លោកជំទាវ ម៉ែន សំអន អំពាវនាវឱ្យអាចារ្យ-អាចារិនីខ្មែរទាំងអស់ត្រូវសហការជាមួយគណៈសង្ឃគ្រប់លំដាប់ថ្នាក់បំពេញភារកិច្ចឱ្យបានល្អតាមក្រមសីលធម៌ និងលិខិតបទដ្ឋានគតិយុត្តិ

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ — លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យអាចារ្យ-អាចារិនីខ្មែរទាំងអស់ ត្រូវរួមសហការជាមួយគណៈសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវបំពេញភារកិច្ចឱ្យបានល្អតាមក្រមសីលធម៌ និងលិខិតបទដ្ឋានគតិយុត្តិដែលមានស្រាប់ ដើម្បីរួមចំណែកដល់ការទ្រទ្រង់ព្រះពុទ្ធសាសនា និងការអភិវឌ្ឍសង្គមជាតិរបស់យើង ចូលរួមទប់ស្កាត់នូវរាល់សកម្មភាពនានា តាមរូបភាពយកសាសនាធ្វើអាជីវកម្ម ដែលបណ្តាលឱ្យមានវិបត្តិសាសនា។

លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវបែបនេះ ខណៈអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល ជាមួយតំណាងអាចារ្យ-អាចារិនី មកពីរាជធានី ខេត្ត ក្រុងទូទាំងប្រទេសចំនួន ១.០០០នាក់ នៅសាលសន្និសីទចតុម្មុខ ព្រឹកថ្ងៃពុធ ៩រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា អាចារ្យ-អាចារិនី ទាំងអស់ ត្រូវពង្រឹងការថែរក្សាឱ្យបាននូវក្រមសីលធម៌អាចារ្យខ្មែរ ដោយរក្សាឱ្យបាននូវភាពថ្លៃថ្នូរក្នុងតួនាទីជាអាចារ្យ-អាចារិនី របស់ខ្លួន និងត្រូវមានការឈ្លាសវៃក្នុងការរកនីតិវិធីដោះសា្រយ សម្របសម្រួលគ្រប់តម្រូវការរបស់បរិស័ទគ្រប់មជ្ឈដ្ឋាន។ អាចារ្យ-អាចារិនី ទាំងអស់ត្រូវបន្តពង្រីកចំណេះដឹងរបស់ខ្លួន ខិតខំស្រាវជ្រាវគម្ពីរ ដីកា ក្បួន របៀបមង្គល និងពិធីបុណ្យផ្សេងៗបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការកសាងឯកសារគោលរបស់ក្រសួងធម្មការ និង សាសនា ឱ្យកាន់តែមានមូលដ្ឋានច្បាស់លាស់។

លោកជំទាវកិត្ដិសង្គហបណ្ឌិត បានបន្ដថា អាចារ្យ-អាចារិនី ទាំងអស់ត្រូវខិតខំរួមចំណែកអនុវត្តន៍តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ទាក់ទងទៅនឹងវិស័យសាសនា ប្រពៃណីទំនៀមទម្លាប់ និងឈ្វេងយល់ពីការវិវឌ្ឍ រីកចម្រើនរបស់សង្គមជាតិ ហើយយកទៅអប់រំ ផ្សព្វផ្សាយបន្តដល់ពុទ្ធបរិស័ទនៅគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។ អាចារ្យ-អាចារិនីគ្រប់រូប ត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវសប្បុរសធម៌ទាំង ៧យ៉ាងរបស់អាចារ្យ-អាចារិនី និងក្រមសីលធម៌ ដែលបានសិក្សាឈ្វេងយល់កន្លងមក ដើម្បីឱ្យស័ក្តិសមជាព្រឹទ្ធាចារ្យ ដែលមានបទពិសោធន៍ និងចំណេះដឹងប្រចាំភូមិ ឃុំ ស្រុក ក្រុង ខេត្ត រាជធានី និងតំបន់។ អាចារ្យ-អាចារិនី ត្រូវមានការទទួលខុសត្រូវ និងរក្សាបាននូវគុណធម៌ខ្ពស់ ចៀសវាងការប្រព្រឹត្តខុសឆ្គង ប្រកាន់បក្សពួក និន្នាការនយោបាយ រើសអើងវណ្ណៈ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អាចារ្យ-អាចារិនីខ្មែរ។ មិនត្រឹមតែប៉ុណ្ណោះត្រូវបំពេញតួនាទីឱ្យបានល្អប្រសើរ ស័ក្តិសមជាអ្នកដឹកនាំកិច្ចពិធី អ្នកបង្ហាត់បង្រៀនអ្នកពន្យល់បង្ហាញ និងជាបុគ្គលដែលគួរឱ្យគោរព និងចូលរួមក្នុងការថែរក្សានូវកេរមរតក វប្បធម៌ព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទម្លាប់ខ្មែរឱ្យបានស្ថិតស្ថេរគង់វង្ស រួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យបានថ្កុំថ្កើងរុងរឿង ។

ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា ក្រសួងធម្មការ និងសាសនា សម្រេចបានក្នុងរយៈកាលកន្លងមក តាមរយៈការខិតខំកៀរគរធនធាន តាមគ្រប់រូបភាព ដើម្បីបើកវគ្គបណ្តុះបណ្តាល និងតម្រង់ទិសតួនាទីអាចារ្យ-អាចារិនីខ្មែរបានជាបន្តបន្ទាប់ ដែលមកទល់នឹងពេលនេះ ក្រសួងបានបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យ-អាចារិនីខ្មែរ បានចំនួន ៣៤វគ្គ និងមានសិក្ខាកាមជាអាចារ្យ-អាចារិនី មកពីគ្រប់រាជធានី ខេត្ត ទូទាំងប្រទេស មានចំនួន ១០.៤៩៥រូប ចូលមកសិក្សារួចមកហើយ។ សមិទ្ធផលនេះគឺពិតជាបានកើតឡើងដោយសាតែយើងទាំងអស់គ្នា ពិសេសគឺរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានិច្ចកាលសម្តេចតែងតែបានយកចិត្តទុកដាក់ និងខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីធានាដល់ការអភិរក្ស និងអភិវឌ្ឍន៍នូវមរតក វប្បធម៌ជាតិ និងសាសនារបស់យើងឱ្យបានគង់វង្ស និងរុងរឿង៕

ដោយសួស សំរិត