កម្ពុជា-បង់ក្លាដែស ឯកភាពគ្នាថា នឹងបន្តជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីររឹងមាំថែមទៀត

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវបណ្ឌិត ហ្ស៊ីរិន ហ្សាមិន ចាវយូរី (Shirin Sharmin Chaudhury) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ចូលជួបសម្តែងការគួរ សមនា ព្រឹកថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

ក្នុងជំនួបនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ បណ្ឌិត ហ្ស៊ីរិន ហ្សាមិន ចាវយូរី (Shirin Sharmin Chaudhury) ប្រធានរដ្ឋសភា នៃសា ធារណរដ្ឋប្រជាមានិតបង់ក្លាដែស បានឯកភាពគ្នាអំពីការលើកឡើងពីការពង្រឹងកិច្ចសហ ប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរឱ្យរឹងមាំឡើងថែមទៀត ដើម្បីលើកកម្ពស់ និងជំរុញ កិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសទាំងពីរ ទាំងលើវិស័យអប់រំ វប្បធម៌ ពាណិជ្ជកម្ម កសិកម្ម ការកាត់បន្ថយភាពក្រីក្រ ការទប់ស្កាត់ ការប្រែប្រួលអាកាសធាតុ ជាពិសេស ទំនាក់ទំនងរវាងពលរដ្ឋនិងពលរដ្ឋ។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ លោកជំទាវបណ្ឌិត ហ្ស៊ីរិន ហ្សាមិន ចាវយូរី បានស្នើសុំសម្តេចប្រធានរដ្ឋសភា ជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ប្រទេសទាំងពីរឱ្យបានញឹកញាប់ ជាពិសេស ក្រុមមិត្តភាព។ ជាមួយគ្នានេះ លោកជំទាវ បណ្ឌិត ហ្ស៊ីរិន ហ្សាមិន ចាវយូរី បានស្នើសុំរដ្ឋសភាកម្ពុជា គាំទ្រដល់ការដោះស្រាយ បញ្ហាជនភៀសខ្លួន រ៉ូហ៊ីងយ៉ាឱ្យបានឆាប់ ជាពិសេសការធ្វើយ៉ាងណាឱ្យពួកគេបាន ធ្វើមាតុភូមិនិវត្តន៍ ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញឱ្យ បានឆាប់ ដោយហេតុថាបញ្ហានេះជាបន្ទុក ធំមួយរបស់បង់ក្លាដែស។

សម្តេចប្រធានរដ្ឋសភា បានគាំទ្រ និងលើកទឹកចិត្តដល់ការដោះស្រាយបញ្ហាដោយ សន្តិវិធី។ ក្នុងជំនួបនេះលោកជំទាវក៏បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាដឹកនាំ គណៈ ប្រតិភូទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសបង់ក្លាដែស តាមពេលសមស្របណាមួយ ផងដែរ។

សម្តេចប្រធានរដ្ឋសភាបានទទួលសំណើខាងលើ និងបានអបអរសាទរ ចំពោះ សមិទ្ធផល ដែលសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសសម្រេចបាន ក្រោមការដឹកនាំរបស់ លោកជំទាវ សេក្ខ ហា ស៊ីណា នាយករដ្ឋមន្រ្តី និងលោកជំទាវផ្ទាល់ ជាប្រធានរដ្ឋសភា ដែលបានធ្វើឱ្យបង់ក្លាដែស ស្ថិតក្នុងចំណោមប្រទេសមានកំណើន សេដ្ឋកិច្ចលឿនបំផុត លើពិភពលោក។

សម្តេចប្រធានបានមានប្រសាសន៍ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ នៃ ប្រទេសទាំងពីរ មិនត្រឹមតែនាំមកនូវឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងសង ខាងប៉ុណ្ណោះទេ គឺរួមចំណែកដល់ការការពារ និងថែរក្សាសុខសន្តិភាពក្នុងតំបន់ និងសកលលោកផងដែរ។

សូមបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា និងបង់ក្លាដែស បានបង្កើតឡើងដោយ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និងឯកឧត្តម សេក្ខ មូជីបួរ រ៉ាម៉ាន់

អតីតប្រធានាធិបតីបង់ក្លាដែស។ ឆ្នាំ២០២០ខាងមុខ ប្រទេសបង់ក្លាដែសនឹងប្រារព្ធខួប ទំនាក់ទំនងប្រទេសទាំងពីរ ហើយតាមរយៈកិច្ចសហប្រតិបត្តិការល្អនេះកម្ពុជា ក៏បាន ប្រសិទ្ធនាមមហាវិថីមួយនៅក្នុងប្រទេសបង់ក្លាដែស ដែលដាក់ឈ្មោះ ព្រះនាមសម្តេចឪ នឹង ត្រូវសម្ពោធជាផ្លូវការផងដែរ៕

ដោយ ប៉ាល់ សុង