ប្រមុខរាជរដ្ឋាភិបាលអះអាងសារជាថ្មីថា កម្ពុជាមិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះ ដូរជាមួយនិងជំនួយ ឬភាពអនុគ្រោះណាមួយនោះបានឡើយ

AKP ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ប​ញ្ជា​ក់​អះ​អាង​សារជាថ្មីថា កម្ពុជាមិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយនិងជំនួយ ឬ​ភាព អនុគ្រោះណាមួយនោះបានឡើយ។

ក្នុងពិធីសម្ពោធ អគារឥ​ន្ទ្រ​ទេវី របស់រាជបណ្ឌិ​ត្យ​សភា​កម្ពុ​ជា រួមទាំងអបអរ​សា​ទរ​ខួ​ប​ ២​០​​​ឆ្នាំ នៃការបង្កើតរាជ្យបណ្ឌិត្យ​ស​ភាក​ម្ពុ​ជា និងការប្រ​គ​ល់ស​ញ្ញាបត្រ នាព្រឹកថ្ងៃទី២១ ខែ ​វិច្ឆិ​កា ​ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស​ម្តេ​ចតេជោ​ ​ហ៊ុន សែន បានថ្លែងថា  ​រាជរដ្ឋាភិបាល មិនចង់ឱ្យមានការបាត់បង់ប្រព័ន្ធអនុ​គ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ-EBA» នោះទេ ប៉ុន្តែបើបាត់ EBA ក៏កម្ពុជានៅ​តែរក​​ស៊ីបាន និងរកស៊ីដោយថ្លៃថ្នូរ ដោយគ្មានការគំរាមថែមទៀត។ សម្ដេចតេជោនាយករដ្ឋ​មន្ត្រី​គូសបញ្ជា​ក់​ថា «បើគេដក EBA គេឱ្យយើងបង់ពន្ធ យើងបង់ពន្ធឱ្យគេទៅ ព្រោះ EBA គង់តែ​បា​ត់ដ​ដែ​ល បើ​គេមិនអនុគ្រោះលើយើងហើយ ដែលបាត់ផ្សារ និងបាត់ EBA វាខុសគ្នា។ ចំពោះEBA នៅពេល​ណា​មួយ​វាគង់នឹងបាត់ទេ នៅពេលដែល​សេដ្ឋកិច្ចយើងកើន​ឡើង ក្នុងប្រទេសអាស៊ានទាំង១០ គេ​ឱ្យ​​តែ៣ប្រទេសទេកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ហើយ​មីយ៉ាន់ម៉ាក៏គេគំរាមដែរ អញ្ចឹង​សម្រា​ប់​យើង​បានត្រៀមខ្លួនតាំងពី​ខែ​មីនាមក។” សម្តេចតេជោ នាយករដ្ឋមន្ត្រីបានបន្ថែមថា យើងមិនចង់ឱ្យបា​ត់ទេ ប៉ុន្តែធ្វើម៉េចបើគាត់យកអាហ្នឹង (EBA) មកដោះដូរជាមួយនឹងច្បាប់ ជាមួយនឹង​ឯក​រាជ្យ​របស់យើងហើយ យើងក៏មិនអាចទទួល យក បានដែរ។ ទន្ទឹមនេះ បើគេឱ្យបង់ពន្ធយើងបង់​ព​ន្ធ​ឱ្យ​គេទៅ គ្រាន់តែពីមុនវាចំណេញច្រើន តែ​ពេលយើងបង់ពន្ធវាចំណេញតិចជាង