ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អរគុណឥណ្ឌូណេស៊ី ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការជួយទប់ស្កាត់ពួកក្រុមឧទ្ទាមក្រៅច្បាប់

AKP ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែង​នូវ​ការ​អរគុណចំពោះឥណ្ឌូណេស៊ី ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការជួយទប់​ស្កា​ត់​ពួកក្រុមឧទ្ទាមក្រៅច្បាប់  ដែលប៉ុនប៉ងប្រើប្រាស់ទឹក​ដីឥណ្ឌូណេស៊ី ដើម្បីធ្វើសកម្មភាពន​យោ​​​បាយប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជានោះ។

ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ​ប្រាប់អ្នកយកព័​ត៌​មា​ន បន្ទាប់ពីជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះ​រា​ជា​​ណាចក្រកម្ពុជា និងឯកឧត្តម ជូសុស កាឡា (Jusuf Kalla)  អតីតអនុប្រធានាធិបតី​ឥណ្ឌូណេស៊ី  នាល្ងាចថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានសន្តិភាព។

នៅ​ក្នុង​ជំនួ​ប​នោះ​  ឯកឧត្ត​ម​អតីត​អ​នុ​ប្រធានាធិបតីឥណ្ឌូណេស៊ី បានថ្លែងអំណរគុណ​សម្ដេចតេជោ ដែល​បា​ន​​អញ្ជើញ​ឯក​ឧត្ត​ម​ចូ​ល​រួម នៅក្នុងកិច្ចប្រជុំអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩​នៅកម្ពុជានា​ពេលនេះ​។​ ឯកឧត្តមបាន​ស​ម្ដែ​ង​នូវ ការសប្បាយរីករាយដោយសារ​តែទំនាក់​ទំនង នៃប្រទេសទាំងពីរ មា​នការអភិវឌ្ឍ​កើន​​ឡើ​ង​ជា​លំដាប់។ ឯកឧត្តមអតីតអនុប្រធានា​ធិបតី​ឥណ្ឌូណេស៊ីបានបន្តថា កិ​ច្ចប្រជុំនេះ​មា​ន​សា​រៈ​សំ​ខាន់ណាស់ ដោយយើងបានកសាង​នូវសមិទ្ធផល បង្ហាញ​ចំពោះ​ពិ​ភព​លោ​កនូវការ​រួម​សា​ម​គ្គី​គ្នា ដោះស្រាយបញ្ហាប្រឈមមួយ​ចំនួន។ ទន្ទឹមនេះ ឯកឧត្តមក៏បានបង្ហាញនូវក្តី​រីក​រា​យ​ផងដែរ ដែ​ល​គោ​ល​បំណងថ្នាក់​ដឹកនាំ​នៃប្រទេសទាំងពីរ បានជំរុញឱ្យទំនាក់ទំនងមាន​ការ​រីកចម្រើន​លើ​គ្រ​ប់វិ​ស័​​យ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសម្ដែងការរីករាយ ចំពោះទំនាក់ទំនង​រវាងប្រទេស​​ទាំ​ងពីរកម្ពុជា-ឥណ្ឌូណេស៊ី ដែលមានរយៈកាលជាយូរលង់ណាស់មកហើយ ហើយបាន​អរ​គុ​ណ​ឥណ្ឌូណេស៊ី ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស ដែលមាន​ដូចជា មន្ត្រី និង​កងកម្លាំងប្រដាប់អាវុធ របស់កម្ពុជា។ ក្រៅពីនោះទំនាក់ទំនងពាណិជ្ជកម្ម និងការ​ហោះហើរ​ត្រ​ង់​​ ដែលបានធ្វើឱ្យកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែមាន​ការរីកចម្រើន ជាបន្ត​ប​ន្ទា​ប់។ ក្នុងក្របខ័ណ្ឌអាស៊ាន សម្ដេចតេជោបានចាត់ទុកថា ឥណ្ឌូណេស៊ី គឺជាប្រទេសធំមួយ ដោ​យ​សារតែមានប្រជាជនច្រើន ហើយមានសំឡេងខ្លាំង ដែលជួយឱ្យអាស៊ានមានឥទ្ធិពល និ​​ងជួយដល់សេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ សម្ដេចតេជោ​បានបន្ដថា គំនិតផ្ដួចផ្ដើមរបស់​ឥណ្ឌូណេស៊ី ក្នុងតំបន់​អាស៊ីប៉ា​ស៊ី​​ហ្វិក គឺបានក្លាយទៅជា​ទស្សនទាន របស់អាស៊ានទាំងមូល ដោយសម្ដេចតេជោគាំទ្រថា​ទ​ស្ស​​នទាននេះ គឺជាទស្សន​ទានរបស់អាស៊ានទាំងមូល។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បាន​អរ​គុណដល់ឯកឧ​ត្ត​ម​អតីតអនុប្រធានាធិបតីឥណ្ឌូណេស៊ីផងដែរ ដែលបានសង្កេតឃើញពី​ការរីក​ច​ម្រើ​នរបស់​កម្ពុជា។ សម្ដេចតេជោបានបញ្ជាក់បន្ថែមថា កម្ពុជាបានខិតខំប្រឹងប្រែង ដើម្បីឱ្យ​កម្ពុជាដើរ​ទា​ន់​​​ទៅនឹងបណ្ដាប្រទេសជិតខាង និងក្នុងតំបន់។ សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរ ចំ​ពោះឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការល្អប្រសើរ ក្នុង​ស្មារ​តីអសស៊ានក្នុងការទប់ស្កាត់មិនឱ្យក្រុមឧទ្ទាមក្រៅច្បាប់ ជាពិសេស លោកស្រី មូរ សុខ​ហួ​រ ​និងលោក សម រង្ស៊ី ក្នុងការប្រើប្រាស់ទឹកដីឥណ្ឌូណេស៊ី ធ្វើសកម្មភាពនយោបាយនោះ៕

ដោយ ជឹម ណារី