ឯកឧត្ដម ឃួង ស្រេង៖ រដ្ឋបាលរាជធានីនឹងកែលម្អផ្លូវថ្មើរជើងនៅមហាវិថីម៉ៅសេទុងឱ្យបានប្រសើរឡើងដើម្បីទុកជាគំរូសម្រាប់មហាវិថីផ្សេងៗទៀត

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ — អាជ្ញាធររាជធានីភ្នំពេញមានគម្រោងរៀបចំ និងកែលម្អផ្លូវថ្មើរជើងតាមបណ្តោយមហាវិថីម៉ៅសេទុងដោយចាប់ពីស្ពានអាកាស៥មករា រហូតដល់ស្តុបចំការមនដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនជនពិការមានផ្លូវថ្មើរជើងសម្រាប់ធ្វើដំណើរឆ្លងកាត់ ខណៈការរៀបចំសណ្តាប់ធ្នាប់សាធារណៈនេះវាជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋទូទៅដែលរស់នៅក្នុងរាជធានីភ្នំពេញ។

ការបង្ហាញពីគម្រោងនេះបានធ្វើឡើង កាលពីរសៀលថ្ងៃអង្គារ ៨រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីគម្រោងសិក្សារៀបចំ និងកែលម្អផ្លូវថ្មើរជើងតាមបណ្តោយមហាវិថីម៉ៅសេទុង ក្រោមអធិបតី ឯកឧត្ដម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌពាក់ព័ន្ធ និងមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ការរៀបចំ និងកែលម្អផ្លូវថ្មើរជើងតាមបណ្តោយមហាវិថីម៉ៅសេទុងនេះ ដំបូងយើងត្រូវរៀបចំចិញ្ចើមផ្លូវ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ។ យើងនឹងរៀបចំផ្លូវថ្មើរជើងនេះឱ្យល្អប្រសើរឡើង ដើម្បីទុកជាគំរូសម្រាប់មហាវិថីផ្សេងៗទៀតផងដែរ ។ ឯកឧត្ដម បន្ដថា សណ្តាប់ធ្នាប់សាធារណៈជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋទូទៅ។ ដូច្នេះការចតលើចិញ្ចើមផ្លូវប្រហែលជាមិនអនុញ្ញាតឱ្យមានទៀតទេ។មានមតិខ្លះថា នៅប្រទេសគេ ពិសេសនៅប្រទេសបារាំងគេអនុញ្ញាតឱ្យមានការចតលើទ្រូងផ្លូវបាន តែគេចតតែមួយជួរ ។ នេះជាការងារដែលយើងត្រូវសិក្សា និងពិភាក្សាគ្នាថាតើយើងត្រូវរៀបចំបែបណា។

ក្រោយពីបានពិភាក្សាគ្នារួចរាល់នៅចុងបញ្ចប់នៃកិច្ចប្រជុំនោះ ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌពាក់ព័ន្ធនឹងផ្លូវម៉ៅសេទុងនេះ សហការជាមួយមន្ត្រីជំនាញ និងមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ ចុះធ្វើការសិក្សាពីកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋថាតើមានប៉ះពាល់អ្វីខ្លះ? បន្ទាប់មកយើងនឹងបង្កើតអង្គប្រជុំពិនិត្យ និងសម្រេច  ម្តងទៀតដោយយើងនឹងរៀបចំ និងកែលម្អផ្លូវថ្មើរជើងនៅតាមបណ្តោយមហាវិថីម៉ៅសេទុងឱ្យបានល្អប្រសើរទុកជាគំរូសម្រាប់មហាវិថីផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញ ៕

ដោយសួស សំរិត