សម្ដេចតេជោ ហ៊ុន សែន៖ ដើម្បីឱ្យពិភពលោកមានសន្តិភាពយូរអង្វែង និងរឹងមាំ ចាំបាច់​ត្រូវ​មានសន្តិភាពគ្រួសារ សហគមន៍ និងសន្តិភាពក្នុងសង្គមជាតិជាមុនសិន

AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — ក្នុងខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ក្រោ​​​ម​ប្រធាន​បទ«ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួ​ប​​​បង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល»​នោះ​ ប្រ​មុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រ​សា​សន៍​ថា ដើម្បីឱ្យពិភពលោកមានសន្តិភាពយូរអង្វែង និងរឹងមាំ ចាំបាច់ត្រូវមានសន្តិភាព​គ្រួសា​រ ​សន្តិភាពសហគមន៍ និងសន្តិភាពក្នុងសង្គមជាតិជាមុនសិន។

ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០​១៩​ នៅវិមានសន្តិភាព ដែលមានអ្នកចូលរួមជាង១.០០០នាក់ មកពីបណ្ដាប្រទេស​ជាង៤០ ស​ម្ដេច​តេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល សង្គម​ស៊ី​វិល និងស្ថាប័នឯកជន សូមបន្តធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងស៊ី​ជម្រៅ​​ថែ​ម​​ទៀត ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងបញ្ហាប្រឈមសកល។ បញ្ហា​ទាំងនោះរួមមាន ១. ភា​ព​ជ្រុល​និយម និងចលនាជ្រុលនិយម ២. ការគាំពារនិយម និងឯកតោ​និយម ៣. ការប្រែប្រួល​ធាតុ​អាកាស ៤. ឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរមនុស្ស ៥. ការ​គម្រាមសន្តិសុខតាម​ប្រព័ន្ធ​អ៊ី​ន​​ធឺណេត និង ៦. វិសមភាពសង្គម-សេដ្ឋកិច្ច រួមទាំង​វិសម​ភាពយេនឌ័រ។ ​ស​ម្ដេ​ច​​តេជោក៏​បានអំពាវនាវដល់សហគមន៍អន្តរជាតិ សូមចូលរួមទាំងអស់​គ្នាគោរព និង​ស្តារឡើង​វិ​ញ​នូវប្រព័ន្ធពហុភាគីអន្តរជាតិដែលបើកចំហប្រកបដោយបរិយាប័ន្ន និងគោរពយ៉ាងខ្លាប់ខ្លួន​នូវ​គោ​លការណ៍ច្បាប់ ដើម្បីបណ្តុះបណ្ដាលថ្នាលសង្គមមួយ​​ជាមួយ​នឹងចក្ខុវិស័យ ​​និងទស្សនាទា​​នថ្មីៗ​ប្រកបដោយប្រសិទ្ធភាព និងភាពច្នៃប្រឌិត ដែលជាតម្លៃ  ស​កលស​ម្រាប់​មនុស្សជាតិ។ សម្ដេចតេជោបានរំលេចថា កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុង្គ​ឧត្តមក្នុងការធ្វើជា​ម្ចាស់ផ្ទះ​រៀ​បចំកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តនេះ ស្របពេលដែលពិភព​លោក​កំពុងជួបវិបត្តិ និងបញ្ហា​ប្រ​ឈមសកល រួមមាន សង្គ្រាមពាណិជ្ជកម្ម ភូមិសាស្ត្រ​នយោបាយ និងការប្រកួត​ប្រជែង​របស់​ប្រទេសមហាអំណាច