អតីតប្រធានាធិបតីទីម័រខាងកើតចាត់ទុកសន្តិភាពនៅកម្ពុជាគឺជាសន្តិភាពពិត ដែលជាគំរូដ៏ល្អ សម្រាប់ប្រទេសដទៃទៀតនៅទូទាំងពិភពលោក

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តម ខេរ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmao) អតីត​ប្រធានាធិបតី​ទីម័រខាងកើតបានចាត់ទុកសន្តិភាពនៅកម្ពុជាគឺជាសន្តិភាពពិត ដែលជាគំរូដ៏ល្អ សម្រាប់​ប្រទេស​ដទៃទៀត នៅ​ទូទាំងពិភពលោក។ ការលើកឡើងរបស់ឯកឧត្ដមអតីត​ប្រធានាធិបតី​ទីម័រខាងកើតក្នុងខណៈដឹកនាំគណៈប្រតិភូមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនៅកម្ពុជា និងបានចូលជួបសម្ដែងការគួរសមជាមួយសម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុ​ជា​ កាលពីព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ​២០​១​​៩​ នៅវិមាន​សន្តិភាព។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងឱ្យដឹងថា ក្នុងជំនួ​ប​នោះ ឯកឧត្តម Gusmao បានលើកឡើងថា ឯកឧត្តមធ្លាប់បានមកកាន់កម្ពុជា​ជាច្រើន​លើ​ក​ហើ​យ ដោយបានសង្កេតឃើញថា កម្ពុជាមានការរីកចម្រើនដ៏អស្ចារ្យ។ ឯកឧត្តមបាន​បញ្ជាក់​ថា ឯកឧត្តមជាបេសកជនពិសេសមួយរូបនៃ​ក្រុ​ម  G7+ ហើយនៅដើមឆ្នាំ២០២០​ខាងមុខនេះ នឹងមានកិច្ចប្រជុំជាន់ខ្ពស់នៅប្រទេសរវ៉ាន់​ដា​ ទ្វីបអាហ្វ្រិក។ ឯកឧត្តមបន្តថា ទិដ្ឋភាពនៅ អាហ្វ្រិក និងនៅអាស៊ីប៉ាស៊ីហ្វិក មានការខុស​គ្នា​ច្រើន​។ ឯកឧត្តមបន្តថា ប្រទេសតំបន់ អាហ្វ្រិក ពិតជាត្រូវការជំនួយ សម្រាប់ការបង្រួប​ប​ង្រួម​ជា​​តិ ពីប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា  កន្លងមកនេះ កម្ពុជាបាន​ខិ​តខំប្រឹងប្រែងដល់ទីម័រខាងកើត ដើម្បីក្លាយជាសមាជិកសមាគមអាស៊ាន ហើយសម្តេច​សង្ឃឹ​មថា នៅឆ្នាំ២០២០ខាងមុខនេះ ក្នុងឱកាសវៀតណាម ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូល​អា​ស៊ា​​ន ទីម័រខាងកើត អាចក្លាយជាសមាជិកអាស៊ាន។  សម្តេចតេជោបានបន្តថា កម្ពុជាអាច ជួយទីម័រ​ខា​ងកើត ក្នុងការកសាងសមាសភាព ដើម្បីឱ្យទីម័រខាងកើត ក្លាយជាសមាជិក ពាណិជ្ជកម្មពិ​ភព​លោក។ ពាក់ព័ន្ធនឹងកិច្ចប្រជុំ ឆ្នាំ២០២០ នៅប្រទេសរវ៉ាន់ដានោះ សម្តេច​តេជោ​បានមាន​ប្រ​សា​ស​ន៍​​បញ្ជាក់ថា នៅពេលមានការអញ្ជើញជាផ្លូវការ សម្តេចនឹងពិចារណា ក្នុងការចូលរួមក្នុង​កិច្ច​ប្រ​ជុំនោះ ដើម្បីចែករំលែកពីបទពិសោធន៍របស់កម្ពុជា ហើយកម្ពុជា​ក៏អាចរៀនសូត្រ ពីបណ្តា​ប្រ​​ទេស​ផ្សេងទៀតផងដែរ៕

ដោយ ជឹម ណារី