ធនាគារពិភពលោក៖ ការងារនៅកម្ពុជាជាង ៦០ភាគរយ ជាប្រភេទការងារប្រពៃណី និងគ្រួសារ

AKP ភ្នំពេញ  ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — ធនាគារពិភពលោក (World Bank) បានគូសបញ្ជាក់ថា ភាពចម្រុះ និងគុណភាព នៃការងារ ដែលមាននៅក្នុងប្រទេសកម្ពុជា កំពុងមានការកែលម្អឱ្យប្រសើរឡើងៗ ប៉ុន្តែ កម្ពុជាចាំបាច់ ត្រូវមានគោលនយោបាយថ្មីៗ ដើម្បីទាញយកអត្ថប្រយោជន៍ ពីឱកាសនានា ដែលអាចរកបាន នៅលើទីផ្សារពិភពលោក នាពេលអនាគត ខណៈការងារនៅកម្ពុជាជាង ៦០ភាគរយ ជាប្រភេទការងារប្រពៃណី។

បើតាមរបាយការណ៍ របស់ធនាគារពិភពលោក ដែលត្រូវបានលើកឡើងនៅ ក្នុងវេទិកាស្តីអំពី «អនាគតការងារនៅប្រទេសកម្ពុជា តំណភ្ជាប់ជាមួយសេដ្ឋកិច្ចនាពេល ខាងមុខ» ធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ក្នុងចំណោមការ ងារចំនួន៨លាន នៅក្នុងប្រទេសកម្ពុជា មាន៣៧ភាគរយ ជាការងារមានប្រាក់ឈ្នួល ទទួលប្រាក់ចំណូលខ្ពស់ ខណៈ៦៣ភាគរយទៀត នៅតែជាការងារបែបប្រពៃណីនៅឡើយ។ ក្នុងនោះ មានការងារដាំដុះ ឬអាជីវកម្មជាលក្ខណៈគ្រួសារ ដែលមិនសូវបាន ធ្វើសមាហរណកម្ម ចូលទៅក្នុងសេដ្ឋកិច្ចទំនើបប៉ុន្មានទេ ហើយផ្តល់ឱ្យកម្មករ នូវប្រាក់ចំណូលទាប។

លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជាបានថ្លែងថា «ភាពចម្រុះ និងគុណភាពនៃការងារ នៅក្នុងប្រទេសកម្ពុជា ត្រូវបានកែលម្អឱ្យប្រសើរឡើងជាបណ្តើរៗហើយ។ ប៉ុន្តែ និន្នាការសកល មានដូចជាការកើនឡើង នូវចំនួនរបស់វណ្ណៈកណ្តាលក្នុងតំបន់អាស៊ី បម្រែបម្រួលលំនាំក្នុងការធ្វើពាណិជ្ជកម្ម និងស្វ័យប្រវត្តិកម្ម តម្រូវឱ្យកម្ពុជាគិតគូរឡើងវិញ អំពីយុទ្ធសាស្ត្រការងាររបស់ខ្លួន ខណៈដែលប្រទេសនេះ កំពុងឈានឆ្ពោះទៅកាន់ ដំណាក់កាលមួយទៀត នៃការអភិវឌ្ឍផ្អែកលើការនាំចេញ»។

លោកស្រីបន្ដថា ក្រុមហ៊ុនដែលគ្រប់គ្រងដោយជនបរទេស បានដើរតួយ៉ាងសំខាន់ ក្នុងការងាររួមចំណែកបង្កើតការងារមានគុណភាពខ្ពស់ នៅក្នុងប្រទេសកម្ពុជា។ មកដល់ឆ្នាំ២០១៥ មួយភាគបី នៃការងារមានប្រាក់ឈ្នួល នៅកម្ពុជា គឺស្ថិតនៅ ក្នុងក្រុមហ៊ុនដែលគ្រប់គ្រងដោយជនបរទេស។ ក្នុងអំឡុងឆ្នាំ២០១០-២០១៥ ឧស្សាហកម្ម កាត់ដេរ គឺជាវិស័យមុខរបរ ដែលមានការរីកលូតលាស់យ៉ាងលឿនបំផុត ដោយបង្កើនចំណែករបស់ខ្លួន នៅក្នុងការបង្កើត ការងារបាន១.១ភាគរយ ក្នុងមួយឆ្នាំ។

លោកស្រី អ៊ិនហ្គូណា ដូប្រាចា បានលើកឡើងថា ក្រុមហ៊ុនក្នុងស្រុកមានចំនួន ច្រើនជាងក្រុមហ៊ុនដែលគ្រប់គ្រងដោយជនបរទេស ប៉ុន្តែពួកគេមិនបានចូលរួមចំណែក បង្កើតការងារបានច្រើនទេ។ ក្រុមហ៊ុនក្នុងស្រុកជួល កម្មករជាមធ្យម៨នាក់ ក្នុងមួយក្រុមហ៊ុន បើប្រៀបធៀបទៅនឹង១២៤នាក់ ក្នុងក្រុមហ៊ុនដែលគ្រប់គ្រងដោយជនបរទេស។

ប្រធានគ្រប់គ្រងធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា បានបន្ដទៀតថា កង្វល់ធំមួយ គឺនៅត្រង់ការធ្វើយ៉ាងណា ឱ្យពលករកម្ពុជាមានជំនាញចាំបាច់ ដើម្បីពួកគាត់អាច ទៅប្រកួតប្រជែង ជាមួយកម្មករមកពីប្រទេសផ្សេងទៀត ក្នុងការស្វែងរកការងារធ្វើក្នុងក្រុមហ៊ុន ដែលគ្រប់គ្រងដោយបរទេស។ នៅឆ្នាំ២០១៦ មាន៣៧.៦ភាគរយ នៃក្រុមហ៊ុននាំចេញ បានប្រាប់ឱ្យដឹងថា កម្លាំងពលកម្មដែលមាន ការអប់រំជំនាញមិនគ្រប់គ្រាន់ជាឧបសគ្គចម្បង ដល់ការធ្វើអាជីវកម្ម។

បើតាមលោកស្រី វេនឌី ខាន់ និងហេម សេដ្ឋវិទូជាន់ខ្ពស់ និងជាអ្នកនិពន្ធរបាយការណ៍ បានថ្លែងថា «ជោគជ័យនៃយុទ្ធសាស្ត្រការងារ របស់ប្រទេសកម្ពុជា នឹងអាស្រ័យលើការចូលរួម និងកិច្ចសហប្រតិបត្តិការរបស់ភាគី ពាក់ព័ន្ធនានា លើគ្រប់ផ្នែកនៃសេដ្ឋកិច្ច មិនមែនត្រឹមតែអ្នកធ្វើគោលនយោបាយ និងថ្នាក់ដឹកនាំរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែគឺទាំងសហគ្រិន អ្នកវិនិយោគ ដៃគូអភិវឌ្ឍន៍ និងជាពិសេស គឺពលករខ្លួនឯងតែម្តង»៕

ដោយ ម៉ៅ ចរិយា