AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៩–តាមប្រភពព័ត៌មានពីក្រសួងការពារជាតិបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក លើកទី៦ (6th ADMM-Plus) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ កាលពីល្ងាចថ្ងៃសៅរ៍ ៥រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អមដំណើរដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានចូលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម PROBOVO SUBIANTO រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី។
នៅក្នុងជំនួបនោះ តាមរយៈសម្តេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តម PROBOVO SUBIANTO រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី បានសម្ដែងការសាកសួរសុខទុក្ខចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ មានមតិឆ្លើយតបវិញសម្តេចពិជ័យសេនា ទៀ បាញ់ បានសម្ដែងការអបអរសាទរចំពោះ ឯកឧត្តម PROBOVO SUBIANTO ដែលបានទទួលមុខតំណែងជារដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី។
សម្តេចពិជ័យសេនា បានបញ្ជាក់ថា កម្ពុជា និងឥណ្ឌូណេស៊ីមានប្រពៃណី ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា តាំងពីយូរណាស់មកហើយ ឥណ្ឌូណេស៊ីបានជួយស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា ក្នុងអំឡុងសម័យ អ៊ុនតាក់។
សម្តេចពិជ័យសេនា បានបញ្ជាក់ទៀតថា ចាប់តាំងពីពេលនោះមក ឥណ្ឌូណេស៊ីនៅតែបន្តកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភដល់កម្ពុជាយ៉ាងច្រើន ក្នុងនោះលើវិស័យយោធា ឥណ្ឌូណេស៊ីបានជួយបណ្តុះបណ្តាល ហ្វឹកហ្វឺន កងយោធពលខេមរភូមិន្ទ(ខ.ភ.ម) ដល់កងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១ និងបញ្ជាការដ្ឋានអង្គរក្សជាបន្តបន្ទាប់។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា នៅលើវេទិកាអន្តជាតិ កម្ពុជា និងឥណ្ឌូណេស៊ីបានធ្វើការផ្លាស់ទស្សនៈគ្នាទៅវិញទៅមក និងបានរិះរកវិធី ដើម្បីបម្រើផលប្រយោជន៍រួម ហើយសម្តេចសង្ឃឹមថា តាមរយៈកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន យើងនឹងបានពិភាក្សាគ្នា ជាមួយប្រទេសជាដៃគូ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក។
ឆ្លៀតក្នុងឱកាសនោះដែរសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអញ្ជើញ ឯកឧត្តម PROBOVO SUBIANTO ដែលទើបបានទទួលមុខតំណែងជារដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីទៅធ្វើទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។
ឯកឧត្តម PROBOVO SUBIANTO បានបញ្ជាក់ថា កម្ពុជា និងឥណ្ឌូណេស៊ី មានទំនាក់ទំនងមិត្តភាពជាមួយគ្នាតាំងពីរយូរលុងណាស់មកហើយ។ ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីបានបញ្ជាក់ទៀតថា នឹងបន្តជួយបណ្តុះបណ្តាលដល់កងទ័ពកម្ពុជា តាមសំណើរដែលអាចធ្វើទៅបាន ៕
ដោយ សំ សាម៉ន