មន្រ្តី​ជាន់ខ្ពស់ក្រសួងសាធារណការ៖ សុវត្ថិភាពចរាចរណ៍គឺជាបញ្ហាសុខភាព​សាធារណៈ ដែលទាមទារឱ្យមានការដោះស្រាយបន្ទាន់

AKP សៀមរាប ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា សុវត្ថិភាពចរា​ចរណ៍ គឺជាបញ្ហាសុខភាពសាធារណៈ និងការងារអភិវឌ្ឍន៍ដ៏ចម្បង ដែលទាមទារឱ្យ​មាន​ការដោះ​ស្រាយបន្ទាន់ ខណៈចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍លើពិភពលោកនៅ​តែ​មាន​ចំនួន​ខ្ពស់និងបន្ដកើនឡើងយ៉ាងខ្លាំងដែលមានចំនួនប្រមាណ១​​.៣៥លាននាក់ជារៀង​រាល់​ឆ្នាំ។

ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយនិងបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការបើកបរទោចក្រយាន យន្ដប្រកបដោយសុវត្ថិភាព ​ការសង្រ្គោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ បូករួមជាមួយ​នឹងហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដល់សិក្សានុសិស្សវិទ្យាល័យ ១០ មករា ក្នុងខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការ​ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងពុះ​ពារ​យ៉ាងសកម្មទប់ស្កាត់លុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ដែលកំពុងតែកើតមានជារាងរាល់ថ្ងៃនាពេលបច្ចុប្បន្ននេះ។​ លោកជំទាវបានជំរុញដល់យុវជនទាំងអស់ ត្រូវធ្វើជាគំរូក្នុងការគោរព​ច្បាប់របស់ប្រទេសជាតិយើងដែលផ្តើមពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចាប់ពីពេលនេះទៅ ព្រោះ​ថា​សកម្មភាពរបស់យើងក្នុងការគោរព និងអនុវត្តន៍ច្បាប់ គឺបានបង្ហាញយ៉ាងច្បាស់អំពី ឥរិយាបថ និងស្មារតីទទួលខុសត្រូវយ៉ាងជាក់ស្តែង។

លោកជំទាវបានបន្ដថា គ្រោះថ្នាក់ចរាចរណ៍បានក្លាយជាបញ្ហាចម្បងទី១​ក្នុងសកល​លោកដោយបានឆក់យកជីវិតមនុស្សមានអាយុចន្លោះពី៥-២៩ឆ្នាំ ហើយក្នុងនោះមាន​ប្រមាណ​៥០ភាគរយ នៃអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ គឺជាអ្នកបើកបរទោចក្រ​យាន​យន្ដ អ្នកថ្មើរជើង និងអ្នកជិះកង់។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បា​ន​បង្ហាញថា នៅក្នុងត្រីមាសទី៣ ក្នុងឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩៨៨​លើកនៅលើដងផ្លូវ ដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន៤៨៨នាក់ និងរបួស​ចំនួន១.៤៩៤​នាក់ ដែលក្នុងនោះ ខេត្តសៀមរាបស្លាប់ចំនួន៣៧នាក់ផងដែរ។ ចំពោះមូលហេតុដែលបង្ក​ឱ្យមានគ្រោះថ្នាក់ គឺនៅតែបណ្តាលមកអំពីបើកបរល្មើសល្បឿនកំណត់៣៣ភាគរយ ការមិន​គោរពសិទ្ធិអាទិភាព២៧ភាគរយ ការមិនប្រកាន់ស្តាំ១៣ភាគរយ ការវ៉ាជែង១០ភាគរយ ការបត់ ៩ភាគរយ ស្រវឹង៤ភាគរយ កត្តាយាន្ត ៣ភាគរយ និងងងុយ១ភាគរយ។ បើប្រៀប​ធៀបទៅនឹងឆមាសទី៣ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើនឡើងចំនួន៣២ភាគរយ ដែលក្នុង​ចំណោមចំនួនស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍៨០ភាគរយគឺជាអ្នកបើកបរម៉ូតូ។

អ្នកស្រី អូលីវ្យែ វាយឌែន តំណាងអង្គការ APIWSA បានលើកឡើងថា វិស័យ​ឯកជន​មានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមយុទ្ធនាការផ្សព្វផ្សាយស្ដីពីសុវត្ថិភាពចរាចរណ៍ ដើម្បី ចូលរួមចំណែកកាត់បន្ថយចំនួនគ្រោះថ្នាក់ និងចំនួនអ្នកស្លាប់ដែលបណ្ដាលមកពីគ្រោះថ្នាក់ ចរាចរណ៍ជាពិសេសចំពោះមូលហេតុបង្កដោយសារការបើកបរក្រោមឥទ្ធិពលនៃ​គ្រឿង​ស្រវឹង។ អ្នកស្រីសម្ដែងនូវក្ដីរីករាយចំពោះការចូលរួមសហការជាដៃគូជាមួយ ក្រសួងសាធារ​ណការ និងដឹកជញ្ជូន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រុមហ៊ុន HONDA និងស្ថាប័នជំនាញដែលមានវត្តមានទីនេះ ដើម្បីពង្រឹងនូវខ្លឹមសារ និងការអប់រំសុវត្ថិភាពចរា​ចរណ៍​ដែលមាននៅថ្ងៃនេះ៕

ដោយ ឃុត សៅ