រដ្ឋបាលខេត្តកែប បើកសិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ណែនាំ ពាក់ព័ន្ធនឹងការអភិវឌ្ឍតំបន់ឆ្នេរ និងរមណីយដ្ឋានឆ្នេរសមុទ្រ

AKP កែប​ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩  ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គណៈកម្មាធិការគ្រប់គ្រងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងរដ្ឋបាល ខេត្តកែប បានរៀបចំពិធីផ្សព្វផ្សាយពីគោលការណ៍ណែនាំ ពាក់ព័ន្ធនឹងការអភិវឌ្ឍតំបន់ឆ្នេរ និងរមណីយដ្ឋានឆ្នេរសមុទ្រ ការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្ត ការអភិរក្សជីវចម្រុះ សមុទ្រ និងតំបន់ឆ្នេរសមុទ្រ ដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរអង្គភាពជុំវិញខេត្ត និងអាជីវករប្រមាណ ៨០នាក់។

សិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយគោលនយោបាយ និងឯកសារគតិយុត្តពាក់ ព័ន្ធការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព ក្រោមអធិបតីភាព ឯកឧត្តម ហង្សសុត សំភារ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការគ្រប់គ្រងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងលោក​ ព្រំ គន្ធិ  អភិបាលរងខេត្តកែប។

លោក ព្រំ គន្ធិ អភិបាលរងខេត្តកែប បានលើកឡើងអំពីទីតាំងភូមិសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍ ការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងវិស័យទេសចរណ៍ របស់ខេត្តជូនអង្គសិក្ខាសាលា ដោយបានចាត់ទុកអង្គសិក្ខាសាលាពេលនេះ គឺជាការផ្សព្វផ្សាយដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសឱ្យដល់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ និងអាជីវករដែលប្រកបមុខរបរអភិវឌ្ឍន៍ដីធ្លី និងសំណង់ នៅខេត្តកែប ឱ្យបានយល់ដឹងស៊ីជម្រៅអំពីលិខិតបទដ្ឋានគតិយុត្ត យន្តការ ការងារនីតិវិធី និងសំណុំបែបបទស្នើសុំលិខិតអនុញ្ញាតអភិវឌ្ឍន៍ដី លិខិតអនុញ្ញាតសាងសង់ ការប្ដូរប្រភេទដី ការកែសម្រួលក្បាលដី និងការស្នើសុំធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ។

ឯកឧត្តម ហង្សសុត សំភារ អនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ការងាររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនត្រឹមតែរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាអភិវឌ្ឍន៍ និងការអភិរក្សប្រកបដោយចីរភាព តុល្យភាព និងសមធម៌ប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈកំណើននៃការអភិវឌ្ឍ និងការសាងសង់ជារៀងរាល់ឆ្នាំ។

ជាក់ស្ដែង ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ កំណើនសេដ្ឋកិច្ចកម្ពុជារក្សាបានស្ថេរភាព ៧ភាគរយ ក្នុងមួយឆ្នាំចំណូលមធ្យមសម្រាប់មនុស្សម្នាក់កើនឡើងពី ១៤៣៥ដុល្លារ ក្នុងឆ្នាំ២០១៧ ដល់ ១៥៤៨ដុល្លារ ក្នុងឆ្នាំ២០១៨ និងប៉ាន់ស្មានឡើងដល់ ១៦៧៩ដុល្លារ ក្នុងឆ្នាំ២០១៩ អតិផរណាស្ថិតក្នុងកម្រិតទាប ២,៥ភាគរយ អត្រាភាពក្រីក្រក្រោម ១០ភាគរយ នឹងបន្តថយចុះក្នុងអត្រា ១ភាគរយប្រចាំឆ្នាំ។ ភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជាកើនឡើងពី១លាននាក់ នៅឆ្នាំ២០០៤ ដល់២លាននាក់នៅឆ្នាំ២០០៧ និងបន្តកើនឡើងជាលំដាប់រហូតដល់ប្រមាណ ៦.២លាននាក់ នៅឆ្នាំ២០១៨៕

ដោយ ប្រាក់ លាង