កីឡាការិនីឆ្នើម កែ ឡេង និងយុវជន ឃួន លីហ័រ ឡើងវគ្គ១/៤ខណៈវិញ្ញាសាជាក្រុមរបស់ កម្ពុជាក៏ឆ្លងផុតវគ្គជម្រុះបន្តបន្ទាប់

AKP ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ — ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ឆ្នាំ២០១៩ នៅកម្ពុជា គឺវីរកីឡាការិនីដ៏ឆ្នើម កែ ឡេង និងយុវជន ឃួន លីហ័រ ដែលប្រកួតលើវិញ្ញាសាវាយយកពិន្ទុ (Shooting) ធ្វើបានល្អដូចគ្នា ដោយបានកក់កៅអីសម្រាប់ការប្រកួតនៅវគ្គ១/៤ ជាបន្តទៀត ខណៈក្រុមស្ត្រី និងក្រុមយុវជនលើវិញ្ញាសា៣នាក់ទល់៣នាក់ ក៏ធ្វើបានល្អឡើងទៅប្រកួត នៅជុំបន្ត។

សម្រាប់អ្នកស្រី កែ ឡេង លើវិញ្ញាសាវាយយកពិន្ទុ គឺលេងតែ១ប្រកួតដំបូងប៉ុណ្ណោះ ដែលមានពិន្ទុខ្ពស់ជាងគេឈរលេខ១ ដោយទទួល៣៨ពិន្ទុ ក្នុងចំណោមគូប្រជែង៤៣ប្រទេស ដោយសារភាពល្អ ផ្តាច់គេរបស់អ្នកស្រី កែ ឡេង គឺរង់ចាំប្រកួតបន្ត នៅវគ្គ១/៤ តែម្តង។ ចំពោះកីឡាករយុវជន ឃួន លីហ័រ លើវាយយកពិន្ទុ ក៏ឈ្នះការប្រកួតជម្រុះជុំទី២ ហើយបាន​ឡើងមក ១/៤ ដែរ។

ដោយឡែកសម្រាប់វិញ្ញាសាជាក្រុម ៣នាក់ទល់៣នាក់ ក្រុមយុវជនកម្ពុជា១ក្រុម ដែល​មានកីឡាករ ឃួន លីហ័រ, ភាព វ៉ាឃីម, កុយ សុភ័ក្ត្រា និងគង់ កែវសុខាន់ គឺបានឈ្នះដាច់​លើក្រុមយុវជនប្រទេសលីទុយអានី ដោយលទ្ធផល ១៣ពិន្ទុទល់០។ ចំពោះក្រុមកម្ពុជា​មួយទៀត ដែលមានកីឡាករ ទីវ រដ្ឋា, ហេង ស៊ីណា, វ៉ាន់ ភារុណ និង វុទ្ធ យុទ្ធចាន់ដារ៉ា បានវាយបកយកឈ្នះក្រុមយុវជនអង់គ្លេស បានយ៉ាងល្អ នៅក្នុងពិន្ទុ ១៣ទល់៩។ វិញ្ញាសា​ជាក្រុម ៣នាក់ទល់៣នាក់ របស់កម្ពុជាកំពុងឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញនៅឡើយ ដើម្បី​ប្រជែងកៅអីវគ្គបន្ដ។ ជាមួយគ្នានេះ ក្រុមកីឡាការិនីប៉េតង់កម្ពុជា ក្រុមទី២ បានធ្វើឱ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង ក្រោយវាយបកឈ្នះក្រុម កីឡាការិនីម៉ាដាហ្កាស្កា ដោយ​លទ្ធផល ១៣-១២ពិន្ទុ ក្នុងការប្រកួតជើងឯកប៉េតង់ពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ខណៈក្រុមកីឡាការិនីកម្ពុជា (ក្រុមទី១) ដែលមានការចូលរួមពីវីរកីឡាការិនី កែ ឡេង ក៏បាន​យកឈះក្រុមកីឡាការិនីមីយ៉ាន់ម៉ា ១៣-៤ពិន្ទុផងដែរ។ ដោយឡែកក្រុមទី១ របស់កម្ពុជា ដែលប្រជុំដោយកីឡាការិនីជើងខ្លាំង ក៏ដណ្ដើមបានកៅអីជុំទី៣ ដូចគ្នា ក្រោយពីយក​ឈ្នះក្រុមកីឡាការិនីមីយ៉ាន់ម៉ា ១៣ទល់៤ពិន្ទុ។ សមាសភាពក្រុមទី១កម្ពុជានេះ គឺមានម្ចាស់​មេដាយ​មាស៣សម័យកាល កែ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និងកីឡាការិនី កែវ សុវណ្ណា។

ចំពោះក្រុមកីឡាការិនីប៉េតង់កម្ពុជា ក្រុមទី២ ធ្វើបានយ៉ាងល្អបំផុត ដោយបានយក​ឈ្នះក្រុមម៉ាដាហ្កាស្កា ១៣-១២ពិន្ទុ ក្រោយពីក្រុមម៉ាដាហ្កាស្កាបានបើកការនាំមុខកម្ពុជា ១០-០ពិន្ទុ។ ក្រុមទី២កម្ពុជាបន្ដទៅជុំទី៣ ដែលសមាសភាពកីឡាការិនី ៤រូប គឺកីឡាការិនី ស្រ៊ាង សុរ៉ាឃីម, ដួង ឌីណា, ឃួន យ៉ារី និងកីឡាការិនី បង ចន្ថា៕

ដោយ ហេង ណាលីន