សម្ដេចតេជោនាយករដ្ឋមន្ត្រី ទទួលជួបឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូរ៉េ

AKP ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០១៩–ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាត ឱ្យឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ចូលជួប សម្ដែងការគួរសម នារសៀលថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានសន្តិភាព។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងក្រោយជំនួបនោះថា ក្នុងជំនួបនេះសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការអបអរសាទរ ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូរ៉េ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលសំខាន់នៅក្នុងជំនួបនេះ ក្រោយពីបានតែងតាំងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា  រួចហើយ គឺនៅពេលខាងមុខនេះនឹងមានកិច្ចប្រជុំកុំពូលរម្លឹកខួបអនុស្សាវរីយ៍ អាស៊ាន-កូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ ដែលកន្លងមកភាគីកូរ៉េក៏បានទទួលយកនូវគំនិតផ្តួចផ្តើមនេះ។ ស ម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូត្រូវខ្ពស់ អញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលទាំងពីរនេះ នៅសាធារណរដ្ឋកូរ៉េ ដែលសម្ដេចនឹងអញ្ជើញចេញដំណើរនៅថ្ងៃទី២៤ វិច្ឆិកាខាងមុខនេះ។ សម្ដេចតេជោពិតជាមានការរីករាយដែលភាគីកូរ៉េ ក៏ដូចជាប្រទេសមេគង្គ៤ ផ្សេងទៀត បានទទួលយកហើយសម្ដេចតេជោក៏បានមានប្រសាសន៍ផងដែរថា ស្ថាបនិកបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េគឺជារូបសម្ដេចផ្ទាល់ ហើយមកដល់ពេលនេះគឺមានការរីកចម្រើនយ៉ាងច្រើនលើគ្រប់វិស័យ រួមទាំងវិស័យការងារសម្រាប់ពលករកម្ពុជាផងដែរ ដែលមានប្រជាពលរដ្ឋខ្មែរប្រមាណជាង៥ម៉ឺននាក់ កំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េនាបច្ចុប្បន្ន។ សម្ដេចតេជោក៏បានជម្រាបជូនទៅឯកឧត្តមឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េថា សម្តេចនឹងជួបជាមួយបងប្អូនពលករនៅថ្ងៃទី២៤ ខែវិច្ឆិកានោះផងដែរ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតកូរ៉េក៏បានអរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយឯកឧត្តមក៏បានគូសបញ្ជាក់ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងនាមជាឯកអគ្គរដ្ឋទូតថ្មី ឯកឧត្តមនឹងបន្តធ្វើយ៉ាង ណាឲ្យកិច្ចសហប្រតិបត្តិការទ្វេភាគីបន្តមានភាពរីកចម្រើនថែមទៀត ជាពិសេសនឹងជំរុញធ្វើ យ៉ាងណាបន្តលើការអភិវឌ្ឍលើវិស័យផ្សេងៗ ដូចជាវិស័យពាណិជ្ជកម្មការវិនិយោគទេសចរណ៍ និងវិស័យផ្សេងៗទៀត។ ពាក់ព័ន្ធនឹងការដំឡើងកម្រិត នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មេង្គ-កូរ៉េ  ឱ្យទៅជាកម្រិតកិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលមេគង្គកូរ៉េ នោះអគ្គរដ្ឋទូតក៏បានកោតសរសើរសម្តេចតេជោនាយករដ្ឋមន្ត្រីនូវ គំនិតផ្តួចផ្តើមដ៏ឈ្លាសវៃរបស់សម្តេច។ សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍គូសបញ្ជាក់ដែរថា ថ្មីៗនេះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ នឹងផ្ដល់ជំនួយ១០លានដុល្លារអាម៉េរិក ដល់វិស័យដោះមីននៅកម្ពុជា។ សម្ដេចតេជោក៏បានមានប្រសាសន៍ផងដែរថា ចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េនៅមានសក្កានុពលជាច្រើនដែលយើងអាចជំរុញបន្ថែមទៀត  ធ្វើយ៉ាងណាឲ្យ មានការចរចាកិច្ចព្រមព្រៀងជំរុញការធ្វើពាណិជ្ជកម្មសេរីរវាងកម្ពុជានិងកូរ៉េឱ្យបានឆាប់ដើម្បីធ្វើយ៉ាងណាចាប់យកទីផ្សារកូរ៉េឱ្យបានច្រើនសម្រាប់ការនាំកសិផលកម្ពុជាទៅកាន់ទីផ្សារកូរ៉េ៕

ដោយ ជឹម ណារី