កម្ពុជា-បង់ក្លាដែស  គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ឈ្មោះផ្លូវចំនួនពីរខ្សែនៅឆ្នាំ២០២០ខាងមុខ AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩

សម្តេច​​វិបុល​សេនា​​​ភក្តី សាយ ឈុំ​ ប្រ​ធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ថា ដើម្បីជាសក្ខីភាពនៃទំនាក់ទំនងដ៏ល្អប្រសើររវាប្រជាជន និង​​រដ្ឋាភិបាលនៃប្រទេសទាំងពីរ រដ្ឋាភិបាលបង់ក្លាដែស សម្រេចយកព្រះបរមនាមរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ សម្តេចព្រះនរោត្តមសីហនុ “ព្រះបរមរតនកោដ្ឋ” ដាក់ឈ្មោះផ្លូវមួយនៅតំបន់អគារ​ស្ថាប័នរដ្ឋ ក្នុងទីក្រុងដាកា។ ចំណែកព្រះរាជាណាចក្រកម្ពុជា បានកំណត់យកផ្លូវក្រាលកៅស៊ូមួយ ដែលមានបណ្តោយប្រវែង១.៣១០ម៉ែត្រ និងទទឹងប្រវែង១៧ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ សម្រាប់ដាក់ឈ្មោះបិតាជាតិរបស់បង់ក្លាដែស ដែលផ្លូវទាំងពីរនេះ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២០ ខាងមុខនេះ។

នៅក្នុងជំនួបសម្តែងការគួរសមជាមួយលោកជំទាវ Shirin Sharmin Chaudhury ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ នៅវិមានព្រឹទ្ធ​​សភា ខណៈដែលលោកជំទាវដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរដ្ឋសភាបង់ក្លាដែសមកចូលរួមកិច្ចប្រជុំកំពូល អាស៊ី ប៉ាស៊ីហ្វិកឆ្នាំ២០១៩ នៅកម្ពុជា សម្តេច​​វិបុល​សេនាភក្តី សាយ ឈុំ​ ប្រ​ធានព្រឹទ្ធសភា បានសម្តែង​​នូវការស្វាគមន៍ និងបានបញ្ជាក់ថា ប្រទេសកម្ពុជា និងបង់ក្លាដែស ធ្លាប់មានបទពិសោ​ធន៍ឆ្លងកាត់របបប្រល័យពូជសាសន៍ដូចគ្នាកាលពីអតីតកាល។

ដោយឡែក ព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានបទពិសោធន៍ប្រកបដោយជោគជ័យនៅក្នុង ដំណើរការផ្សះផ្សាបង្រួបបង្រួមជាតិ ពិសេសការដាក់ចេញនូវគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលនាំមក នូវសន្តិភាពពេញលេញ មានការឯកភាពជាតិ បូរណភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ហើយកត្តាសន្តិភាពនេះ បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័ស ដែលមានកំណើន សេដ្ឋកិច្ច ជាមធ្យម ៧ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍នេះ។

សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះខ្លឹមសារសុន្ទរកថាប្រកបដោយអត្ថន័យដ៏ជ្រាល ជ្រៅរបស់លោកជំទាវ ដែលរួមវិភាគទានដ៏ថ្លៃថ្លាក្នុងការផ្តល់ទស្សនទានដ៏សំខាន់ដល់កិច្ចប្រជុំធ្វើការត្រិះ រិះពិចារណា និងដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ បន្ទា​ប់​ពីបញ្ចប់កិច្ចប្រជុំ។ សម្តេចប្រធានព្រឹទ្ធសភា បានរម្លឹកថា ទំនាក់ទំនងការទូតកម្ពុជា-បង់ក្លាដែស ត្រូវបានបង្កើតឡើង ដោយស្នាព្រះហស្តព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ  “ព្រះបរមរតនកោដ្ឋ” ជា​មួយ​​បិតាជាតិរបស់បង់ក្លាដែស។ ទំនាក់ទំនងមិត្ត​ភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ ក្នុងគោលដៅដើម្បីគុណប្រយោជ​ន៍​ដ៏ឧត្តុងឧត្តម សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុ​ប្បន្ន និងទៅអនាគត។

សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ក្នុងឱកាសទស្សនកិច្ចរបស់លោកជំទាវនាយករដ្ឋមន្រ្តី បង់ក្លាដែសនៅកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១៧ កន្លងមក ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងជាច្រើន ដើម្បីជំរុញឱ្យកាន់តែខ្លាំងក្លា និងមានលទ្ធផលជាក់ស្តែងលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងវិនិយោគ។ សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអរគុណរដ្ឋាភិបាលបង់ក្លាដែស ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន២០នាក់ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៧ ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្រី និងបានចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងអប់រំកម្ពុជា ជាមួយនឹងសាកលវិទ្យាល័យ អាស៊ីសម្រាប់ស្រ្តី ដោយសម្រេចផ្តល់អាហារូបករណ៍ក្នុងមួយឆ្នាំៗ ៥០កន្លែង ដ​ល់និស្សិតកម្ពុជា។

នៅក្នុងឱកាសនោះ លោកជំទាវ Shirin Sharmin Chaudhury បានថ្លែងអំណរគុណចំពោះ សម្តេចប្រធានព្រឹទ្ធសភា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវាង ប្រទេសទាំងពីរ ជាពិសេសតាមរយៈដំណើរទស្សនកិច្ចរបស់នាយករដ្ឋបន្ត្រីនៃប្រទេសបង់ក្លាដេស ដែល បានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ២០១៧កន្លងទៅនេះ ព្រមទាំងបានចុះ អនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងជាច្រើនរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោយបានឯកភាពគ្នាដាក់ឈ្មោះផ្លូវ បិតាជាតិរបស់បង់ក្លាដែស នៅព្រះរាជាណាចក្រកម្ពុជា និងផ្លូវឈ្មោះ ព្រះបរមនាមរបស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” នៅតំបន់អគារស្ថាប័ន​រដ្ឋក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដែស ហើយគ្រោងនឹងសម្ពោធនាឆ្នាំ២០២០ ក្នុងឱកាសខួបលើកទី១០០ឆ្នាំ នៃបិតាជាតិរបស់បង់ក្លាដែស។

លោកជំទាវប្រធានរដ្ឋសភាបង់ក្លាដែសបានបញ្ជាក់ថា ទំនាក់ទំនងការទូតកម្ពុជា-បង់ក្លាដែស ត្រូវបានផ្តួចផ្តើមឡើងដោយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ  “ព្រះបរមរតនកោដ្ឋ” ជាមួយនឹងបិតាជាតិរបស់ប្រទេសបង់ក្លាដែស ហើយទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ មានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ លោជំទាវ ក៏បានសម្តែងនូវការអបអរសាទរ ចំពោះព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីឆ្នាំឆ្នាំ២០១៨កន្លងទៅនេះ ដែលធ្វើឱ្យលោកជំទាវមានឱកាសបានជួបជាមួយ នឹងថ្នាក់ដឹកនាំព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ រួមទាំងសម្តេចប្រធានព្រឹទ្ធសភាផងដែរ។ លោកជំទាវ សង្ឃឹមថា ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនឹងត្រូវបានពង្រឹងពង្រីកបន្ថែមទៀត។

ជាមួយគ្នានេះ លោកជំទាវបានស្នើឱ្យមានទំនាក់ទំនង និងកិច្ចសហប្រតិត្តិការរវាងសភានៃ ប្រទេសទាំងពីរ តាមរយៈដំណើរទស្សនកិច្ច ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ លោកជំទាវ បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបាន​គាំទ្រសុន្ទរកថារបស់លោកជំទាវ ដែលបានថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩  ហើយលោកជំទាវសង្ឃឹមថា ខ្លឹមសារសុន្ទរកថានោះ នឹងត្រូវដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ។

ជាមួយគ្នានេះ លោកជំទាវបានសង្ឃឹមយ៉ាងមុតមាំថា ទំនាក់​ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងសភាបង់ក្លាដែស និងព្រឹទ្ធសភាកម្ពុជា នឹងកាន់តែរីកចម្រើនថែមទៀត។ ឆ្លៀតឱកាសនេះ លោកជំទាវ​បានអញ្ជើញសម្តេចប្រធានព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចផ្លូវការនៅ ប្រទេសបង់ក្លាដែស នៅពេលវេលា​សម​ស្របណាមួយ។

ជាការឆ្លើយតប សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជានឹងបន្តពង្រឹងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដើម្បីរួមចំ​ណែក​យ៉ាងខ្លាំងក្លា និងរឹងមាំថែមទៀត ដល់ការពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ។ ទាក់ទងនឹងការអញ្ជើញ​សម្តេចទៅ​បំពេញ​ទស្សនកិច្ចនៅប្រទេសបង់ក្លាដែស សម្តេច ប្រធានព្រឹទ្ធសភាសន្យាថា នឹងរកពេលវេលាសមស្របណាមួយដើម្បីទៅ​បំពេញទស្ស​នកិច្ចនៅ ប្រទេសបង់ក្លាដែស៕

ដោយ ប៉ាល់  សុង