អភិបាលរងខេត្តបាត់ដំបង ជួបពិភ្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក

AKP បាត់ដំបង ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ — នៅថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងអភិបាលខេត្តបាត់ដំបង បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត ប្រធាន អនុប្រធាន មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត មន្ទីរទេសចរណ៍ខេត្ត មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ច និងជំនួបពិភាក្សាដោយផ្តោតសំខាន់ទៅកម្មវិធីអប់រំ ការទំនាក់ទំនងជាមួយយុវជន កម្មវិធីកិច្ចការពារកុមារ និងអនីតិជន និងកម្មវិធីកសិកម្មផងដែរ ។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម W.Patrick Murphy ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសូមស្វាមគមន៍យ៉ាងកក់ក្តៅ ព្រមទាំងថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ ដែលអញ្ជើញមកកាន់ខេត្តបាត់ដំបង ។លោក សឿម ប៊ុនរិទ្ធិ បានជម្រាបជូនថា កន្លងមករដ្ឋបាលខេត្ត និងរូបលោកផ្ទាល់បានចូលរួមកម្មវិធីរបស់សហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ិនតោន ស្តីពីទីក្រុងវៃឆ្លាតបណ្តាញអាស៊ាន ដែលមានកម្មវិធីជាផ្លូវការឈ្មោះថា ភាពជាដៃគូទីក្រុងវៃឆ្លាតអាស៊ាន និងសហរដ្ឋអាមេរិក ដែលមានការចូលរួមពី ថ្នាក់ដឹកនាំបណ្តាក្រុងនៅក្នុងប្រទេសអាស៊ានទាំងអស់អញ្ជើញចូលរួមចំនួន ២៦ក្រុង ហើយកម្មវិធីនេះធ្វើឡើងដោយក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ។

លោកអភិបាលរងខេត្តបានជម្រាបបន្ថែមទៀតថា កម្មវិធីភាពជាដៃគូទីក្រុងវៃឆ្លាតអាស៊ាន និងសហរដ្ឋអាមេរិក មានគោលបំណងដើម្បីជំរុញការរីកចម្រើន ទំនាក់ទំនងឧស្សាហកម្មអាស៊ាន និងសហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិកបានចែករំលែកបទពិសោធន៍ ភាពជោគជ័យក្នុងបណ្តាញទីក្រុងវៃឆ្លាតអាស៊ាន ដើម្បីឱ្យឈ្វេងយល់នូវបច្ចេកវិទ្យាថ្មីៗ ដែលសហរដ្ឋអាមេរិក កំពុងប្រើប្រាស់ និងទើបរកឃើញថ្មីផងដែរ ។

បន្ទាប់ជំនួបពិភាក្សា និងរឹតចំណងមិត្តភាព ភាពជាដៃគូរវាងរដ្ឋបាលខេត្តបាត់ដំបង និងសហរដ្ឋអាមេរិក រួចមកគណៈប្រតិភូបានប្រគល់ជូននូវវត្ថុអនុស្សាវរីយ៍ទៅវិញទៅមក និងបន្តទស្សនាអគារសារមន្ទីរសាលាខេត្តបាត់ដំបងចាស់ ព្រមទាំងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕

ដោយ ណយ នឿន (ប្រភពៈ រដ្ឋបាលខេត្តបាត់ដំបង)