ឯកឧត្តម ហង្សសុត សំភារ ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងឯកសារគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រង នៅខេត្តកំពត

AKP កំពត ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ សមុទ្រកម្ពុជា បានបើកអង្គសិក្ខាសាលាមួយស្ដីពីការផ្សព្វផ្សាយគោលនយោបាយ និង ឯកសារគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយ ចីរភាព នៅសណ្ឋាគារកំពតឌីយ៉ាម៉ង ខេត្តកំពត កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩។

សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហង្សសុត សំភារ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការគ្រប់គ្រងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងលោក នៃ គង់ អភិបាលរងខេត្តកំពត និងមានសមាជិកចូលរួម ពីថ្នាក់ដឹកនាំ នៃអាជ្ញាធរ ក្រុងស្រុកឃុំសង្កាត់ មន្ទីរអង្គភាពជុំវិញខេត្តនិងអាជីវករសរុបប្រមាណ ១២០នាក់ ។

លោក នៃ គង់ អភិបាលរងខេត្តបានចាត់ទុកអង្គសិក្ខាសាលាពេល នេះពិតជាមានសារៈសំខាន់ ពិសេសឱ្យដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បងប្អូន ប្រជាពលរដ្ឋនិងអាជីវករដែលប្រកបមុខរបររកស៊ីអភិវឌ្ឍន៍ដីនិងសំណង់នៅខេត្តកំពត បានកាន់តែយល់ដឹងស៊ីជម្រៅអំពីលិខិតបទដ្ឋានគតិយុត្ត យន្តការ ការងារនីតិវិធី និងសំណុំបែបបទស្នើសុំលិខិតអនុញ្ញាតអភិវឌ្ឍដី លិខិតអនុញ្ញាតសាងសង់ ការប្ដូរ ប្រភេទដីការកែសម្រួលក្បាលដីនឹងការស្នើសុំធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ។

ឯកឧត្តម ហង្សសុត សំភារ អនុរដ្ឋលេខាធិការក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានបញ្ជាក់ថា ការងាររៀបចំដែនដីនគរូបនីយកម្ម និងសំណង់គឺមិនត្រឹមតែរួមចំណែក យ៉ាងសំខាន់ ក្នុងការធានាអភិវឌ្ឍន៍ និងការអភិរក្សប្រកបដោយចីរភាព តុល្យភាពនិងសមធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈកំណើននៃការអភិវឌ្ឍ និងការសាងសង់ជារៀងរាល់ឆ្នាំ។

ឯកឧត្តម ហង្សសុត សំភារ ក៏បានឱ្យដឹងទៀតថា ការអនុវត្តគោលនយោបាយ ជាតិស្ដីពីការរៀបចំដែនដី នៃព្រះរាជាណាចក្រកម្ពុជាគឺយើងផ្អែក លើយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដោយរាជ រដ្ឋាភិបាលបានសិក្សានិងកំណត់ច្បាស់លាស់អំពីយន្តការនីតិវិធី បទប្បញ្ញត្តិ និងផែនការអភិវឌ្ឍន៍ប្រទាក់ក្រឡាគ្នាសំដៅធានាថាដែនដីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវបានគ្រប់គ្រងប្រើប្រាស់ការពារនិងអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព ចីរភាព សមធម៌និងសមាហរណកម្ម ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការធានាសន្តិសុខស្បៀង កិច្ចការពារជាតិ និងលំនឹងធម្មជាតិ។

ឯកឧត្តមអនុរដ្ឋ​លេខាធិការ​ក៏បានឱ្យដឹងនូវខ្លឹមសារនៃអង្គសិក្ខា សាលាពេលនេះ គឺក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ ពីគោលការណ៍ណែនាំ អភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍ ណែនាំអភិវឌ្ឍន៍ រមណីយដ្ឋានឆ្នេរសមុទ្រ និងការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្ត ការអភិរក្សជីវៈចម្រុះសមុទ្រ និងតំបន់ឆ្នេរសមុទ្រ តាមរយៈការបង្កើតឧទ្យានជាតិសមុទ្រ និងការគ្រប់គ្រងសំណល់រឹង-រាវនៅតំបន់ឆ្នេរសមុទ្រសម្រាប់ការគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព ជូនដល់អាជ្ញាធរខេត្ត មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុងស្រុក ឃុំ សង្កាត់ភូមិ និងផ្នែកឯកជននៃខេត្តកំពត៕

ដោយ ប្រាក់ លាង