សម្តេចតេជោ ហ៊ុន សែន ទទួលជួបប្រធានសភាប្រទេសបង់ក្លាដែស

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាតឱ្យលោកជំទាវ Shirin Sharmin Chaudhury ប្រធានសភាប្រទេសបង់ក្លាដែស និងគណៈប្រតិភូចូលជួបសម្ដែងការគួរសម នា​ព្រឹកថ្ងៃពុធ ៩រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១​៩​ នៅវិមានសន្តិភាព។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់អ្នកយកព័ត៌មាន​ក្រោ​យ​​ជំនួប​នោះថា  សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអរគុណលោកជំទាវ​ប្រធានសភាប្រទេស​បង់ក្លាដែស ដែលបានដឹកនាំប្រតិភូ​ម​កចូល​រួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនៅកម្ពុជា ហើយ​សម្ដេចក៏បានមានប្រសាសន៍​គូសប​ញ្ជា​ក់ថា វត្តមានរបស់លោកជំទាវបានផ្ដល់កិត្តិយសដល់​ប្រទេសកម្ពុជា និងបានចូលរួមចំ​ណែ​ក​​ដល់ការពង្រឹង និងពង្រីកនៃទំនាក់ទំនងរវាង​ប្រទេស​ទាំងពីរផងដែរ។

លោកជំទាវ Shirin Sharmin Chaudhury ប្រធានសភា​​បង់ក្លាដែស បានអរគុណ​សម្ដេច​តេជោ​​នាយករដ្ឋមន្ត្រីដែលបាន​អនុញ្ញាតឱ្យលោក​ជំទាវចូលជួប​ពិ​ភាក្សាការងារ និង​សម្ដែងការ​គួរសម​នាពេលនេះ។ លោកជំទាវក៏បានមានប្រសាសន៍អំពី​ទំ​នាក់​ទំនងទ្វេភាគី​រវាង​ប្រទេស​បង់ក្លាដែស និងកម្ពុជាដែលមានការអភិវឌ្ឍទៅមុខយ៉ាងល្អ ហើ​យ​លោកជំទាវ​ក៏បានអរគុណ​ប្រទេសកម្ពុជា ជាពិសេសរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏​ដូច​ជាសម្ដេច​តេជោនាយក​រដ្ឋមន្ត្រី ដែលបានរៀបចំកិច្ចប្រជុំនេះទទួលបានជោគជ័យ ដែលជាការជំរុញ​យន្តការ​នៃកិច្ច​ប្រជុំ និងធ្វើឱ្យកាន់តែមានសារៈសំខាន់ដល់ការពង្រឹងពង្រីកកិច្ច​ស​ហ​​ប្រតិប​ត្តិ​ការ​ផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណដល់គណៈ​ប្រតិភូ​របស់​ប្រទេ​ស​បង់ក្លាដែសដែលធ្វើឱ្យកិច្ចប្រជុំទទួលបានជោគជ័យ  ហើយសម្តេចតេជោ ក៏បានគូសបញ្ជាក់ផង​ដែ​រ​ថា យើងត្រូវតែរកមធ្យោបាយធ្វើយ៉ាងម៉េចជំរុញយន្តការកិច្ចប្រជុំ​កំពូលអាស៊ីប៉ា​ស៊ីហ្វិក​នេះ​ កាន់តែស៊ីជម្រៅជាងមុន ហើយជាពិសេសទៀត​ប្រធានបទដែល​បានលើកយកមក​ពិភា​ក្សា​​នៅពេលនេះ មានលក្ខណៈសំខាន់ សម្រាប់ការប្រមូលផ្តុំធ្វើយ៉ាង​ណា​ឱ្យគណបក្សនយោ​បា​យពីបណ្ដាប្រទេសក្របខ័ណ្ឌអាស៊ីប៉ាស៊ីហ្វិក ជំរុញកិច្ច​សហប្រតិ​បត្តិ​ការឱ្យកាន់តែស៊ីជម្រៅ​បន្ថែមទៀត។​ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី សម្ដេចតេ​ជោ​នាយករដ្ឋមន្ត្រីបានមាន​ប្រ​សាសន៍ថា នេះជាការប្រសើរដែលលោកជំទាវបានជួប​សម្ដេច​អគ្គ​មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ក្នុងការពង្រឹងទំនាក់ទំនងរវាងសភា និងសភា។ ​សម្ដេច​តេជោក៏បានគូសបញ្ជាក់​ផងដែរថា ប្រទេសទាំងពីរកន្លងមកបានចុះកិច្ចព្រមព្រៀង​មួយចំនួន​ ដែលលើកទី១​គឺនៅ​ពេលដែលសម្ដេចបានអញ្ជើញទៅទស្សនកិច្ចផ្លូវការ​នៅប្រទេស​ប​ង់​ក្លាដែសកាលពីឆ្នាំ២០១៤ និង​មួយទៀត នៅពេលដែលលោកជំទាវនាយករដ្ឋមន្ត្រី បង់ក្លាដែ​ស​ មកបំពញទស្សនកិច្ច​នៅកម្ពុជាកាលពីឆ្នាំ២០១៧។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏​បាន​មា​ន​ប្រសាសន៍បន្ដថា ប្រទេស​ទាំងពីរបានរួម​ចំណែក​ក្នុង​ការចូលរួមពង្រឹង និងពង្រីកទំ​នា​ក់​ទំ​នងទ្វេភាគី ហើយជាពិសេសទៀត ប្រទេស​នៅអាស៊ីប៉ា​ស៊ី​ហ្វិ​ក គួរតែធ្វើយ៉ាងណាសហការគ្នា នៅក្នុងការខិតខំចូលរួមចំណែកក្នុង​ការ​ពង្រឹងកិច្ចការពហុ​ភាគី ក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ដែលបច្ចុប្បន្ន​មាននិន្នា​ការ​ទៅរក​ឯកតោ​ភា​គី​។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា សម្ដេចតេជោ ក៏បាន​ស្នើ​ឱ្យលោកជំទាវ​រាយ​កា​រណ៍ជូនលោកជំទាវនាយករដ្ឋមន្ត្រីបង់ក្លាដែស ពីការស្នើសុំក្នុង​ក្របខ័ណ្ឌមេគង្គ-គង្គា ហើ​យ​សម្ដេចតេជោកំពុងធ្វើការជាមួយបណ្តាប្រទេស ដែលជាសមា​ជិក​នៃយន្តការកិច្ចសហប្រតិ​បត្តិការមេគង្គ-គង្គានេះ។ ដូច្នេះសម្ដេចជោបានស្នើសុំថា យើង​កំពុង​តែធ្វើការងារនេះគឺធ្វើយ៉ាង​ណាឱ្យក្របខ័ណ្ឌយន្តការនេះអាចបញ្ចូលប្រទេស​បង់ក្លាដែស​ ជាសមាជិកផងដែរ៕

ដោយ ជឹម ណារី