រាជរដ្ឋាភិបាលបន្តការអនុវត្តកម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩​ — ប្រភពពីក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹងថា​កាលពី​ថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋម​ន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើ « អនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការអន្តរជាតិខាងការងារ ស្តីពីកម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា » សម្រាប់បន្តអនុវត្តន៍ឆ្នាំ២០២០ ដល់ឆ្នាំ២០២២។

ប្រភពដដែលបាន​គូសបញ្ជាក់ថា​ អនុស្សរណៈនៃការយោគយល់​នេះ​ចុះ​ហត្ថលេខាដោយភាគីចំនួនបីគឺ រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយនឹងអង្គការអន្តរជាតិខាងការងារ (ILO) និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានមាន​ប្រសាសន៍ថា​ ការចុះហត្ថលេខានេះ ជាការចុះហត្ថលេខាលើអនុស្សរណៈលើកទី៦ ដែលគ្រប់ដណ្តប់លើវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌ សម្ភារៈ និងកាបូបធ្វើដំណើរ។ អនុស្សរណៈនៃការយោគយល់ថ្មីនេះ នឹងបន្តទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ និងកិច្ចសហការកាន់តែប្រសើរ រួមទាំងការផ្ទេរចំណេះដឹងផ្នែកអធិការកិច្ចការងារ ដល់មន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឱ្យ​ស្របទៅនឹងការវិវត្តន៍នៃស្ថានការណ៍បច្ចុប្បន្ន និងទៅអនាគត។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបាន​មាន​ប្រសាសន៍បន្ថែមទៀត​ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយផ្សាភ្ជាប់ពាណិជ្ជកម្មជាមួយនឹងបទដ្ឋានការងារ ចាប់តាំងពីឆ្នាំ២០០១មក ដើម្បីកែលម្អលក្ខខណ្ឌការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌ ដែលទទួលស្គាល់ស្តង់ដារការងារជាអន្តរជាតិ តាមរយៈការអនុវត្តច្បាប់ការងាររបស់កម្ពុជា។ គោលនយោបាយនេះបានជំរុញការទាក់ទាញវិនិយោគទុន ការបង្កើតការងារ និងប្រាក់ចំណូលសម្រាប់កម្មករ កម្មការិនី ក៏ដូចជាគ្រួសាររបស់ពួកគាត់ឱ្យកាន់តែប្រសើរទ្បើង និងបានចូលរួមចំណែកកសាងនូវមូលដ្ឋានគ្រឹះក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសដែលមានការអភិវឌ្ឍវិស័យឧស្សាហកម្ម ជាលំដាប់។

ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​ គោលនយោបាយនេះ ក៏បានធ្វើឱ្យ​វិស័យពាណិជ្ជកម្ម រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលក្នុង រយៈពេល ០២ (ពីរ) ទសវត្សចុងក្រោយនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យម ៧ភាគរយ រៀងរាល់ឆ្នាំ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

​ ឯកឧត្តម​រដ្ឋមន្ត្រី​បានគូសបញ្ជាក់បន្ថែមទៀត​ថា​ ការអនុវត្តគោលនយោបាយនៃការផ្សាភ្ជាប់ពាណិជ្ជកម្ម ជាមួយនឹងបទដ្ឋានការងារ ក៏បានបង្កើនទំនុកចិត្តដល់អ្នកបញ្ជាទិញ និងម៉ាកយីហោល្បីៗ ក្នុងការដាក់បន្ថែមការបញ្ជាទិញផលិតផលសម្លៀកបំពាក់ និងវាយនភ័ណ្ឌនៅកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែច្រើនឡើងផងដែរ។ ជាក់ស្តែងការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារបរទេស នៅឆ្នាំ២០០១ មានទឹកបា្រក់សរុប ១.១៨៨លានដុល្លារអាម៉េរិក កើនរហូតដល់ទឹកបា្រក់សរុប ១២.៨៩៥លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៨។ ក្នុងនោះការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌ មានកំណើនគួរឱ្យ​កត់សម្គាល់ ដែលនៅឆ្នាំ២០០១ មានទឹកបា្រក់ត្រឹមតែ ៨២៨លានដុល្លារអាម៉េ រិក បានកើនដល់ ៧.៧៧៩លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៨៕

ដោយ ទេស ច័ន្ទសុធារី (រូបភាព៖ ក្រសួងពាណិជ្ជកម្ម)