កិច្ចប្រជុំកំពូលអាស៊ី​​ប៉ាស៊ីហ្វិក ឆ្នាំ២០១៩-កម្ពុជា អំពាវនាវឱ្យមានចក្ខុវិស័យតំបន់ថ្មីមួយ​ដើម្បីបង្កើត សហភាពអាស៊ីប៉ាស៊ីហ្វិក

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ — កិច្ចប្រជុំកំពូលអាស៊ី​​ប៉ាស៊ីហ្វិក ឆ្នាំ២០១៩-កម្ពុជា បានអំពាវនាវឱ្យមានចក្ខុវិស័យតំបន់​ថ្មី​មួយក្នុង​សហគមន៍អាស៊ីប៉ាស៊ីហ្វិក ដែលមានភាពជាដៃគូរវាងរដ្ឋាភិបាល និងសង្គមស៊ីវិល  ដើ​ម្បីបង្កើត «សហភាពអាស៊ីប៉ាស៊ីហ្វិក» ដែល​​​មានបេសកកម្ម​លើកកម្ពស់​វិស័យ​វប្បធម៌និង​សង្គ​ម សំដៅពង្រឹងត និងពង្រីកចំណងមិត្តភាព​នៅក្នុងសង្គមអាស៊ីទាំងមូល​។ នេះបើយោង​តា​ម​​សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញចេញផ្សាយថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

អង្គការសហព័ន្ធសន្តិភាពសកល ដោយសហការជាមួយរាជរដ្ឋាភិបាល​កម្ពុជា ក្រុមប្រឹ​ក្សា​​វប្បធម៌អាស៊ី វេទិកា​សម្ព័ន្ធសង្គម​ស៊ីវិល និងសមាគមអន្តរជាតិនៃសមាជិក​សភាដើម្បីស​ន្តិ​ភា​ព រៀបចំកិច្ចប្រជុំកំពូលអាស៊ី​​ប៉ាស៊ីហ្វិក ឆ្នាំ២០១៩ នៅកម្ពុជា ដែលប្រារព្ធ​ឡើងចាប់​ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធាន​ប​ទ​«ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការ​បង្រួប​បង្រួមជាតិ កា​រ​ពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃ​សកល» ដោយមាន​វត្ត​មា​ន​ចូលរួមដោយ​ប្រមុខរដ្ឋនិងរដ្ឋាភិបាល អតីតប្រមុខរដ្ឋនិងរដ្ឋាភិ​​បាល ប្រធានសភា រដ្ឋមន្រ្តី តំ​ណា​ងរាស្រ្ត រួមទាំងអង្គការជំនឿសាសនា សង្គមស៊ីវិល យុវជន និងប្រព័ន្ធផ្សព្វផ្សាយ។ ក្នុងសេ​ច​ក្ដី​ថ្លែងការណ៍បានកោតសរសើរដោយស្មោះស្ម័គ្រ ចំពោះ​ការគាំទ្រយ៉ាង​ពេញទំហឹងរបស់​​ស​ម្តេ​​ចអគ្គមហាសេនា​បតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋា​ភិ​បា​ល និងប្រជាជនកម្ពុជា ចំពោះការរៀបចំ​កិច្ចប្រជុំកំពូល​ជាប្រវត្តិសាស្ត្រនេះ​ ដែលបានដំ​ណើ​រ​​កា​រដោយរលូន​ និងប្រកបដោយ​ជោគជ័យគួរជាទី​មោទនៈ និងសូមអបអរសាទរ​យ៉ាង​ជ្រា​ល​ជ្រៅ​​​ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី​ ដែល​​ បានទទួល «ពានរង្វាន់ភាព​ជាអ្នកដឹកនាំ និងអភិ​បា​ល​កិច្ចល្អ» របស់អង្គការសហព័ន្ធសន្តិភាព​សកល។​ ទន្ទឹមនេះ អ្នកចូលរួមទាំងអស់សូមថ្លែងអំ​ណរ​គុ​ណ​​ និងកោតសរសើរ ចំពោះកិច្ច​ខិតខំប្រឹងប្រែងរបស់អង្គការសហព័ន្ធ​សន្តិភាពសកល ដែល​ប​ង្កើ​​តឡើងដោយបណ្ឌិត សាន់ ម្ញុង មូន និងភរិយា ​បណ្ឌិត ហាក់ ចាហាន់ មូន ដើម្បី​ចូលរួម​ចំ​ណែ​ក​កសាងពិភពលោកមួយ​ដែល​ប្រកបដោយសន្តិភាព សុភមង្គល ភាព​សុខដុមរមនា និង​វិបុ​ល បង្កើត​គំនិតផ្តួចផ្តើម​ប្រកបដោយចក្ខុវិស័យ និងលើកកម្ពស់​ភាពជាអ្នកដឹកនាំ​ប្រកបដោ​យ​ភាពក្លាហាន ដើម្បីដោះ​ស្រាយបញ្ហាសំខាន់ៗនៃយុគសម័យរបស់យើង។

ជាមួយគ្នានេះ គណៈប្រតិភូ​ដែ​ល​អញ្ជើញមកចូលរួម​ក្នុង​កិច្ចប្រជុំកំពូលអាស៊ី​ប៉ាស៊ីហ្វិក​២០១៩-​កម្ពុជា​ បានធ្វើការអះអាង​ប​ញ្ជា​ក់ថា ១- សហគមន៍អន្តរជាតិត្រូវចាត់វិធាន​ការជា​បន្ទាន់​​​និងប្រកបដោយប្រសិទ្ធភាព ដើម្បី​​ដោះ​ស្រាយ​​បញ្ហា​ប្រឈម ពាក់ព័ន្ធនឹងការប្រែប្រួល​អាកាសធាតុនិងបញ្ហាបរិស្ថានដទៃទៀត ដែ​លគំរាមកំហែងដល់ការរស់នៅរបស់​មនុស្ស​ជាតិនិងភពផែនដីរបស់យើង។ ២-កិច្ច​ប្រ​ជុំ​​កំ​ពូ​ល​នេះបានកត់សម្គាល់ដោយក្តីកង្វល់ ​អំពី​ការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះ​​សន្តិភាព​និ​ង​សន្តិសុខពិភពលោក ដោយសារ​បុព្វ​ហេតុសង្គម នយោបាយ និងសេដ្ឋកិច្ច និងបាន​ស​ង្កត់​ធ្ងន់​អំពី​ភាពចាំបាច់នៃការអត់ឱនគ្នា ការយល់ដឹងពីគ្នា ការរស់នៅ​ និងការទទួលស្គាល់​តួនាទី​រប​​ស់សង្គមស៊ីវិលក្នុងការចូលរួមចំ​ណែកដោះស្រាយជម្លោះ និងការធានាឱ្យពិភពលោកមាន​​ស​ន្តិ​ភាព សមធម៌ និងបរិយាប័ន្ន​កាន់តែប្រសើរឡើង ដោយទទួលស្គាល់តួនាទី​ដ៏សំខាន់​រប​ស់​ប្រ​ព័ន្ធផ្សព្វផ្សាយ​ក្នុងការចូលរួម​ចំណែកឱ្យសម្រេចបានគោលដៅនេះ។ ៣- គូស្វាមី​និងគ្រួ​សា​រ​​មាន​សារៈសំខាន់ណាស់ ដើម្បី​ទទួលបាននូវសន្តិភាពនិងសុភមង្គលយូរអង្វែង    ដែលជា​ក​ត្តា​ចូ​លរួមចំណែកក្នុងការ​អភិវឌ្ឍ​ប្រកបដោយចីរភាព និងបានកត់សម្គាល់នៅក្នុងសេចក្តី​ប្រ​កា​ស​​ជាសកលស្តីពីសិទ្ធិមនុស្ស ដែល​បានកំណត់ថា «ក្រុមគ្រួសារគឺជាក្រុមធម្មជាតិនិង​មូលដ្ឋា​ន​​​​គ្រឹះ​​នៃសង្គម» ដែល «មាន​សិទ្ធិទទួលការការពារពីសង្គមនិងរដ្ឋ»។ ៤- វាជាការចាំ​បាច់ក្នុង​កា​​រ​​​លើ​កកម្ពស់តួនាទីរបស់ស្ត្រី ដែលទទួលរងអំពើហិង្សាក្នុងគ្រួសារ​ ការរើសអើង​នៅកន្លែងធ្វើ​កា​រ​ ការទទួលការអប់រំ​នៅ​មានកម្រិត និង​ការកាត់ផ្តាច់ពីការ​ទទួលឱកាសផ្សេងៗ ជាពិសេស​ត្រូ​វ​លើ​កទឹកចិត្ត​ឱ្យ​ស្រ្តីចូល​រួមក្នុងការងារសង្គមជាតិ​គ្រប់លំដាប់ថ្នាក់ ដើម្បីលើកកម្ពស់​សមភាព​យេ​នឌ័រនៅក្នុងសង្គម ដោយធ្វើការស្វែងយល់ពីលក្ខណៈចុះសម្រុងគ្នា និង​លក្ខណៈសម្បត្តិ​នៃ​ស្រ្តី​និងបុរស។ ៥- វាមាន​ភាពចាំបាច់ក្នុងការ​បញ្ចូលយុវជននិងនិស្សិតទៅក្នុងតួនាទីជាអ្នក​​ដឹ​ក​នាំ ដោយអំពាវនាវ​ឱ្យយុវជននិងនិស្សិត​ចូលរួមក្នុងការអនុវត្តកាតព្វកិច្ចសង្គម សុចរិត​ភា​ព​ផ្នែ​ក​​សីលធម៌ និងត្រូវ​ទទួល​ខុសត្រូវក្នុងការកសាងវប្បធម៌សន្តិភាព តាមរយៈការបង្កើតឱ្យ​មា​ន​ជា​ផ្នត់គំនិត​សាធារណៈ។ ៦- វាមានសារៈសំខាន់ណាស់​ក្នុងការទទួលស្គាល់ និងការ​គោរព​ចំ​ពោះ​​គំនិត​ផ្តួច​ផ្តើមសន្តិភាពដោយរដ្ឋា​ភិបាល វិស័យឯកជន និង​បុគ្គលផ្សេងទៀត​ ដោយកត់​ស​ម្គា​ល់អំពី​យុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដែលបាន​ផ្តួចផ្តើមឡើងសម្តេចតេជោនាយករដ្ឋមន្រ្តី ដែល​បានធានា​ដល់​ស្ថិរភាពនយោបាយនិង​សង្គម កំណើន​​សេដ្ឋកិច្ច​ និង​ការលើកកម្ពស់​សុខុមាល​ភា​ពរបស់​ប្រជាជនកម្ពុជា។ ៧- ឧត្តមគតិនៃការរស់នៅដើម្បីបំពេញប្រយោជន៍អ្នកដទៃ គឺជា​ម​ធ្យោ​បាយ​ដ៏មានប្រសិទ្ធិភាពក្នុងការ​លើកកម្ពស់​ការរស់នៅ​ដោយចេះ​សម្របសម្រួល​ចំពោះគ្នា​ទៅ​វិញ​ទៅមក លុបបំបាត់​ការបាក់បែក​សាមគ្គីនៃ​ទំនាក់ទំនងទាំងនៅកម្រិតគ្រួសារ សង្គមជា​តិ​ និង​ពិភពលោក និងអាចជំរុញការផ្សះផ្សា ដើម្បីបង្កើតវប្បធម៌គ្រួសារសកលតែមួយ។ ៨- ក្នុ​ង​​ន័យនេះ  កិច្ចប្រជុំកំពូលបានគូសបញ្ជាក់អំពីតម្រូវការក្នុងការពង្រឹងតួនាទី​គ្រួសារសម្រាប់​ប្រ​ជា​​ជាតិ​នីមួយៗនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ និង​ ព​ង្រី​កបរិយាកាស​នៃទំនុកចិត្តចំពោះគ្នាទៅវិញទៅមក និងភាពសុខដុមរមនាក្នុងសង្គម ដើម្បី​ឈា​​នទៅរកសន្តិភាព និង​វិបុលភាពសកល។ កិច្ចប្រជុំកំពូលក៏​បានកោតសរសើរ និងកត់​សម្គា​ល់​​អំពីមតិយោបល់ និងសំណូមពរនានា ដែលបានលើកឡើងដោយអ្នកចូលរួមនៅក្នុង​កម្មវិធី​ប្រជុំកំពូលនេះ ជាពិសេសអនុសាសន៍សម្រាប់ធ្វើការតាមដាន និងបន្តការងារដ៏​មាន​សារៈ​សំ​ខា​ន់សម្រាប់មនុស្សជាតិ៕

ដោយ ជឹម ណារី