ឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ឈ្វេងយល់ ពីសកម្មភាពគ្រឿងញៀននៅខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ — ព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈប្រតិភូក្រុមការងារ SMCC (មជ្ឈមណ្ឌលសម្របសម្រួលសុវត្ថិ ភាពទន្លេមេគង្គ) មកពីប្រទេសចំនួន៦ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីផ្លាស់ ប្តូរព័ត៌មានពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសគ្រឿងញៀន បានបើកកិច្ចប្រជុំឈ្វេងយល់ ពីសកម្មភាពគ្រឿងញៀននៅខេត្តព្រះសីហនុ ក្រោមអធិបតីឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធាន គណ:ប្រតិភូ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាល ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ ស្វាគមន៍គណៈប្រតិភូ និងជម្រាបជូនពីភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្តព្រះ សីហនុ ជាខេត្តតំបន់ឆ្នេរ មានព្រលានយន្តហោះអន្តរជាតិ កំពង់ ផែទឹកជ្រៅ ផ្លូវដែក និងផ្លូវគោក ដែលរាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង។ ម្យ៉ាងទៀតដោយកម្ពុជាមានសុខសន្តិភាព សម្តេចតេជោ បានកៀរគរអ្នកវិនិយោគ មកកាន់កម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុ ធ្វើឱ្យខេត្តព្រះសីហនុមានការរីកចម្រើន។ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ មានវិនិយោគជាង២០០ក្រុមហ៊ុន ស្រូបយកកម្លាំងពលកម្មជាង៨ម៉ឺននាក់ មានកាស៊ីណូជាង៧០ ស្រូបយកកម្លាំងពលកម្មជាង ៣ម៉ឺននាក់ ។

ឯកឧត្តមបានបន្តថា ខេត្តមានការរីកចម្រើនលើអចលនទ្រព្យ មានសំណង់អគារខ្ពស់ជាច្រើន ដែលអាចបញ្ជាក់ថា ជាខេត្តរីកលូតលាស់ផ្នែកសំណង់ ទន្ទឹមនោះវាក៏មានផលប៉ះពាល់មួយចំនួន ផ្នែកសន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធ ខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ បច្ចុប្បន្នក្លាយជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ធ្វើឱ្យមានការខូចខាតផ្លូវថ្នល់ជាច្រើន  រាជរដ្ឋាភិបាលកម្ពុជាបានទម្លាក់កញ្ចប់ ថវិកាក្នុងការស្ថាបនាផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ដែលបានបើកការដ្ឋានកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមកថ្មីៗនេះ ក្រោមអធិបតីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការដឹកជញ្ជូន និងលើកកម្ពស់សោភណភាពបរិស្ថាន។ ដោយសារកំណើន នៃលំហូរចូលប្រជាពលរដ្ឋ អ្នកវិនិយោគ និងភ្ញៀវទេសចរ បានជំរុញសេដ្ឋកិច្ចខេត្តព្រះសីហនុមានការរីកចម្រើន ក៏ប៉ុន្តែវាក៏មានផលប៉ះពាល់ខ្លះ ដែលយើងត្រូវការស្វែងយល់ពីវប្បធម៌ ប្រពៃណី និងចូលរួម អនុវត្តន៍ច្បាប់កម្ពុជា។ ចំពោះបញ្ហាគ្រឿងញៀននៅខេត្តព្រះសីហនុ មានបញ្ហាប្រឈមខ្លះ ដោយសារតែប្រជាពលរដ្ឋចំណាកស្រុកមករកការងារធ្វើអ្នកវិនិយោគ និងអ្នកទេសចរ តាមរយការអូសទាញរបស់មិត្តភក្តិធ្លាក់ខ្លួនក្នុងការប្រើប្រាស់ ចែកចាយគ្រឿងញៀន។ អាជ្ញាធរខេត្តព្រះសីហនុ ក៏បានធ្វើការអប់រំ ផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀន ដល់យុវជនដែលធ្វើចំណាកស្រុក ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ ការចែកចាយគ្រឿងញៀនកាន់តែមានប្រសិទ្ធភាពថែមទៀត។

