ក្រុមប៉េតង់នារីកម្ពុជាទាំងពីរក្រុមឡើងវគ្គ១/៤ដូចគ្នា ក្រោយវាយបកឈ្នះហ្វាំងឡង់ និងឈ្នះចិន នៅវគ្គ១/៨

AKP ភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ — ក្រុមប៉េតង់នារីកម្ពុជាទាំងពីក្រុម (ក្រុមA និងក្រុមB) បានឡើងទៅប្រកួតនៅ វគ្គ១/៤ដូចៗគ្នា បន្ទាប់ពីបានយកឈ្នះលើគូប្រកួតរៀងៗខ្លួននៅវគ្គ១/៨ កាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃព្រឹត្តិការណ៍ពានរង្វាន់កីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ត្រី លើកទី ១៩ នៅកម្ពុជា។ ក្រុម A កម្ពុជា (កីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និងកែវ សុវណ្ណា) បានវាយបកយកឈ្នះក្រុមកីឡាការិនីហ្វាំងឡង់ នៅវគ្គ១/៨ ដោយលទ្ធផលពិន្ទុ ១៣ ទល់១១ ដោយធ្វើសម្រចបាន២ពិន្ទុ ចុងក្រោយដោយកម្ពុជាអ្នកស្រី កែ ឡែង។ ដូច្នេះ ក្រុម កម្ពុជា A នេះ បានបញ្ចប់ក្តីសង្ឃឹមរបស់ក្រុមហ្វាំងឡង់ នៅត្រឹមវគ្គ៨ក្រុមចុងក្រោយនេះ ហើយ។ ចំណែកឯក្រុមB នារីកម្ពុជា(ស្រ៊ាង សុរ៉ាឃីម, ដួង ឌីណា, ឃួន យ៉ារី និងបង ចន្ថា) បានយកឈ្នះក្រុមនារីនៃសាធារណរដ្ឋប្រជាមានិតចិន ដោយលទ្ធផលពិន្ទុ ១៣ទល់៦ ដោយ ក្រុមកម្ពុជាទី២នេះបានទម្លាក់ក្រុមចិន ត្រឹមវគ្គ១/៨ ហើយបន្តសិទ្ធិទៅប្រកួតនៅវគ្គ១/៤ ដូច ក្រុមទី១ដែរ។ ចំពោះក្រុមយុវជនកម្ពុជា ក្រុម B (កីឡាករ ឃួន លីហ័រ, ភាព វ៉ាឃីម, កុយ សុភ័ក្ត្រា និងគង់ កែវសុខាន់) ដែលប្រកួតលើវិញ្ញាសា៣នាក់ ទល់៣នាក់បានទម្លាក់ក្រុម សាធារណរដ្ឋឆេក ដោយលទ្ធផល ១៣ទល់២ នៅត្រឹមវគ្គ១/៨ ហើយបានឡើង ទៅកាន់វគ្គ ១៤/ដែរ។

លោក អ៊ុក យ៉ារី គ្រូបង្វឹកជម្រើសជាតិកម្ពុជាផ្នែកកីឡាប៉េតង់យុវជនបានបញ្ជាក់ថា សម្រាប់ការប្រកួតរបស់កម្ពុជា ព្រឹកស្អែកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវប្រកួតផ្នែកវាយយក ពិន្ទុវគ្គ១/៤ និងវគ្គ១/២ ហើយនៅពេលល្ងាចស្អែក នឹងត្រូវប្រកួត៣ទល់៣ វគ្គ១/៤ និង៣នាក់ ទល់៣នាក់ ១/២៕

ដោយ ហេង ណាលីន