ប្រធាន​មន្ទីរទេសចរណ៍​ខេត្ត​សៀមរាប​បង្ហាញថា ស្រ្តីប្រមាណ​៦០ភាគរយ បាន​កំពុងបម្រើការងារក្នុងវិស័យទេសចរណ៍នៅ​ខេត្ត​សៀមរាប

AKP សៀមរាប ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ — លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរទេសចរណ៍​ខេត្តសៀមរាប​ បាន​ថ្លែង​នៅ​ក្នុង​សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី​ស្រ្តីសហគមន៍ និងវិស័យទេសចរណ៍ នៅខេត្តសៀមរាប​ នាព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា បច្ចុប្បន្ននេះស្រ្តីជាច្រើន​បានកំពុងតែបម្រើការងារក្នុង​វិស័យទេសចរណ៍ដូចជានៅតាមសណ្ឋាគារ ទីភ្នាក់ងារទេសចរណ៍ ភោជនីយដ្ឋាន សហគមន៍ទេសចរណ៍ និង​នៅតាមកន្លែងផ្តល់សេវាទេសចរណ៍ផ្សេងៗជាច្រើនទៀត។

លោកបន្តថា ស្រ្តីទាំង​នោះ​មាន​មួយចំនួនមានតួនាទីធំៗក្នុងស្ថាប័នឯកជន ដោយ ទទួលបានប្រាក់កម្រៃប្រចាំខែខ្ពស់ផងដែរ។ ក្រៅពីនេះ ស្រ្តីដែល​កំពុងបម្រើការងារនៅក្នុង​វិស័យទេសចរណ៍ទាំង​អស់​ ក៏ទទួលបាន​ការលើកទឹកចិត្ត និងលើកកម្ពស់សិទ្ធិទទួលបាន ឱកាសជាច្រើនសម្រាប់បញ្ចេញសមត្ថភាព និងការកសាងកិត្តិយសជូនជាតិផងដែរ។

លោក ង៉ូវ សេងកាក់ បានបញ្ជាក់ទៀតថា រហូតមកដល់បច្ចុប្បន្ននេះ នៅក្នុង​ខេត្ត​សៀមរាប​មាន​ស្រ្តីប្រមាណ​៦០ភាគរយ បាន​កំពុងបម្រើការងារនៅក្នុងវិស័យទេសចរណ៍ ក្នុង​ខេត្ត​មួយនេះ ដោយនៅតាមសហគមន៍មានច្រើនជាងគេ។

លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បាន​មាន​ប្រសាសន៍ថា ស្រ្តីពិតជាមាន​តួនាទីយ៉ាង​សំខាន់ក្នុងវិស័យទេសចរណ៍ ជាពិសេសការងារផ្តល់សេវាកម្ម ជូនភ្ញៀវទេសចរ ហើយស្រ្តីខ្លះគាត់ជាអ្នកអុំទូកដឹកភ្ញៀវទេសចរកម្សាន្តនៅតាមរមណីដ្ឋាន អ្នកខ្លះជាអ្នកបើកបរ ជាអ្នកធ្វើការនៅតាមសណ្ឋាគារ ទីភ្នាក់ងារទេសចរណ៍ ភោជនីយដ្ឋាន សហគមន៍ទេសចរណ៍ និងហាងម៉ាស្សាជាដើម។

លោកជំទាវ បានអំពាវនាវសូមកុំឱ្យមានការរើសអើងចំពោះស្រ្តីក្នុងការងារម៉ាស្សា ដោយ លោកជំទាវពន្យល់ថា ស្រ្តីដែលធ្វើការនៅហាងម៉ាស្សា មិនមែនសុទ្ធតែជាស្រ្តី ដែលមិនល្អនោះទេ តាមពិតពួកគាត់មួយចំនួនធំ គឺជាមនុស្សត្រឹមត្រូវ ដែលត្រូវតែឱ្យតម្លៃ ពួកគាត់។ ជាមួយគ្នាលោកជំទាវក៏បានស្នើដល់ស្រ្តីដែលបម្រើការងារនៅហាងម៉ាស្សា ទាំងអស់ត្រូវធ្វើឱ្យត្រឹមត្រូវឱ្យសមជាស្រ្តីខ្មែរទើបគេឱ្យតម្លៃ។ ចំពោះក្រសួងទេសចរណ៍វិញ តែងតែគាំទ្រលើកទឹកចិត្តដល់ស្រ្តី ដែលកំពុងបម្រើការងារនៅក្នុងវិស័យទេសចរណ៍ជានិច្ច ឱ្យតែពួកគាត់អនុវត្តន៍ឱ្យបានត្រឹមត្រូវទៅតាមច្បាប់កំណត់៕

ដោយ ឃុត សៅ