សកម្មភាពវិទ្ធង្សនា សង្គ្រាម​អូសបន្លាយនៅតំបន់មជ្ឈិមបូព៌ា ការ​ប្រែ​​ប្រួលអាកាសធាតុ ភាពក្រីក្ររាំរ៉ៃ និងភេរវកម្មជ្រុល​និយមជាដើម ដែលបានគំរាម​ដល់​សន្តិ​សុ​ខវិបុលភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទាំងក្នុង​​តំបន់និងសកលលោក។ លើសពីនេះទៀត ដែលនឹងអាចបំផ្លាញ​ដល់​វ​ឌ្ឍ​នភាព ព្រមទាំង​សមិទ្ធផលជាច្រើនឆ្នាំនៃការធ្វើសមាហរណកម្ម និងសកលភាវូបនីយកម្ម និង​ភាពសុខ​ដុមរមនារបស់ប្រជាជន។ ទន្ទឹមនេះ ទ្វីបអឺរ៉ុបដែលធ្លាប់តែមានភាពសុខសាន្ត​ជា​ង​គេលើ​សកល​លោក ក៏កំពុងជួបប្រទះនូវវិបត្តិជាច្រើនដែលបណ្ដាលមក​ពីភាពតានតឹងផ្នែក​ន​​យោ​បាយ និងការធ្លាក់ចុះនូវទំនាក់ទំនងរវាងប្រទេសនឹងប្រទេស និងបញ្ហាប្រឈមសកល​ជា​ច្រើនទៀត ដែលបញ្ហាប្រឈមទាំងអស់នេះ ចាំបាច់ទាមទារឱ្យប្រទេសនៅក្នុងតំបន់អាស៊ី​ប៉ា​ស៊ីហ្វិក ក៏ដូចជាសកលលោកបង្ហាញនូវឆន្ទៈរួមមួយដែលរឹងមាំ និងការឯកភាពគ្នា​ជាធ្លុង​មួ​យ​ ដើម្បីនាំមកនូវសុខសន្តិភាព និងភាពសុខដុមរមនាជូនប្រជាជននៅក្នុងតំបន់និងពិភព​លោ​ក។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានរម្លឹកអំពីបទពិសោធន៍កម្ពុជាកន្លងមក ដែលទាក់​ទង​​នឹងប្រធានបទកិច្ចប្រជុំកំពូលសន្តិភាពនិងការបង្រួបបង្រួមជាតិថា  នៅ​ក្នុងប្រវត្តិសាស្ត្រ​ក​ម្ពុ​​ជា សង្គ្រាមឥណ្ឌូចិនពីឆ្នាំ១៩៧០-១៩៧៥ និងរបបប្រល័យពូជសា​សន៍​ពីឆ្នាំ១៩៧៥-១៩​៧​៩ បា​ន បំផ្លិចបំផ្លាញដល់ឫសគល់នូវហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ច​ជាតិ។ ទន្ទឹមនេះ ថ្វីត្បិតរបប​ខ្មែរ​ក្រ​ហ​ម​ត្រូវបានបញ្ចប់នៅថ្ងៃទី០៧ ខែ មករា ឆ្នាំ ១៩៧៩ ប៉ុន្តែសង្គ្រាមស៊ីវិលនៅក្នុង​ប្រទេស​នៅ​តែ​ប​​ន្តអូសបន្លាយរហូត។ សម្ដេចតេជោបានលើកឡើងថា កម្ពុជាពេលនោះ​បាន​ប្រើប្រាស់ដៃម្ខាងសម្រាប់ការពារប្រទេសពីការ​វិល​ត្រឡប់នៃរបបប្រល័យពូជសាសន៍ និងដៃ​ម្ខាង​ទៀតធ្វើការអភិវឌ្ឍប្រទេសជាតិឡើងវិញ ពី​ចំ​ណុចសូន្យ ជាមួយនឹងការការហ៊ុមព័ទ្ធ​ខាង​ផ្នែកសេដ្ឋកិច្ចពីខាងក្រៅដោយអយុត្តិធម៌។

តែទោះបីយ៉ាងណាក្ដី ជាប​ន្ត​បន្ទាប់ ទោះបីកម្ពុជាសម្រេចបាននូវសន្ធិសញ្ញាសន្តិភាព​ទីក្រុង​បារីសនៅឆ្នាំ១៩៩១ និងបាន​រៀ​បចំការបោះឆ្នោតលើកទី១ ក្នុងឆ្នាំ១៩៩៣ ប៉ុន្តែ​សង្គ្រាមស៊ីវិលរ៉ាំរ៉ៃនៅតែបន្តរហូត ហើយ​កត្តា​​​​នេះ គឺជាមូលហេតុដែលជំរុញឱ្យសម្ដេច ដាក់​ចេញ​នូវ «នយោ​បា​យ​ឈ្នះ-ឈ្នះ» ដល់គ្រប់ភាគី​ពា​​ក់​ព័ន្ធទាំងអស់ ដើម្បីបញ្ចប់សង្គ្រាមរ៉ាំរៃ ស្វែង​រកសន្តិភាព និងការបង្រួបបង្រួមជាតិ​នៅកម្ពុ​ជា​ ជាមួយនឹងលក្ខខណ្ឌអាទិភាពសំខាន់ ៣ យ៉ាង ទី១. ការធា​នា​ថា បុគ្គលគ្រប់រូបអាចបន្តរស់​រាន​មាន​ជីវិត ទី២. ការធានាថាបុគ្គល​គ្រប់​រូបមានការងារ និងមុខរបរចិញ្ចឹមជីវិត និងទី.