពលោកយុវជន និងស្តី្រ លើកទី១៧ នៅកម្ពុជា ដោយពេលនេះ អ្នកស្រី កែ ឡេង កីឡាការិនីរបស់កម្ពុជាបានកក់មេដាយប្រាក់ ក្នុងដៃមួយ​ហើយ ក្នុងនោះប្រសិនបើធ្វើបានល្អក្នុងវគ្គផ្តាច់ព្រ័ត្រ នារសៀល ថ្ងៃទី២២ ខែវិច្ឆិកានេះទៀត គឺអ្នកស្រី កែ ឡេង នឹងឈ្នះមេដាយមាសជាប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងការការពារមេដាយ​មាសជើងឯកពិភពលោកចំនួន៤សម័យកាលជាប់ៗគ្នាតែម្តង។

ដោយឡែកចំពោះក្រុមយុវជនកម្ពុជា ក្រុមBនេះ ដែលកីឡាករ ឃួន លីហ័រ, ភាព វ៉ាឃីម, កុយ សុភ័ក្ត្រា និងគង់ កែវសុខាន់ ដែលប្រកួតលើវិញ្ញាសា៣នាក់ទល់៣នាក់​បាន ទម្លាក់ក្រុមសាធារណរដ្ឋឆេក ដោយលទ្ធផល ១៣ទល់២ នៅត្រឹមវគ្គ១/៨ ហើយបានឡើង ទៅកាន់វគ្គ១៤/ដែរ។ ក្រុម A កម្ពុជា (កីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និងកែវ សុវណ្ណា)បានវាយបកយកឈ្នះក្រុមកីឡាការិនីហ្វាំងឡង់ នៅវគ្គ១/៨ ដោយលទ្ធផលពិន្ទុ ១៣ ទល់១១ ដោយធ្វើសម្រចបាន២ពិន្ទុចុងក្រោយដោយកម្ពុជាអ្នកស្រី កែ ឡែង។ ដូច្នេះក្រុម កម្ពុជាA នេះបានបញ្ចប់ក្តីសង្ឃឹមរបស់ក្រុមហ្វាំងឡង់ នៅត្រឹមវគ្គ៨ក្រុមចុងក្រោយនេះហើយ។

ចំណែកឯក្រុមB នារីកម្ពុជា (ស្រ៊ាង សុរ៉ាឃីម, ដួង ឌីណា, ឃួន យ៉ារី និងបង ចន្ថា) បាន​យកឈ្នះក្រុមនារីនៃសាធារណរដ្ឋប្រជាមានិតចិន ដោយលទ្ធផលពិន្ទុ ១៣ទល់៦ ដោយ ក្រុមកម្ពុជាទី២នេះបានទម្លាក់ក្រុមចិន ត្រឹមវគ្គ១/៨ ហើយបន្តសិទ្ធិទៅប្រកួតនៅវគ្គ១/៤ ដូច ក្រុមទី១ដែរ។

លោក អ៊ុក យ៉ារី គ្រូបង្វឹកជម្រើសជាតិកម្ពុជាកីឡាប៉េង់ផ្នែកយុវជនបានបញ្ជាក់ថា សម្រាប់​ការប្រកួតរបស់កម្ពុជា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ ត្រូវប្រកួតផ្នែកវាយយក​ពិន្ទុវគ្គ​១/៤ និងវគ្គ១/២ ហើយនៅពេលល្ងាចស្អែក នឹងត្រូវប្រកួត៣ទល់៣ វគ្គ១/៤ និង៣នាក់ទល់៣​នាក់ ១/២៕

ដោយ ហេង ណាលីន