មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មមើលឃើញថា​ កម្ពុជានឹងទទួលផលចំណេញច្រើនពី​កិច្ចព្រមព្រៀងជាមួយចិន

AKP ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើឡើងថា​ កម្ពុជានឹង ទទួលបា​ននូវផលចំណេញច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ដែលអាច ឱ្យ​កម្ពុជា មានលទ្ធភាពនាំចេញបានកាន់តែធំជាងមុន។ ការលើកឡើងនេះ ក្នុងឱកាសដែល​ឯកឧត្ដមបានអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មានស្តីពី «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-ចិន» ដែលរៀបចំធ្វើឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅទីស្តី​​ការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។

​ ឯកឧត្តម ប៉ែន សុវិជាតិ បានគូសបញ្ជាក់ថា បើប្រៀបធៀបជាមួយប្រទេស​នៅក្នុង​អាស៊ានកម្ពុជាហាក់ដូចជាតូច ក៏ប៉ុន្តែប្រទេសកម្ពុជា នឹងអាចទទួលបានប្រយោជន៍ធំ បើសិន​ជាយើងធ្វើពាណិជ្ជកម្មសេរីជាមួយប្រទេសធំ ដូចជាប្រទេសចិននោះ។ ឯកឧត្តម​បានបន្ដថា បើទោះបីកម្ពុជាជាទីផ្សារតូច ប៉ុន្ដែជាទីផ្សារដែលប្រទេសចិនចាប់អារម្មណ៍។ ហើយកម្ពុជា​ក៏មានលទ្ធភាព នឹងនាំផលិតផលកសិកម្មមួយចំនួនធំទៅកាន់ប្រទេសចិន ដែលកន្លងមក​មិនអាចនាំចេញបានពេញទំហឹង។ ឯកឧត្តម​បានបន្ថែមថា​ កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន គឺធ្វើឡើងដើម្បីជំរុញបង្កើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ​ ហើយប្រទេស​ចិន​បានយកចិត្ដទុកដាក់មកលើទីផ្សារកម្ពុជា ដូច្នេះលទ្ធភាពក្នុងការធ្វើវិនិយោគ​របស់ប្រទេស​ចិន មកលើប្រទេសកម្ពុជា នៅតែមានបន្ដទៀត៕

ដោយ ចាន់ សុធីវង្ស