ជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ថវិកាសម្រាប់គម្រោងសម្រេចឱ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនប្រចាំកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ១៩១.៧៤៤ដុល្លារអាម៉េរិកដល់អង្គការ Nature Center Risen ក្រោមគម្រោងជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។

កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅរសៀលថ្ងៃចន្ទ ៧រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ដោយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោកស្រី អ៊ុវ៉ាម៉ា មីយ៉ូក នាយិកាអង្គការ Nature Center Risen នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ មានប្រសាសន៍ថា ជំនួយថវិកានេះសម្រាប់គម្រោងសម្រេច  ឱ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាព តាមរយៈការអប់រំបរិស្ថានតាមបែបអនុវត្តន៍នៅវិទ្យាស្ថានគរុកោសល្យ (TEC) ឆ្នាំទី ៣។ ក្នុងគម្រោងនេះ អង្គការ Nature Center Risen នឹងបង្កើតប្រព័ន្ធបណ្តុះបណ្តាលអំពីបរិស្ថានអប់រំជាបន្តបន្ទាប់ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់អនុវិទ្យាល័យ ក្នុងប្រទេសកម្ពុជា តាមរយៈការកែសម្រួលសៀវភៅណែនាំសម្រាប់បោះពុម្ពសៀវ ភៅអប់រំបរិស្ថាន និងផ្តល់ការគាំទ្រដល់មជ្ឈមណ្ឌលគរុកោសល្យមត្តេយ្យ។ វានឹងជួយធ្វើឱ្យប្រជាជនកម្ពុជាកាន់តែយល់ដឹងអំពីបញ្ហាបរិស្ថាន។

ឯកឧត្តម ឯកអគ្គរាជទូត បញ្ជាក់ថា កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្ម​ភាពអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៣៧លានដុល្លារអាម៉េរិក ដល់គម្រោងចំនួន ១២១ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕

ដោយ ប៉ាល់ សុង