នាយករដ្ឋមន្រ្តីវៀតណាមវាយតម្លៃខ្ពស់ ចំពោះភាពជាដៃគូគ្រប់ជ្រុងជ្រោយ ជាមួយសហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ — នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានប្រាប់ទៅរដ្ឋមន្រ្តីក្រសួង​ការពារ​ជាតិ អាមេរិកលោក Mark Esper ក្នុងឱកាសទទួលបដិសណ្ឋារកិច្ចនៅទីក្រុង​ហាណូយ​ប្រទេសវៀតណាមថា វៀតណាមវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយ​សហរដ្ឋ​អាមេរិក ដោយចាត់ទុកវាជាដៃគូដ៏សំខាន់មួយរបស់ប្រទេស។

នាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងរដ្ឋមន្រ្តីក្រសួង​ការពារជាតិ វៀតណាមលោក ង៉ោ ស្យុងលីច (Ngo Xuan Lich) រដ្ឋមន្រ្តីក្រសួងការពារជាតិ​វៀត​ណាម ក៏ដូចជាលទ្ធផលជាក់ស្តែង និងប្រសិទ្ធភាពនៃទំនាក់ទំនងការពារជាតិទ្វេភាគី​នៅក្នុង​ក្របខ័ណ្ឌនៃភាពជាដៃគូនិងកិច្ចព្រមព្រៀងទ្វេភាគីទ្វេភាគីដោយមេដឹកនាំនៃប្រទេសទាំងពីរ។

ដោយអះអាងថា រដ្ឋាភិបាលវៀតណាមគាំទ្រដល់ទំនាក់ទំនងការពារជាតិទ្វេភាគី​ លោក​បានស្នើឱ្យ វិស័យការពារជាតិទាំងពីរ ចាត់វិធានការដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀង​ដែលបានចុះហត្ថលេខារួមទាំងសេចក្តីថ្លែងការណ៍រួមរវាងមេដឹកនាំនៃប្រទេសទាំងពីរ។

លោកបាននិយាយថា ប្រទេសវៀតណាមនឹងបន្តធ្វើជាដៃគូពេញលេញ និងប្រកប​ដោយ​ប្រសិទ្ធភាពជាមួយសហរដ្ឋអាមេរិក ក្នុងការស្វែងរកទាហានដែលបាត់ខ្លួនក្នុង​បេសកកម្ម។

កិច្ចសហប្រតិបត្តិការការពារជាតិ ជាមូលដ្ឋានគ្រឹះមួយសម្រាប់ទំនាក់ទំនងវៀតណាម- អាមេរិក ដែលរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព ការពង្រឹងនាវាចរណ៍ និង​សេរីភាព​​អាកាសចរណ៍នៅ សមុទ្រខាងកើត ដោយលោក Esper បានអះអាងថា អាមេរិកចង់​ជំរុញថែមទៀតលើកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងការពារជាតិជាមួយវៀតណាម ដើម្បីសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

លោកបានថ្លែងអំណរគុណចំពោះវៀតណាម ដែលបានជួយអាមេរិកក្នុងការស្វែងរក​ទាហានដែលបាត់ខ្លួនក្នុងសកម្មភាពក្នុងសម័យសង្គ្រាម នឹងបានសន្យាបន្តជួយវៀតណាម​ក្នុងកិច្ចការនេះ ក៏ដូចជាបង្កើនការបន្សាបជាតិពុលឌីអុកស៊ីតជាដើម។
តាងនាមជាភ្ញៀវ សូមសម្តែងការត្រៀមខ្លួនគាំទ្រវៀតណាម​ក្នុងបេសកកម្មរក្សា​សន្តិភាព​របស់អង្គការសហប្រជាជាតិ និងពង្រីកការងាររួមគ្នាក្នុងវិស័យផ្សេងទៀត។

ថ្លែងអំពីសារៈសំខាន់នៃឆ្នាំ២០២០ នៅពេលដែលវៀតណាមទទួលបានតួនាទី​ជា​ប្រធាន​អាស៊ាន ហើយប្រទេសទាំងពីរអបអរសាទរខួបលើកទី២៥ នៃការធ្វើឱ្យប្រក្រតីនូវ​ចំណងទ្វេភាគីលោកបាននិយាយថា សហរដ្ឋអាមេរិកសង្ឃឹមថា នឹងជួយយ៉ាងសកម្មដល់​ប្រទេសវៀតណាម ដើម្បីបំពេញភារកិច្ចដែលបានប្រគល់ឱ្យ។
សហរដ្ឋអាមេរិកវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយប្រទេសវៀតណាម នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសនេះ។

នាយករដ្ឋមន្រ្តីវៀតណាមស្នើថា ភាគីទាំងពីរបន្តផ្តល់ការពិគ្រោះយោបល់ និងគាំទ្រគ្នា​ទៅ​វិញទៅមក នៅវេទិកាពហុភាគីជាពិសេសនៅវេទិកាដែលរៀបចំឡើងដោយអាស៊ាន នឹង​គាំទ្រវេទិកាការពារជាតិដែលរៀបចំឡើងដោយក្រសួងការពារជាតិវៀតណាមនៅឆ្នាំក្រោយ៕

(ប្រភព VNA: បកប្រែដោយលោក មាស សំអុល)