ឯកឧត្តម យូ ឡាណា អញ្ជើញចូលរួមក្នុងពិធីបើកការបោះជំរំ យុវជនកាកបាទក្រហមនៅសហគមន៍ត្រពាំងសង្កែ ខេត្តកំពត

AKP កំពត ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — ក្រោមការរៀបចំរបស់កាកបាទក្រហមកម្ពុជា និងមានកិច្ចសហការពីសាខាកាកបាទ ក្រហមកម្ពុជាខេត្ត និងអាជ្ញាធរខេត្តកំពត បានបើកកម្មវិធី​បោះជំរំយុវជនកាកបាទក្រហម ក្រោមប្រធានបទ “យុវជនជាភ្នាក់ងារនៃការផ្លាស់ប្ដូរឥរិយាបថជាវិជ្ជមាន ដើម្បីសុវត្ថិភាពសហគមន៍”  កាលពីវេលាល្ងាចនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលធ្វើឡើង នៅសហគមន៍ត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត គឺមានរយៈពេលបីថ្ងៃ។

ក្នុងពិធីនោះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងលោកស្រីលាង ហៃ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ព្រមទាំង ប្រតិភូកាក បាទក្រហមកម្ពុជាមកពីថ្នាក់កណ្ដាលនិងសមាជិក សមាជិកាគណៈកម្មាធិការសា ខាកាកបាទក្រហមខេត្តកំពតផងដែរ។

ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពត បានសម្តែងអំណរគុណ និងការកោតសរសើរដល់កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំ​របស់​សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន ​រ៉ានី ​ហ៊ុន សែន​ដែលបានរៀបចំពិធីដ៏មានសារៈ ប្រយោជន៍នេះនិងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានគណៈប្រតិភូកាកបាទក្រហម និង យុវជនកាកបាទក្រហមកម្ពុជាមកពីខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកែប ខេត្តកំពត និងរាជធានីភ្នំពេញ។

ឯកឧត្តម ជាវ តាយ បានបញ្ជាក់ឱ្យដឹងពីវឌ្ឍនភាពរីកចម្រើននៃវិស័យស្នូល ទាំង៤របស់កាកបាទក្រហមកម្ពុជាដែលសាខាកាកបាទក្រហមខេត្តកំពតសម្រេចបានក្នុងការជួយជនរងគ្រោះ និងងាយរងគ្រោះនៅតាមសហគមន៍បានទាន់ពេលវេលា ស្របតាមពាក្យស្លោក(កាកបាទក្រហមមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល)។

ក្នុងឱកាសនោះ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២កាកបាទក្រហម កម្ពុជាក៏បានមានប្រសាសន៍ សម្តែងការកោតសរសើរ​ចំពោះ​សាខាកាកបាទក្រហមខេត្ត​កំពត​ និងអាជ្ញាធរមូលដ្ឋាន​ដែលមានកិច្ច​សហការយ៉ាងយកចិត្តទុកដាក់ក្នុង​ការបោះ​ជំរំ របស់ យុវជន​កាកបាទក្រហម​កម្ពុជា​ពេលនេះ។ ឯកឧត្តមបានបន្តថា តាមនិយមន័យជំរំ គឺជាជម្រកបណ្ដោះអាសន្នមួយសម្រាប់ស្នាក់នៅរយៈពេលខ្លី មធ្យម វែងទៅ តាមកាលៈទេសៈ និងទីកន្លែង។ ការបោះជំរំ គឺជាវិធីអប់រំមួយបែបដែលធ្វើឱ្យយុវជនយុវនារីដែលមក ពីកន្លែងផ្សេងៗគ្នាអាចរួមរស់នៅជាមួយគ្នា សាមគ្គីចេះជួយគ្នា ផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក។ ការរស់នៅក្នុងជំរំគឺអប់រំយុវជនឱ្យ រៀនរស់នៅដោយឯករាជ្យ ចេះរស់នៅជាមួយធម្មជាតិបង្កើតគំនិតច្នៃប្រឌិត ស្វែងរកចំណេះដឹងថ្មីៗដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួន។

ដោយឡែកជំរំយុវជនកាកបាទប្រហមកម្ពុជានាថ្ងៃនេះ គឺជាការបើកឱកាសឱ្យ ក្មួយៗយុវជនយើងបានឈ្វេងយល់ពីគ្នាទៅវិញទៅមកធ្វើសកម្មភាពរួមគ្នាដើម្បីបណ្ដុះផ្នត់គំនិតស្មារតីស្រឡាញ់វប្បធម៌នៃការចែករំលែកស្រឡាញ់ការងារសង្គមរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គមជាតិឱ្យកាន់តែរីកចម្រើនលើឆាកជាតិ និងអន្តរជាតិ។ លើសពីនេះទៅ ទៀតជំរំយុវជនអាចផ្ដល់ចំណេះដឹងថ្មីៗ និងបទពិសោធន៍ជាច្រើនក្នុងការកែប្រែឥរិយាបថ ប្រកបដោយភាពវិជ្ជមានដើម្បីយុវជនយើងក្លាយជាកូនល្អមិត្តល្អ និងពលរដ្ឋល្អនៅក្នុងសង្គម តាមរយៈវគ្គបណ្ដុះបណ្ដាលយុវជនជាភ្នាក់ងារនៃការផ្លាស់ប្ដូរឥរិយាបថរបៀបធ្វើការងារជាក្រុមការសហការគ្នាក្នុងជីវភាពរស់នៅប្រចាំថ្ងៃជាដើម។

នាឱកាសនោះ ឯកឧត្តម យូ ឡាណា បានផ្តាំផ្ញើដល់ក្មួយៗយុវជនត្រូវ ខិតខំរៀនសូត្របន្តធ្វើសកម្មភាពមនុស្សធម៌កម្មភាពការងារសង្គមតាមរយៈកាកបាទក្រហមកម្ពុជាឱ្យកាន់តែផុលផុសបន្ថែមទៀត៕

ដោយ ប្រាក់ លាង