មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡាជំរុញ​ភាគីពាក់ព័ន្ធយកចិត្តទុកដាក់​អប់រំ យុវជននិស្សិត សិស្សឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍​ផ្លូវគោក

AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ — រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា ឯកឧត្តម ស សុខា បានជំរុញដល់គ្រប់ភាគី​ពាក់ព័ន្ធទាំងអស់ឱ្យបន្តការយកចិត្តទុកដាក់ ផ្សព្វផ្សាយ អប់រំដល់យុវជន និស្សិត សិស្សឱ្យយល់កាន់តែច្បាស់ថែមទៀតអំពីគ្រោះថ្នាក់នៃ ការប្រើប្រាស់ និងនៅឱ្យឆ្ងាយពីគ្រឿងញៀន និងចូល​រួម​គោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបាន ខ្ជាប់ខ្ជួន។

 

ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីអំពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​គ្រឿងញៀន ​និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់ សិស្សា​នុ​សិស្ស និង​និស្សិត ​នៅ​មន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯក​ស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានសិក្ខាកាមមន្ត្រី អប់រំ និង​មន្ត្រីពាក់ព័ន្ធចូលរួមប្រមាណ ២៤៩នាក់។

ឯកឧត្តម ស សុខា ​បានមានប្រសាសន៍ថា ​​សព្វថ្ងៃនេះ​ពួកឧក្រិដ្ឋជន​ជួញដូរ​គ្រឿង ញៀន​កំពុង​ធ្វើ​សកម្មភាព​បញ្ជ្រាប​គ្រឿងញៀន​នៅតាម ឃុំ សង្កាត់ មូលដ្ឋាន នៅតាម​សហគមន៍ ​នៅតាម​កា​ស៊ី​ណូ កន្លែង​ក្លិប​កម្សាន្ត ផ្ទះសំណាក់ ​សណ្ឋាគារ គ្រឹះ​ស្ថាន​ ពិសេស​ដល់​ស្រទាប់​យុវវ័យ សិស្សានុសិស្ស តាម​សាលារៀន អនុវិទ្យាល័យ វិទ្យាល័យ សាកលវិទ្យា​ល័យ ​ជាដើម។

​​ ឯកឧត្តមបន្តទៀតថា គ្រឿងញៀន​ជា​បញ្ហា​កង្វល់​របស់​មនុស្សជាតិ ​អ្នកប្រើប្រាស់​គ្រឿងញៀន​ជះឥទ្ធិពល​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​យ៉ាងខ្លាំង​​ ខូចអនាគតបាត់បង់​ការសិក្សា និង​ក្លាយទៅជា​មនុស្ស​ហ៊ាន​ប្រព្រឹត្ត​នូវ​បទល្មើស​គ្រប់យ៉ាង ហ៊ាន​លួច​ទ្រព្យសម្បត្តិ​ឪពុកម្តាយ ប្រើ​អំពើ​ហិ​ង្សា​ក្នុង​គ្រួសារ និង​ឈានទៅ​ប្រព្រឹត្ត​អំពើ​លួច​ទ្រព្យសម្បត្តិ​អ្នកដទៃ​ជាដើម​។​ ក្នុង នោះ​មាន​ក្មេង​ទំនើង​ដែល​បង្ក​ភាពអសន្តិសុខ សណ្តាប់​សាធារណៈ ដូច​ជាការ​បង្ហោះ​ម៉ូតូ បង្ក ចលាចលនៅក្នុងមូលដ្ឋាន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលចុងក្រោយនេះបានបង្កឱ្យ​បាត់បង់អាយុជីវិតប្រជាពល​រដ្ឋ ​កើនឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​។ ​ ​

ដោយមើលឃើញបញ្ហាគ្រោះថ្នាក់យ៉ាងដូច្នេះ ​ឯកឧត្តមបាន​ដឹកនាំ​មន្ត្រី​ជំនាញ​គ្រឿង ញៀន​ចុះមក​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ​និង​សិស្សានុសិស្ស ​ឱ្យ​បាន​យល់ដឹង​កាន់តែច្បាស់ ថែមទៀតហើយ​នាំគ្នា​ចូលរួមប្រយុទ្ធប្រឆាំង ​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន​ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង និង​អាយុជីវិត​អ្នកដទៃ​ផងដែរ​។
​​ ពាក់ព័ន្ធបញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ឯកឧត្តមរដ្ឋលេខាធិការ​បានគូសបញ្ជាក់​​​ថា ​បច្ចុប្បន្ននេះ ក៏នៅតែ​ជា​កង្វល់​យ៉ាងខ្លាំង​របស់​មនុស្សជាតិ​ដែលទាមទារឱ្យមានការចូលរួមគោរព​ច្បាប់ ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា នោះទើបធានាបានសុវត្ថិភាពអាយុជីវិត៕

ដោយ ឈុន សារ៉ាត​