៣ ការ​ធា​នា​​​​ការការពារនូវទ្រព្យសម្បត្តិ​របស់​ពួកគេទាំងអស់គ្នា។ សម្ដេចតេជោបានបន្ថែមទៀតថា ការអនុវត្តដោយជោគជ័យនូវ «នយោ​បា​យ ឈ្នះ-ឈ្នះ» នេះបានបញ្ចប់ជាស្ថាពរនូវសង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជា និងបាននាំមកនូវ​សន្តិ​ភា​​ពពេញលេញ ព្រមទាំងការឯកភាពជាតិ និងឯកភាពទឹកដីទាំ​ងស្រុ​ង​នៅចុងឆ្នាំ១៩៩៨។ នេះ គឺជាសន្តិភាព និងការបង្រួបបង្រួមជាតិ ដែលសម្រេចបានមកដោយ​កម្ពុជាខ្លួនឯងផ្ទាល់​ដោ​​យ​គ្មានការបង្ហូរឈាម គ្មានការប្រើអាវុធ ឬ គ្រាប់រំសេវ និងដោយគ្មានការបង្គាប់បញ្ជា ឬ ការ​ជួ​យ​ជ្រោ​មជ្រែងពីខាងក្រៅ។ សម្ដេចតេជោគូសបញ្ជាក់ទៀតថា សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋាន​គ្រឹះ​​មិនអាច​ខ្វះបានសម្រាប់ការអភិវឌ្ឍ ហើយការអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាប័ន្ន គឺ​ជាលក្ខខណ្ឌចាំបាច់សម្រាប់ការពង្រឹង និងការធានាឱ្យបាននូវសុខ​សន្តិភាព​​និងស្ថិរភាព​សង្គ​ម​។ សម្ដេចតេជោបានអះអាងថា សន្តិភាពដែលកម្ពុជាមានបច្ចុប្បន្ន គឺជាបទ​ពិសោ​ធន៍មួយរបស់ប្រទេសកម្ពុជា ដែលធ្លាប់​ត្រូវ​បានញាំញីដោយសារសង្គ្រាម ហើយ​បច្ចុប្បន្ន​កម្ពុជា​ស​ម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មី​គួរ​ជាទីមោទនៈ។ ជាការពិត កាលពី​ជាង២ទសវត្សរ៍កន្លងទៅ កម្ពុជាដែលល្បីក្នុងការប្រើអាវុធ​ដ​ណ្តើម​អំណាចគ្នា ហើយមាន​ការផ្លាស់ប្តូររបបគ្រប់​គ្រងជាញឹកញាប់ បច្ចុប្បន្នកម្ពុជាជា​ប្រ​ទេ​ស​ដែលគ្រប់គ្រងដោយនីតិរដ្ឋ គោរពយ៉ាងខ្ជាប់ខ្លួននូវ​គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី​ព​ហុ​បក្ស ជាមួយនឹងការរៀបចំ ការបោះឆ្នោតយ៉ាងទៀងទាត់ សេរីនិងយុត្តិ​ធម៌ ដើម្បីផ្តល់សិទ្ធិឱ្យ​ប្រ​ជាជនអាចជ្រើស​រើសមេ​ដឹកនាំប្រទេស ជានីតិរដ្ឋដែលគោរពគោលការណ៍ច្បាប់ និងរដ្ឋអធិ​ប​តេយ្យ ដែលមានឯករាជ្យ និងបូរណភាពទឹកដីពេញលេញ។ សម្ដេចតេជោបានរម្លឹកឡើងវិញថា កម្ពុជាដែលពីមុនជា​ប្រទេសត្រូ​វ​ទទួលរងការហ៊ុមព័ទ្ធ និងឯកោ ទាំងខាងនយោ​បាយ និងសេដ្ឋកិច្ច ឥឡូវនេះបាន​ក្លាយ​ជា​ប្រទេសដែលកំពុងសមាហរណខ្លួន​យ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបន​កម្ម​តំបន់ និ​ង​ពិ​ភពលោក និងជាប្រទេសដែលកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើ​ភាពក្នុង​គ្រ​ប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ។ ក្រៅពីនេះ បច្ចុ​ប្បន្ន ប្រជាជនកម្ពុជា​រស់​នៅជាមួយ​នឹងភាព​សុ​ខដុមរ​មនាគ្រប់ជាតិសាសន៍ គ្មានការរើសអើង ប្រ​ជាជនគ្រប់រូបទទួល​បានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិជំនឿសាសនា និងទំនៀមទម្លាប់ប្រពៃណី​ដោយ​សេរី និងទទួល​បាន​សេ​វា​សាធារណៈទូលំទូលាយ និងស្មើភាពគ្នា។

លើសពីនេះទៀត ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ បន្ទាប់ពី​ទទួ​​លបានសុខ​សន្តិភាព​នៅចុងឆ្នាំ១៩៩៨ កម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យគួរជា​ទីមោ​ទ​នៈ ជាមួយនឹង​កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យ​ម​ក្នុងរង្វង់៧.៧ភាគរយ ហើយសម្រេច​បាន​នូវ​ប​ង្គោ​​លចរ​ជាប្រវត្តិសាស្ត្រ គឺការឆ្លងពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមាន​ចំ​​ណូ​ល​មធ្យមកម្រិតទាប នៅឆ្នាំ២០១៥​។ អត្រានៃ​ភាពក្រីក្របានធ្លាក់ចុះពី៥៣.២ ក្នុងឆ្នាំ ២​០០​៤ មក​នៅក្រោម ១០ភាគរយ ក្នុងឆ្នាំ ២០១៩ ។ បច្ចុ​ប្បន្ន កម្ពុជាកំពុងខិតខំប្រឹងប្រែងបន្ថែមទៀត ដើ​ម្បី​ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមាន​ចំណូ​ល​ខ្ពស់​នៅឆ្នាំ ២០៥០។ ចំណែកវិស័យអប់រំ និងការថែទាំសុខភាពសាធារណៈ ក៏កាន់តែ​មា​ន​ភាពល្អប្រសើរឡើង។ ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ បច្ចុប្បន្នកម្ពុជាជាប្រ​ទេ​ស​ដែលចូល​រួមចំណែកយ៉ាង​សកម្មក្នុង​ការ​ថែ​​រក្សា សុខសន្តិភាពពិភពលោក តាមរយៈការបញ្ជូនកង​រក្សា​សន្តិភាព និងក្រុមដោះមីន ទៅ​កាន់​ប្រទេសនានាលើសកលលោកក្រោមឆ័ត្រ​នៃអង្គការ​សហប្រជាជាតិ។

សម្ដេចតេជោ ហ៊ុន សែន ​សង្ឃឹមថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក​ឆ្នាំ២០១៩ នៅ​កម្ពុជា នឹងពិភាក្សាយ៉ាងផុស​ផុ​ល​​​អំពីបញ្ហាប្រឈម និងដំណោះស្រាយសមស្របដែល​នឹង​ចូលរួមចំណែកដល់ការកសាង​ពិភព​​លោកមួយ ដែលប្រជាជនគ្រប់ប្រទេសក្នុងតំបន់​អាស៊ី​ប៉ា​ស៊ីហ្វិក ក៏ដូចជាពិភពលោក​ទាំ​ង​មូ​ល រស់នៅក្រោមម្លប់សុខសន្តិភាព និងភាពសុខ​ដុមរមនា​ជាមួយគ្រប់ជាតិសាសន៍ ដោយ​ពុំ​​មាន​ការបែងចែកវណ្ណៈ និងពណ៌សម្បុររវាងមនុស្ស​ជាតិ​ដូចគ្នា៕

ដោយ ជឹម ណារី