សម្ដេចតេជោ ហ៊ុន សែន ទទួលជួបអនុប្រធានាធិបតីប្រទេសប៉ាឡាវ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ទទួលជួបឯកឧត្តម រ៉េនុល អ៊ុលឡោច (Raynold B.Oilouch) អនុប្រធានាធិបតី និងរដ្ឋម​ន្ត្រី​ក្រសួងយុត្តិធម៌នៃប្រទេសប៉ាឡាវ នាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ក្នុង​ខណៈ​ដែល​ឯ​ក​ឧត្ដ​ម និងគណៈប្រតិភូអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ី​ប៉ាស៊ីហ្វិ​ក​​លើកទី២ នៅព្រះ​រា​​ជាណាចក្រកម្ពុជា។

ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់​អ្នកយកព័ត៌មាន​ក្រោ​យ​​ជំនួបនោះថា  ឯកឧត្តមអនុប្រធានាធិបតី បានសម្ដែងងនូវការរីករាយជាខ្លាំង ដែលបានមក​ចូ​ល​រួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ ហើយក៏ជាឱកាសដែលឯកឧត្តមបានស្គា​ល់​ប្រទេសកម្ពុជា ដែលបានចាត់ទុកថាជាប្រទេសល្អ និងមានភាពស្អាត។   ឯកឧត្តម​បាន​បន្ត​ថា ប្រទេសទាំងពីរកម្ពុជា និងប៉ាឡាវ បានបង្កើតទំនាក់ទំនងការទូត ជាមួយគ្នាយូរ​មក​ហើ​យ ប៉ុន្តែ​ហាក់ដូចជាមិនសូវមានសកម្មភាពជាមួយគ្នា ដោយសារតែយើងនៅឆ្ងាយពីគ្នា។ ឯ​ក​ឧត្តម​បានយល់ថា ការអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ នឹងបើកទំព័រថ្មីមួយ រវាង​កិ​ច្ច សហប្រតិបត្តិការ ប្រវត្តិសាស្រ្ត នៃប្រទេសទាំងពីរ។

ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឯកភាពថា នេះគឺ​ជាឱកាស​ដែល​ប្រ​ទេសទាំងពីរកម្ពុជា និងប៉ាឡាវ អាចចាប់ផ្ដើមទំនាក់ទំនង ក៏ដូចជាកិច្ចសហ​ប្រតិបត្តិការ ដែ​ល​អាចធ្វើឱ្យស្របនឹងអ្វីដែលយើងមាន។ សម្ដេចតេជោ បានផ្ដួចផ្តើមនូវ​គំនិត​ថា ប្រទេស​ទាំង​ពី​រគួរតែ​មានការចុះអនុស្សរណៈលើការយោគយល់គ្នាមួយ ស្តីពីការពិគ្រោះ​យោបល់ រវា​ង​ក្រ​សួ​ងការបរទេសនៃប្រទេសទាំងពីរ ដើម្បីឱ្យក្រសួងនៃប្រទេសទាំងពីរ រិះរក​វិស័យណា  ដែល​យើ​ងអាច ធ្វើកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងគ្នា។ សម្តេចតេជោ បាន​បន្តថា ជំហានបន្ទាប់ គឺ​អា​ច​ចុះអនុស្សរណៈលើការយោគយល់គ្នាស្តីពីការលើកលែង ទិដ្ឋា​ការ សម្រាប់លិខិតឆ្លង​ដែន​កា​រទូត និងឆ្លងដែនផ្លូវការ ហើយបន្ទាប់មកអាចចុះហត្ថលេខា លើកិច្ចការពារពាណិជ្ជកម្ម និ​ង​វិ​និយោគរវាងប្រទេសទាំងពីរ។ តាមរយៈជំនួបនេះ សម្ដេចតេជោក៏បានផ្ដាំផ្ញើដើម្បី​អញ្ជើ​ញ​ឯកឧត្តមប្រធានាធិបតី និងលោកជំទាវទីមួយប៉ាឡាវ មកបំពេញទស្សនកិច្ច នៅព្រះរា​ជា​ណា​ចក្រកម្ពុជា តាមពេលវេលាសមស្របណាមួយ។ សម្ដេចតេជោបានបញ្ជាក់ទៀតថា យើង​គួរ​តែ​ចា​ប់ផ្ដើមដំបូងលើកិច្ចសហប្រតិបត្តិការ និង​ការវិនិយោគ ហើយកម្ពុជាក៏អាចមាន​ផលិត​ផល​ខ្លះ អាចនាំទៅកាន់ទីផ្សារ ប្រទេសប៉ាឡាវ​បានដែរ។ សម្ដេចតេជោក៏បានសម្តែងពីបំណងប្រាថ្នា បំ​ពេញទស្សនកិច្ចនៅប៉ាឡាវផងដែរ ដើម្បីចាប់ផ្ដើមជំរុញទំនាក់ទំនងប្រទេសទាំងពីរ។  

ឯក​ឧត្ត​មអនុប្រធានាធិបតី  បានអរគុណដល់សម្ដេចតេជោ និងបានលើកឡើងថា ឯកឧត្តមរង់ចាំការចុះ​អនុស្សរ​ណៈ​យោគយល់គ្នាស្តីពីការពិគ្រោះយោបល់ ដើម្បីចាប់ផ្ដើម​ពិនិត្យឱកាស ដែលយើងអាច​រៀ​ន​សូត្រពីគ្នា ជាពិសេសនៅលើវិស័យការពារវិនិយោគ និង​ពាណិជ្ជកម្ម។ ក្រៅពីនោះ ក៏អាច​មា​នកិច្ចសហប្រតិបត្តិការជាមួយគ្នា លើការប្រយុទ្ធប្រឆាំង​ភេរវកម្ម ការទប់ស្កាត់ឧក្រិដ្ឋកម្ម​ឆ្ល​ង​ដែ​ន និងការរត់ពន្ធគ្រឿងញៀន។   ឯកឧត្តមអនុ​ប្រធានាធិបតីក៏បានជម្រាបសម្ដេចតេជោ​ផ​ង​ដែរអំ​ពី​ការដែលប៉ាឡាវ ត្រៀមរៀបចំ​កិច្ចប្រជុំ​កំពូលស្តីពីមហាសាគរ ដែលនឹងប្រព្រឹត្តទៅនៅ​ឆ្នាំ​២០២០ខាងមុខ និងមួយទៀត គឺកិច្ចប្រជុំ​កំពូលនៃស្ត្រីទី១ តំបន់អាស៊ីប៉ាស៊ីហ្វិក ដែ​ល​នឹ​ង​ប្រព្រឹត្ត ទៅនៅដើមខែធ្នូខាងមុខនេះ ដោយបានអញ្ជើញសម្ដេចទៅចូលរួមផងដែរ។ ពាក់​ព័​ន្ធ​នឹ​ងការអញ្ជើញនេះ សម្តេចតេជោ បានទទួលយកការអញ្ជើញ ហើយបានលើកឡើងថា ប្រ​សិ​នបើមានឱកាស សម្ដេចនឹង​អញ្ជើញ​ចូលរួមកិច្ចប្រជុំទាំងពីរនេះ និងបំពេញដំណើរ​ទស្សន​កិ​ច្ច​ នៅប្រទេសប៉ាឡាវ​ផងដែរ៕

ដោយ ជឹម ណារី