សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យកីឡាករ កីឡាការិនី គោរពបទដ្ឋាន និងក្រឹត្យក្រមនៃ​ការប្រកួត និងចៀសវាងការប្រើសារធាតុណាដែលហាមឃាត់

AKP ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវ​នាវ​ដល់​កីឡាករ កីឡាការិនី ដែលត្រូវទៅចូលរួមប្រកួត SEA Games លើកទី ៣០ នៅប្រទេស​ហ្វី​លី​ពីន ត្រូវគោរពបទដ្ឋាន និងក្រឹត្យក្រមនៃការប្រកួតនិងចៀសវាងការប្រើសារ​ធាតុណាដែល​គេ​ហាមឃាត់ ដែលនាំទៅដល់ការខូចដល់កេរ្ត៍ឈ្មោះរបស់ប្រទេសជាតិនោះ។

ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ដែលត្រូទៅចូលរួមក្នុងការប្រកួត S​​E​A Games លើកទី ៣០ នៅប្រទេសហ្វីលីពីន នារសៀលថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិ​មា​​នសន្តិភាព សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ស្នើឱ្យកីឡាករ កីឡាការិនីដែល​ទៅ​ចូលរួមប្រកួត SEA Games លើកទី ៣០ នៅប្រទេសហ្វីលីពីន ត្រូវគោរព​បទដ្ឋាន និង​ក្រឹត្យ​ក្រមនៃការប្រកួត ពិសេសកុំបំពានលើវិធាននៃការប្រកួត ហើយកីឡាករ កីឡាការិនីទាំង​អ​ស់ ​ត្រូវចៀសវាង កុំប្រើសារធាតុណាដែលគេហាមឃាត់ ដែលនាំទៅដល់​ការខូច​ដល់​កេរ្ត៍​ឈ្មោះ​ខ្លួ​នឯងផង និងរបស់ប្រទេសជាតិផង ព្រោះតម្លៃជាតិរបស់យើងត្រូវតែ​ការពារ​តាមរយៈ​ស​ក​ម្ម​ភា​ពកីឡា ទោះបីជាឈ្នះក៏ដោយ ឬចាញ់ក៏ដោយ។ សម្ដេចតេជោ ក៏បានបង្ហាញនូវ​ក្ដី​សង្ឃឹម​ថា កីឡាករ កីឡាការិនីទាំងអស់ នឹងនាំមកនូវជោគជ័យ និង​ជ័យលាភី​​សម្រាប់​ប្រទេសជាតិខ្លួន។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ​ដល់​​គ្រូបង្វឹក នៅ​តាមបណ្តាប្រទេសផ្សេងៗ ដែ​ល​បានជួយបណ្តុះបណ្តាល បង្វឹកដល់កីឡាករ កីឡាការិនីយើង និងបានអរគុណដល់​ស​ហ​ព័ន្ធ​កីឡា គណៈកម្មការកីឡាជាតិអូឡាំពិកកម្ពុជា និងផ្នែកពាក់ព័ន្ធ​ទាំងអស់ដែល​បាន​ចូ​ល​​រួម​ចំណែកក្នុងការជំរុញវិស័យកីឡានេះ ឱ្យមានការ រីកចម្រើន។

នៅក្នុងឱកាសនេះផងដែរ ស​ម្តេ​​​​ច​​តេជោនាយករដ្ឋមន្រ្តី បានផ្តល់ថវិកាលើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី និងគ្រូបង្វឹក ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០០ដុល្លារអាម៉េរិក មុនចេញដំណើរទៅប្រកួត SEA Games លើកទី៣០នៅប្រទេសហ្វីលីពីនផងដែរ។

ឯកឧត្ដម ថោង​ ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈ​កម្មាធិការ​ជា​តិ អូឡាំពិកកម្ពុជា បានឱ្យដឹងថា រៀងរាល់ពីរឆ្នាំម្ដង ការប្រកួតកីឡាក្នុងតំបន់ដ៏ធំ គឺ  SEA Ga​mes ដែលប្រទេសជាសមាជិកអាស៊ីអគ្នេយ៍មាន១១ប្រទេសចូលរួម ដូចជា កម្ពុជា វៀត​ណា​ម ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី ហ្វីលីពីន ព្រុយណេ មីយ៉ាម៉ា និងទីម័រខាងកើត បាន​ចូ​ល​រួមប្រកួតកីឡាជាមហាគ្រួសារក្នុងតំបន់ និងចាត់ទុកជាព្រឹត្តិការណ៍ជួបជុំយុវជនផ្លាស់​ប្ដូរវប្ប​ធ​ម៌ ទស្សនវិស័យគ្នាទៅវិញទៅមក ក្នុងស្មារតីគោរពគុណតម្លៃអូឡាំពិក គឺគោរពមិត្តភាព និ​ង​ឧត្ដ​មភាព។ ចំពោះកីឡាករ កីឡាការិនី ដែលត្រូវទៅចូលរួមប្រកួត SEA Games លើកទី ៣០ នៅ​ប្រទេសហ្វីលីពីន ដែលចាប់ផ្ដើមពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៩ មា​ន​កី​ឡា​ករ កីឡាការិនី ចំនួន ជាង ៤៤៧នាក់ ប្រកួតលើវិញ្ញាសាកីឡាចំនួន ៣១ ក្នុងចំណោមវិ​ញ្ញា​​​សាកីឡា ៥៦ប្រភេទ។ ក្នុងនោះមានកីឡាតេក្វាន់ដូ WT ប៉េតង់ ជឺជិតស៊ូ ប្រដាល់គុនខ្មែរ សីដក់ ប្រដាល់សកល វាយកូនបាល់ ល្បុក្កតោ ចំបាប់ បាល់ទះឆ្នេរខ្សាច់ បាល់ទាត់ U22, បា​ល់​បោះ អត្តពលកម្ម ហែលទឹក កាយសម្ព័ន្ធ វាយកូនឃ្លីលើតុ វាយសី ទោចក្រាន គុនដាវ វា​យ​កូនគោល ទូកក្ដោង ការ៉ាតេ យូដូ ទ្រីយ៉ាត្លុង កីឡារាំ សូហ្វតេន្នីស ទូកប្រពៃណី-កានូ ឃិក-ប៊ុ​ក​ស៊ី​ង E-Sports និងកីឡាហុកគី។ល៕

ដោយ ជឹម ណារី