តែវានៅ​តែ​ចំ​ណេ​ញ ហើយក៏ថ្លៃថ្នូរដែរ គេមិនយក EBA មកគំរាមយើងទៀតបានទេ។ សម្តេចតេជោបានថ្លែង​ទៀត​ថា រឿងបង់ពន្ធនៅអឺរ៉ុបនេះ​នៅ​ឆ្នាំ២០២៥ ឬ ២០២៦ គឺកម្ពុជាយើងត្រូវតែ​បង់​ពន្ធ​ឱ្យ​អឺ​រ៉ុប​ជា​ស្វ័យប្រវត្តិ ដោយសារតែសេដ្ឋកិច្ច​កម្ពុជារីកចម្រើន។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា អាគារ​ឥន្ទ្រ​ទេវី ​នេះ​​មា​ន​កម្ព​ស់បីជា​ន់​ ស្មើនឹង១៨ម៉ែត្រ​ ​មានបណ្ដោយប្រវែ​ង​៤០​ម៉ែត្រ ទទឹង​១៧ម៉ែត្រ មាន​បន្ទប់ចំនួន២៤ ដែលក្នុងនោះប្រើជាបន្ទប់ការិយាល័យ១ បន្ទប់ប្រជុំខ្នាត​តូច១ បន្ទប់ការពារ​និ​ក្ខេ​​បបទ១ បន្ទប់សិក្សាចំនួន១៨ បន្ទប់ Lab ចំនួន២ និងសាលសន្និសីទ​(សាលសហសិក្សា)១។ ឯកឧត្ដមបណ្ឌិតបន្ដថា បន្ទប់នីមួយៗមានបំពាក់សម្ភារ​សម្រាប់សិក្សា​រៀនសូត្រ មានជាអាទិ៍ តុសិស្ស តុគ្រូ LCD កង្ហា​រ ម៉ាស៊ីនត្រជាក់ និងអំពូលម៉ែត្រ ជាដើម​ដោយចំណាយថវិកាអស់ចំនួន១.៥៤៦.៩៤​៤​.​៣​០​ដុល្លារអាម៉េរិក។​ អគារ​ឥន្ទ្រ​ទេវី ជាសមិទ្ធ ផល​ថ្មី​មួយស​ម្រា​ប់រា​ជប​ណ្ឌិត្យស​ភាក​ម្ពុជា ដែ​ល​ជា​កន្លែងប្រមូលផ្តុំដោ​យ​ធន​ធា​នបញ្ញា សម្រាប់បម្រើការងារជាឧត្ត​ម​ប្រ​យោជ​ន៍ដ​ល់សង្គ​ម​ជា​តិ​។ អគារនេះ គឺជាក​ន្លែ​ងបណ្តុះ​បណ្តាល​និ​ស្សិតថ្នាក់បរិញ្ញាបត្រជា​ន់​ខ្ពស់ (អនុបណ្ឌិត) លើ​គ្រ​ប់​​មុខជំនាញ​​ ជាមជ្ឈមណ្ឌល​បក​ប្រែ​​ភា​សា​​បរ​ទេសនិងជាកន្លែងស្រាវ​ជ្រា​វប្រមូលផ្តុំបញ្ញវន្ត ​តា​មរយៈ​ការ​រៀប​ចំ​សិក្ខា​សាលា ​សន្និ​សីទ និងកម្មវិធីតុ​មូ​លផ្សេ​ង​ៗ សម្រាប់បញ្ញវន្ត​ធ្វើ​ការវិ​ភា​គ​​អំ​ពីប​ញ្ហាសង្គម នយោ​បាយ សេដ្ឋកិច្ច បច្ចេកវិទ្យាទំនើបៗរប​ស់​ពិភព​លោក​ថ្មីៗ។ ឯកឧត្ដមបណ្ឌិតបានបន្ថែមថា អគារនេះ ក៏​ប​ម្រើ​​ដល់បញ្ញវន្ត​ទាំ​ងខា​ងផ្នែក​វិទ្យា​សាស្រ្តពិ​ត និង​វិ​ទ្យាសាស្រ្តសង្គម ដើម្បីឱ្យ​បញ្ញវន្ត​ទាំង​ឡា​យ​បា​នប​ង្ហាញស្នាដៃ​រប​ស់ខ្លួ​ន សម្រាប់ការរួមចំណែកក្នុ​ង​ការ​អភិវ​ឌ្ឍស​ង្គម​ជា​តិ៕

ដោយ ជឹម ណារី