ឯកឧត្តមបណ្ឌិត ថោង ខុន៖ ក្រោមបរិយាកាសនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ធ្វើឱ្យវិស័យកីឡាមានការរីកចម្រើន

AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ក្រោមបរិយាកាសនៃសុខសន្តិភាព ស្ថិរភាពនយោ បាយ និងការអភិវឌ្ឍ វិស័យកីឡាបាននឹងកំពុងរីកចម្រើនយ៉ាងផុលផុស ក្នុងសង្គមជាតិជាទីពេញចិត្តនៃយុវជន យុវវ័យ ប្រជាពលរដ្ឋទូទាំងប្រទេស។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិតដែលរាយការណ៍ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្ដេចអនុញ្ញាតឱ្យប្រតិភូកីឡាកម្ពុជា ចូលជួបសម្ដែងការគួរសម ជម្រាបលា និងទទួលអនុសាស្ត្រណែនាំដ៏ខ្ពង់ខ្ពស់ មុនពេលចេញដំណើរទៅចូលរួមប្រកួតកីឡា SEA Games លើកទី៣០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅប្រទេសហ៊្វីលីពីន។

ឯកឧត្តមបណ្ឌិត បន្ថែមថា កីឡាក្លាយជាចលនាអប់រំកាយ អប់រំសុខភាព អប់រំសង្គម-វប្បធម៌ អប់រំការរស់នៅ អប់រំឥរិយាបថ ដោយផ្ដល់ជូនប្រជាពលរដ្ឋ និងយុវជន ឱ្យស្គាល់តម្លៃនៃជីវិត តម្លៃនៃការខិតខំប្រឹងប្រែងមានជំនឿចិត្តលើខ្លួនឯង និងឈ្នះលើខ្លួនឯង ដើម្បីឈានទៅរកកិត្តិយស កិត្យានុភាពជាតិលើឆាកអន្តរជាតិ។ រៀងរាល់ពីរឆ្នាំម្ដង ការប្រកួតកីឡាក្នុងតំបន់ដ៏ធំគឺ SEA Games ដែលប្រទេសសមាជិកសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍មាន១១ប្រទេសចូលរួមដូចជា កម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី ហ៊្វីលីពីន ព្រុយណេ មីយ៉ាន់ម៉ា និងទីម័រខាងកើតបាន ចូលរួមប្រកួតកីឡាជាលក្ខណៈមហាគ្រួសារក្នុងតំបន់ និងចាត់ទុកជាព្រឹត្តិការណ៍ជួបជុំយុវជន ផ្លាស់ប្ដូរវប្បធម៌ ទស្សនៈវិស័យគ្នាទៅវិញទៅមក ក្នុងស្មារតីគោរពគុណតម្លៃកីឡាអូឡាំពិក គឺការគោរព (Respect) មិត្តភាព (Friendship) និងឧត្តមភាព (Excellence)។

ឯកឧត្តមបានរំឭកថា ប្រវត្តិកម្ពុជាចូលរួម SEAP Games និង SEA Games ដែលជាព្រឹត្តិការណ៍ប្រកួតកីឡាក្នុងតំបន់អាស៊ីអាគ្នេយ៍ បានចាប់ផ្ដើមនាឆ្នាំ១៩៥៩ ដោយមានប្រទេសស្ថាបនិកចំនួន៦ គឺកម្ពុជា ថៃ វៀតណាម ឡាវ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។ ចាប់ពីឆ្នាំ១៩៥៩ ការប្រកួតមានឈ្មោះថា Southeast Asian Peninsular Games (SEAP Games) លុះដល់ឆ្នាំ១៩៧៧ ទើបប្ដូរមកឈ្មោះ Southeast Asian Games (SEA Games) វិញ។ នៅក្នុងចំណោមការប្រកួត SEAP Games និង SEA Games ទាំង២៩លើកកន្លងមក គឺកម្ពុជាបានចូលរួម១៩លើកដណ្ដើមបានមេដាយសរុប ៣៩៦គ្រឿង ក្នុងនោះមេដាយមាស ៦៥គ្រឿង មេដាយប្រាក់១០៩គ្រឿង និងមេដាយសំរឹទ្ធ ២២២គ្រឿង។ ចំពោះព្រឹត្តិការណ៍កីឡា SEA Games លើកទី២៩ ឆ្នាំ២០១៧ នៅទីក្រុងកូឡាឡាំពួរ កម្ពុជាដណ្ដើមបានមេដាយចំនួន ១៧គ្រឿង ក្នុងនោះមានមេដាយមាស ៣គ្រឿង ដណ្ដើមបានពីកីឡាប៉េតង់មេដាយមាស ១គ្រឿង កីឡាតេក្វាន់ដូ មេដាយមាស ១គ្រឿង និងកីឡាប្រដាល់គុនខ្មែរ មេដាយមាស១គ្រឿង។ ចំពោះមេដាយប្រាក់២គ្រឿង ដណ្ដើមបានពីកីឡាគុនខ្មែរ មេដាយប្រាក់១គ្រឿង និងកីឡាប៉េតង់មេដាយប្រាក់១គ្រឿង មេដាយសំរឹទ្ធ១២គ្រឿង ដណ្ដើមបានពីកីឡាគុនខ្មែរសំរឹទ្ធ ២គ្រឿង កីឡាប៉េតង់សំរឹទ្ធ៣គ្រឿង កីឡាតេក្វាន់ដូសំរឹទ្ធ២គ្រឿង កីឡាវាយកូនបាល់សំរឹទ្ធ១គ្រឿង និងកីឡាសីប៉ាក់តាក្រសំរឹទ្ធ២គ្រឿង កីឡាជិះសេះសំរឹទ្ធ១គ្រឿង ប្រដាល់សកលសំរឹទ្ធ១គ្រឿង ហើយកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ប្រទេសទី៨ លើប្រទេសឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ក្នុងចំណោម ១១ប្រទេស៕

ដោយហេង ណាលីន