ក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co., Ltd  មានគម្រោងបង្កើតរោងចក្រកែច្នៃសំរាម បំលែងជាថាមពលអគ្គិសនី

AKP ព្រះសីហនុ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ –​​ លោក YANG HONG HAO ប្រធានក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co, Ltd នៃប្រទេសចិន បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងធ្វើការវិនិ យោគកែច្នៃសំរាម បំលែងជាថាមពលអគ្គិសនី នៅសាលាខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

លោក YANG HONG HAO បានជម្រាបជូនឯកឧត្តមអភិបាលខេត្តព្រះសីហនុ ពីគោលបំណងចង់មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ឱ្យកាន់តែប្រសើរឡើងដល់ខេត្តព្រះសីហនុ និងផ្តល់ឱកាសឱ្យក្រុមហ៊ុនលោកមកធ្វើការវិនិយោគសំរាម ធ្វើការកែច្នៃសំរាមទៅជាថាមពលអគ្គិសនី និងវិនិយោគនៅលើផ្នែកផ្សេងៗទៀតក្នុងខេត្តព្រះសីហនុ ។ ក្រុមហ៊ុនមានជំនាញ    បច្ចេកវិទ្យាក្នុងការកែច្នៃសំរាម មកជាថាមពលអគ្គិសនីនៅប្រទេសចិន ក្រៅពីការវិនិយោគ ក្រុមហ៊ុនក៏មានគម្រោងការងារមនុស្សធម៌ជាច្រើនទៀត សម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាពលរដ្ឋខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះលោកប្រធានក្រុមហ៊ុន ក៏បានអញ្ជើញឯកឧត្តមអភិបាលខេត្តព្រះសីហនុ ទៅធ្វើទស្សនកិច្ចនៅរោងចក្រកែច្នៃសំរាម បំលែងទៅជាថាមពលអគ្គិសនី ក្នុងខេត្តនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ ។

ឯកឧត្តម គួច ចំរើន បានស្វាគមន៍ក្រុមហ៊ុនដែលមានបំណងមកធ្វើការវិនិយោគលើវិស័យអគ្គិសនី ដែលយកវត្ថុធាតុដើមពីសំរាម សូមឱ្យក្រុមហ៊ុនសិក្សាលម្អិតបើមានផលវិជ្ជមាន រដ្ឋបាលខេត្តនឹងស្វាគមន៍ចំពោះការវិនិយោគមួយនេះ និងសន្យាជួយរកទីតាំងបង្កើតរោងចក្រ និងជួយសម្របសម្រួលដល់ក្រុមហ៊ុន ក្នុងការសុំច្បាប់វិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងបរិស្ថាន ផងដែរ ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា កន្លងមកមានអ្នកវិនិយោគបានចូលជួបពិភាក្សា ក្នុងគោលបំណងវិនិយោគសំរាម ដោយកែច្នៃជាថាមពលអគ្គិសនី ក៏ប៉ុន្តែមិនបានឆ្លើយតបមករដ្ឋបាលខេត្ត គឺគ្រាន់តែមកហើយត្រឡប់ទៅវិញបាត់ស្ងាត់ ប្រសិនបើក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co, Ltd មានបំណងវិនិយោគពិតប្រាកដ ត្រូវសិក្សាលម្អិត រដ្ឋបាលខេត្តនឹងចូលរួមសហការ ដើម្បីដំណើរការបង្កើតរោងចក្រ ឡដុតសំរាមបំលែងជាថាម ពលអគ្គិសនី ទទួលបានលទ្ធផលផ្លែផ្កានាពេលខាងមុខ ។

ក្នុងឱកាសនោះលោក YANG HONG HAO ប្រធានក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co, Ltd ក៏បានផ្តល់អង្ករចំនួន ១០តោន ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ចូលរួមក្នុងការងារមនុស្សធម៌ និងកិច្ចការសង្គមក្នុងខេត្តព្រះសីហនុ ៕ ដោយ ងូ សុមុនី