អនុប្រធានអចិន្ត្រៃយ៍ CAMSOC កំណត់យកស៊ីហ្គេម នៅហ៊្វីលីពីន និងនៅវៀតណាម គឺជា ហ្គេមយុទ្ធសាស្រ្តវាយតម្លៃ និងវាស់ស្ទង់សមត្ថភាពគុណផលកីឡាឆ្ពោះទៅស៊ីហ្គេម នៅកម្ពុជា ឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ឯកឧត្តមបណ្ឌិត ថោង ខុន បានលើកឡើងនូវការកំណត់យកជាគោលការណ៍ថា សម្រាប់ SEA Games លើកទី៣០ ឆ្នាំ២០១៩ នៅហ៊្វីលីពីន និង SEA Games លើកទី៣១ ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម គឺជា Games យុទ្ធសាស្រ្ត ក្នុងការវាយតម្លៃ និងវាស់ស្ទង់សមត្ថភាពគុណផលកីឡា (Performance) របស់កីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីកីឡា ដើម្បីកែលម្អចំណុចខ្វះខាត និង បង្កើនគុណភាព សមត្ថភាព ធានាស័ក្តិសិទ្ធិភាពគ្រប់មុខសញ្ញាធនធានមនុស្ស ក្នុងវិសយកីឡាដើម្បីសម្រួចគោលដៅឱ្យកាន់តែមុតស្រួច ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាឱ្យទទួលបានជោគជ័យ។

ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ទៀតថា ក្រោមការដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានអនុវត្តន៍ការងារតាមផែនការមេ និងផែនទីបង្ហាញផ្លូវយ៉ាងរលូន និងបានអនុវត្តន៍របបប្រជុំប្រចាំត្រីមាស រៀងរាល់បីខែម្ដងជាទៀងទាត់ ដើម្បីពិនិត្យរបាយការណ៍វឌ្ឍនភាព ពន្លឿនការអនុវត្តការងារបន្ត និងដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា។ ពិសេសបានធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាលរៀងរាល់ត្រីមាស។ CAMSOC បានផ្ដោតយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្ដាលធនធានមនុស្ស ពិសេសធនធានកីឡាករ កីឡាការិនីជំនាញទាំងការបញ្ជូនទៅហ្វឹកហាត់ក្រៅប្រទេស និងការប្រកួតជាអន្តរជាតិញឹកញាប់។ ជាមួយគ្នានោះ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធកីឡាត្រៀម SEA Games ឆ្នាំ២០២៣ ក៏បានប្រព្រឹត្តទៅយ៉ាងរលូនតាមផែនការកំណត់ ខណៈភូមិកីឡាក៏បានចាប់ផ្ដើមការដ្ឋានសាងសង់ផងដែរ។ ដើម្បីសម្រេចនូវបេសកកម្មដ៏ធំជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យនោះ CAMSOC នឹងបញ្ជូនមន្ត្រីកីឡាជំនាញរបស់ខ្លួនចុះធ្វើកម្មសិក្សាដកស្រង់បទពិសោធន៍ ការគ្រប់គ្រង ដឹកនាំ SEA Game ចំនួន៥៧នាក់ នៅក្នុងចំណោមប្រតិភូកីឡាកម្ពុជា សរុបចំនួន៤៤៧នាក់ សម្រាប់ស៊ីហ្គេម លើកទី៣០ នៅប្រទេហ៊្វីលីពីនឆ្នាំ២០១៩ ខាងមុខឆាប់ៗនេះ។

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់២ឆ្នាំម្តងនេះ គឺឆ្នាំ២០១៩នៅហ្វីលីពីន, ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម, ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ៕

ដោយ ហេង ណាលីន