វគ្គបណ្តុះបណ្តាលស្ដីពីបច្ចេកទេសក្នុងការធ្វើសំណាកត្រី (ម៉ាកែត) ទឹកសាប នៅក្នុងព្រះរាជាណាចក្រកម្ពុជា

AKP ក្រចេះ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ — សាកលវិទ្យាល័យក្រចេះ បានបើកវគ្គបណ្តុះ បណ្តាលស្ដីពីបច្ចេកទេសក្នុងការធ្វើសំណាកត្រី (ម៉ាកែត) ទឹកសាប នៅក្នុងព្រះរាជាណាចក្រកម្ពុជារយៈពេលបួនថ្ងៃ គឺចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដោយកិច្ចសហការរវាងសាកលវិទ្យាល័យក្រចេះនិងរដ្ឋ បាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងចែករំលែកនូវចំណេះដឹងវិស័យជលផលដើម្បីអភិវឌ្ឍន៍សមត្ថភាពនិងបទពិសោធន៍បន្ថែមដល់មន្រ្តីបុគ្គលិកអប់រំ និស្សិតសាកលវិទ្យាល័យ អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ អំពីវិធីសាស្រ្តក្នុងការធ្វើសំណាកត្រី(ម៉ាកែត)ទឹកសាប និងបច្ចេកទេសក្នុងការថែរក្សាសំណាកត្រីដែលបានផលិតរួច ដោយមានសិក្ខាកាមចូលរួមប្រមាណ ១៧០នាក់។

លោក ថាច់ ផាណារ៉ា មន្រ្តីបច្ចេកទេសនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹក សាប រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា វគ្គសិក្សាដែលបានរៀបចំឡើងនាពេលនេះ គឺដើម្បីជាចំណេះដឹងដល់មន្ត្រី អាជ្ញាធរ ប្រជាសហគមន៍នេសាទ បុគ្គលិកសិក្សានិងសិស្សនិស្សិតឱ្យបានយល់ដឹងនូវឈ្មោះ និងប្រភេទត្រីទាំងអស់ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលយើងបានរកឃើញ និងដើម្បីឱ្យពួកគាត់ដឹងថា ត្រីនៅស្រុកខ្មែរយើង និងត្រូវធ្វើកម្មវិធីយ៉ាងម៉េចដើម្បីកំណត់អត្តសញ្ញាណរបស់ប្រភេទត្រីទាំងអស់។

លោក ថាច់ផាណារ៉ា បានបញ្ជាក់ថា វគ្គសិក្សានេះបានបង្រៀនឱ្យសិក្ខាកាមទាំងអស់យល់ដឹងពីប្រភេទត្រីណាដែលឈានទៅរកការបាត់បង់នៅក្នុងធម្មជាតិ ដើម្បីជាភ័ស្តុតាងថាត្រីដែលយើងបានបង្ហាញសំណាកហ្នឹង វាពិតជាមានពិតមែន ។ មន្ត្រីបច្ចេកទេសរូបនោះបានបញ្ជាក់ផងដែរថា តាមការសិក្សាស្រាវជ្រាវចាប់តាំងពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៦ យើង បានរកឃើញចំនួនត្រី ៣៣២ប្រភេទ ដែលបានរស់នៅតាមដងទន្លេមេគង្គ និងទន្លេសាប។

ឯកឧត្តម ងី ឡាយមិថុនា សាកលវិទ្យាធិការ សាកលវិទ្យាល័យក្រចេះបានឱ្យដឹងថា សាកលវិទ្យាល័យក្រចេះ គឺជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋថ្មីមួយដែលផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញវិទ្យាសាស្រ្តកសិកម្ម ឧស្សាហកម្ម និងវិទ្យាសាស្រ្តពាក់ព័ន្ធផ្សេងទៀត ជាពិសេសជំនាញជលផល ដោយសារសាកលវិទ្យាល័យក្រចេះមានទីតាំងស្ថិតនៅប្រមាណ៤ គីឡូម៉ែត្រ នៃដងទន្លេមេគង្គក្នុងក្រុងក្រចេះ និងមានវិទ្យាស្ថានបច្ចេកវិទ្យាមួយទៀតផង ។ ឯកឧត្ដមបានបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ សាកលវិទ្យាល័យ បានចាប់ផ្តើមបើកបវេសនកាល និងបានទទួលនិស្សិតឱ្យចូលរៀននៅក្នុងជំនាញផ្សេងៗមួយចំនួន ដែលក្នុងនោះក៏មានជំនាញជលផលផងដែរ ។ ទន្ទឹមជាមួយគ្នានេះសាកលវិទ្យាល័យក្រចេះ ក៏សង្ឃឹមថា នឹងទទួលបាននិស្សិតចូលរៀនបន្ថែមសម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ខាង មុខនេះផងដែរ ៕

ដោយ ជួន សុជាតិ