ឯកឧត្តម អភិបាកខេត្ត សូមការគាំទ្រ ក្នុងកិច្ចសហការ ផ្តល់ព័ត៌មានទាក់ទិន នឹងការចែករំលែកព័ត៌មាន ទៅវិញទៅមកដល់ប្រជាពលរដ្ឋ អាស៊ានរស់នៅប្រកបដោយ សុខដុមរមនីយកម្ម ក្នុងតំបន់អាស៊ាន ។

លោក គង់ វិតាណ: អភិបាលរងខេត្ត និងជាប្រធាន គណ:កម្មាធិការត្រួត ពិនិត្យគ្រឿងញៀនខេត្តបានឱ្យដឹងថា រយ: ពេល ១០ខែ ដើមឆ្នាំ២០១៩ អាជ្ញាធរគ្រឿង ញៀនខេត្ត បានធ្វើការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្សានុសិស្សបានចំនួន ៦.១៨៦នាក់ ស្រី ៣.៣៣៦ នាក់ ។ បង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ១២៨ ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ២៥៧នាក់ ស្រី ២១នាក់ ក្នុងនោះជនបរទេសចំនួន ២៦នាក់ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង អ.ជ.ប.គ.ញ និងជាប្រធានគណ:ប្រតិភូ បានដឹកនាំប្រតិភូ អ.ជ.ប.គ.ញ ៦ប្រទេស រួមមាន ប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងប្រទេសវៀតណាម បានថ្លែងអំណរគុណរដ្ឋ បាលខេត្តព្រះសីហនុ ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូចូលជួបឈ្វេងយល់ និងធ្វើកិច្ចការមួយចំនួន នេះក៏មិនមែនលើកទី១ទេ  ដែលគណ:កម្មាធិការត្រួតពិនិត្យគ្រឿង ញៀនបានធ្វើការងារ កន្លងមកជាមួយអាជ្ញាធរខេត្ត ព្រមទាំងបានវាយតម្លៃ នៃកិច្ចសហប្រតិបត្តិការ ចែករំលែកព័ត៌មាន និងការទប់ស្កាត់ បង្ក្រាបគ្រឿងញៀនកន្លងមកទទួលបានលទ្ធផលល្អ។ គណ:កម្មាធិការត្រួត ពិនិត្យគ្រឿងញៀនខេត្តបានធ្វើការអប់រំ ផ្សព្វផ្សាយដល់យុវជន បង្កើតសហគមន៍ស្តារនីតិសម្បទា អ្នកញឿនគ្រឿងញៀនក្នុងក្របខ័ណ្ឌអាស៊ាន ដោយយកចិត្តទុកដាក់លើការអនុវត្តច្បាប់ ពិសេសការពិនិត្យ ទឹកនោមលើអ្នកបើកបររថយន្ត គ្រប់ប្រភេទ បុគ្គលិកនៅតាមក្លិបកម្សាន្តនានា។

ឯកឧត្តមឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបន្តថា គណៈ ប្រតិភូមកកាន់ខេត្តព្រះសីហនុហនុ ក្នុងគោលបំណងឈ្វេងយល់ ការសម្របសម្រួលសុវត្ថិភាពចរាចរណ៍គ្រឿងញៀន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសគ្រឿងញៀន ដែលប្រទេសអាស៊ាន ផ្តួចផ្តើមនៅឆ្នាំ២០១៣ មាន៤ប្រទេស ក្នុងនោះមានប្រទេសថៃ ភូមា ឡាវ និងប្រទេសចិន ហើយប្រទេសកម្ពុជា ក៏បានចូលរួមនៅឆ្នាំ២០១៥ ដោយបង្កើតផែនការ យុទ្ធសាស្ត្រចំនួន៧ និងគោលដៅត្រួតពិនិត្យចំនួន៤ សំដៅទប់ស្កាត់ការផលិត ការចែកចាយ ចេញពីតំបន់ត្រីកោណមាស ជាប់ព្រំដែនប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា សំដៅទប់ស្កាត់ ការធ្វើចរាចរណ៍គ្រឿងញៀនចេញពីតំបន់ត្រីកោណមាសតាមទន្លេមេគង្គ និងការទប់ស្កាត់ កាត់បន្ថយសារធាតុគីមីផ្សំគ្រឿងញៀនក្នុងតំបន់អាស៊ាន៕

ដោយ ងូ សុមុនី