សម្តេចក្រឡាហោម ស ខេង៖ រាជរដ្ឋាភិបាលផ្តល់អាទិភាពរាល់ការអភិវឌ្ឍទាំង​ឡាយណាដែលគិត​គូរដល់ការអភិរក្សធនធានធម្មជាតិ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​បានអះអាងថា រាជ​រដ្ឋាភិបាល បានផ្តល់អាទិភាពខ្ពស់ដល់រាល់ការអភិវឌ្ឍទាំងឡាយដែលទ្រទ្រង់ ​និងគិតគូរ​ដល់​ការអភិរក្ស ធនធានធម្មជាតិដ៏មានតម្លៃ។

ក្នុងវេទិកាជាតិអេកូទេសចរណ៍លើកទី១ អមជាមួយពិធីប្រកាសដាក់ឱ្យប្រើប្រាស់​គោលន​​យោបាយ​អេកូទេសចរណ៍(២០១៩-២០៣០) នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ សណ្ឋាគារហ្គាឌែនស៊ីតធី សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជាជានិច្ច​កាល តែងបានគាំទ្រ និងផ្តល់អាទិភាពខ្ពស់ដល់រាល់ការអភិវឌ្ឍទាំងឡាយ​ដែល​ទ្រទ្រង់ និងគិតគូរដល់ការអភិរក្សធនធានធម្មជាតិដ៏មានតម្លៃទាំងឡាយ។សម្ដេចក្រឡាហោម បានរម្លឹកថា រាជរដ្ឋាភិបាលធ្លាប់បានលុបចោល គម្រោងសាងសង់ទំនប់វារីអគ្គិសនី​ព្រមជា​មួយការលុបចោលគម្រោងយករ៉ែទីតាញ៉ូម (Titanium) នៅតំបន់អារ៉ែង និងតំបន់ភ្នំក្រវ៉ាញ បើ​ទោះបីជាផលប្រយោជន៍សេដ្ឋកិច្ច ដែលនឹងទទួលបានពីគម្រោងទាំងពីរមានទំហំធំ និងរួម​ចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិក៏ដោយ ត្រូវរក្សាទុកតំបន់នេះ ជាគោលដៅ​ទេសចរណ៍។ 

សម្ដេចក្រឡាហោមបានលើកឡើងថា ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍវិស័យអេកូ​ទេសចរណ៍ និងទេសចរណ៍សហគមន៍ ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព សម្រាប់ក្រប ខ័ណ្ឌនៃក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និង អេកូទេស​ចរណ៍ ក្រសួងទេសចរណ៍ ត្រូវសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ធ្វើការកំណត់តំបន់អេកូទេសចរណ៍ អាទិភាព។  ចំពោះសហគមន៍ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរហូតដល់ជាង ២.៣០០ កន្លែង ប៉ុន្តែសហគមន៍ដែល​មានសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ មានចំនួនតែប្រមាណ១២៥កន្លែងប៉ុណ្ណោះ។ ជាមួយគ្នានេះ សម្ដេចក្រឡាហោមបានស្នើឱ្យក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រ សួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយ ក្រសួងសាធារណការ និងដឹក ជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ និងគណៈអភិបាលរាជធានី-ខេត្ត ដើម្បីពិនិត្យលទ្ធភាព ក្នុងការសាងសង់ផ្លូវភ្ជាប់ទៅគោលដៅសហគមន៍ទេសចរណ៍អាទិភាព។

ទន្ទឹមនេះ ក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការសិក្សាលម្អិតអំពីលទ្ធភាព​ក្នុងការផ្គត់ផ្គង់អគ្គិសនីក្នុងតម្លៃទាបជាងទីផ្សារ សម្រាប់ការប្រើប្រាស់ក្នុងសហគមន៍​ផងដែរ។

ក្រៅពីនេះ ដើម្បីជំរុញការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការសហគមន៍​ទេសចរណ៍ និងអេកូទេសចរណ៍  សម្ដេចក្រឡាហោមបានគាំទ្រឱ្យមាន ការរៀបចំវេទិកា​ជាតិលើកទី២នៅឆ្នាំ២០២០ខាងមុខ និងជារៀងរាល់ឆ្នាំ និងគាំទ្រឱ្យស្នើសុំរាជរដ្ឋាភិបាល រៀប​ចំទិវាជាតិអេកូទេសចរណ៍ប្រចាំឆ្នាំ ដោយកំណត់យកថ្ងៃទី១៩ ខែវិច្ឆិកា ជាថ្ងៃដែ លរាជរដ្ឋាភិ​បាល អនុម័តដាក់ឱ្យប្រើប្រាស់ គោលនយោបាយជាតិ អេកូទេសចរណ៍។

សម្ដេចក្រឡាហោមបានជំរុញលើកទឹកចិត្តស្នើឱ្យវិស័យឯកជន ជាពិសេសទីភ្នាក់ងារ​ទេសចរណ៍ ទាំងអស់រៀបចំខ្សែទស្សនកិច្ចនិងនាំភ្ញៀវទេសចរឱ្យបានច្រើនទៅកាន់​សហគមន៍​ទេសចរណ៍ទាំងអស់នៅទូទាំងប្រទេសដើម្បីចូលរួមលើកកម្ពស់ការផ្សព្វផ្សាយដល់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ឱ្យបានទូលំទូលាយ៕

ដោយ ប៊ុនរិទ្ធ