ក្រុមហ៊ុន R&F High Fun  ភ្នំពេញ ប្រគុំតន្ត្រីសប្បុរសធម៌ប្រមូលថវិកាបាន ១២លានរៀលផ្តល់ជូនមូលនិធិគន្ធបុប្ផា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — កាលពីរាត្រីថ្ងៃសៅរ៍ ៥រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ ក្រុមហ៊ុន  R&F ភ្នំពេញ បានរៀបចំការប្រគំតន្ដ្រីសប្បុរសធម៌នៅការិយាល័យផ្នែកលក់នៃ បុរីមជ្ឈមណ្ឌល R&F ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី តារាចម្រៀងល្បីៗ ដែលមានប្រជាប្រិយភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប និង  ទស្សនិកជនជាអ្នកគាំទ្រយ៉ាង​ច្រើនកុះករ។

លោក Xu Wenshui អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន R&F កម្ពុជា បានមានប្រសាសន៍ថា ពិធីបុណ្យអុំទូកគឺជាពិធីបុណ្យធំមួយក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិសំខាន់ៗទាំង៣ របស់ព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាពិធីបុណ្យមួយដែលប្រជាជនកម្ពុជានិយមចូលរួមយ៉ាងកុះករ ដើម្បីអបអរសាទររួមគ្នា។ ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យចិនឈានមុខមួយនៅកម្ពុជា ហើយក៏ជាអ្នកស្ថាបនា និងប្រតិបតិ្តការទីក្រុងដ៏ប្រពៃនេះ មិនដែលបំភ្លេចពីបេសកកម្មរបស់ខ្លួនចំពោះទំនួលខុសត្រូវក្នុងសង្គម និងការអភិវឌ្ឍអនាគតកាលឡើយ។ រាជធានីភ្នំពេញ គឺជារាជធានីដែលពោរពេញទៅដោយយុវវ័យ ដូច្នេះហើយទើបក្រុមហ៊ុន R&F កម្ពុជា រួមគ្នាជាមួយនឹង មូលនិធិគន្ធបុប្ផាកម្ពុជា បង្កើតកម្មវិធីសប្បុរសធម៌តាមបែបយុវវ័យ ក្នុងឱកាសពិធីបុណ្យអុំទូក ដើម្បីទ្រទ្រង់ដល់វិស័យសុខាភិបាលកុមារកម្ពុជា ព្រមទាំងអំពាវនាវនិងសង្ឃឹមថានឹងអាចមានអ្នកចូលរួមក្នុងការងារសប្បុរសធម៌កាន់តែច្រើនឡើងៗផងដែរ។

លោកបន្តថា តារាចម្រៀងកម្ពុជាល្បីៗ រួមមានលោក ឆន សុវណ្ណារាជ បូរ៉ា ដារ៉ាណា ឈិន រតនៈ ជាដើមបានឡើងសម្ដែងជាបន្តបន្ទាប់ ញ៉ាំងឱ្យកម្មវិធីមានភាពសប្បាយរីករាយក្រៃលែង សំឡេងហ៊ោកញ្ជ្រៀវកងរំពងមិនដាច់សូរ រួមជាមួយនឹងការគ្រវីដងអំពូលរបស់ទស្សនិកជន ដែលបង្កជាទិដ្ឋភាពសមុទ្រភ្លើងពណ៌ដ៏ស្រស់ស្អាតបំផុតនារាត្រីនោះ។ តារាចម្រៀងទាំងអស់បានសម្ដែង​ភាពរីករាយក្នុងការសហការជាមួយនឹងក្រុមហ៊ុន R&F កម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធីសប្បុរសធម៌នេះ ដោយប្រើកម្លាំងកាយចិត្តផ្ទាល់ខ្លួនជួយដល់អ្នកដែលកំពុងជួបប្រទះភាពខ្វះខាត ស្របពេលដែលអាចឱ្យខ្លួនធ្វើការថ្លែងអំណរគុណតបត្រឡប់ទៅវិញចំពោះកាស្រឡា​ញ់​គាំទ្រពីសំណាក់ទស្សនិកជនកន្លងមកនេះផងដែរ។

លោក Xu Wenshui បញ្ជាក់ថា ក្រុមហ៊ុន R&F គ្រុប បានពាំនាំមកនូវ “បុរីមជ្ឈមណ្ឌល ភ្នំពេញ” ដែលជាបុរីឧទ្យានស្ដង់ដារអន្តរជាតិដំបូងគេនៅរាជធានីភ្នំពេញ នៅលើទំហំផ្ទៃដី៥៦ម៉ឺនម៉ែត្រក្រឡា ដោយបង្កើតជាតំបន់រស់នៅលំដាប់ខ្ពស់ឈានមុខគេ។ “បុរីមជ្ឈ​មណ្ឌលភ្នំពេញ ” ចាក់គ្រឹះនៅចំកណ្ដាលនៃតំបន់ស្នូលនៃរាជធានីភ្នំពេញ ដែលជាទីប្រជុំជនដ៏មមា ញឹក ឡោមព័ទ្ធទៅដោយតំបន់ពាណិជ្ជកម្ម និងសាលាបណ្ដុះបណ្ដាលអន្តរជាតិជាច្រើន ងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ផ្នែកនានានៅក្នុងរាជធានីភ្នំពេញ និងសម្បូរទៅដោយធនធានហេដ្ឋារចនាសម្ព័ន្ធចម្បងៗផងដែរ ដែលស័ក្ដិសមជាតំបន់បុរីលំដាប់ខ្ពស់ឈានមុខ។

បន្ទាប់ពីចម្រៀងដ៏ពីរោះរណ្ដំរួចមក អ្នកតំណាងក្រុមហ៊ុន R&F កម្ពុជា ក៏បានឡើង ប្រគល់នូវថវិកាដែលទទួលបានពីការបរិច្ចាគរបស់សប្បុរសជននានាចំនួន ១២លានរៀល ដល់​មូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ៕

ដោយប៉ាល់ សុង