សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ដំណក់ប្រេងដំបូងរបស់កម្ពុជា នឹងទទួលបានក្នុងឆ្នាំ២០២០

AKP ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — បើទោះបីជាមិនបង្ហាញអំពីកាលបរិច្ឆេទច្បាស់លាស់អំពីខែ ឬថ្ងៃនៃការទទួល​បាន​ដំ​​ណក់​ប្រេង​ដំបូងរបស់កម្ពុជាយ៉ាងណាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គ​ម​ហា​​សេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដំណក់ប្រេងដំបូងរបស់កម្ពុជា​នឹងទទួលបាន​ក្នុង​ឆ្នាំ​២០២០ខាងមុខ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សចំនួនជិត២.០​០០​នាក់  នាព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯក​ស័​​ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែ​វិច្ឆិ​កា​​ ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចមិនទាន់ប្រ​កា​ស​នៅ​កា​លបរិច្ឆេទពិតប្រាកដពីដំណក់ប្រេងរបស់កម្ពុជាលើកដំបូង​នោះ​ទេ ព្រោះសម្ដេចមិនចង់ឱ្យ​​កំ​ហុ​ស​​​ដូចកាលពីឆ្នាំ២០១២ ដែលពេលនោះខាងក្រុមហ៊ុនរុករក​ប្រេងបានប្រាប់យើងថាដំ​ណ​ក់​ប្រេ​​​ងដំបូងនឹងចេញនៅពេលណា។ ឥឡូវដំណក់ប្រេងរបស់​យើង​នឹងចេញក្នុងឆ្នាំ២០២០ តែ​ថ្ងៃ​​ខែជាក់លាក់ សម្ដេចនឹងប្រកាសនៅពេលក្រោយ បន្ទាប់ពី​ ​ធ្វើការងារជាមួយក្រុមហ៊ុន ដែល​កំពុង​តែកសាងយ៉ាងមមាញឹក សម្រាប់ការបូមប្រេងដំបូង​របស់​​កម្ពុជា។ សម្ដេចតេជោនាយ​ក​រដ្ឋ​​មន្ត្រីថ្លែងបន្តថា រាជរដ្ឋាភិបាលមិនទាន់ប្រើប្រាស់ធន​ធានធម្មជាតិរបស់កម្ពុជាទេ ដូចជា ប្រេ​ង​ ឧស្ម័ន និងធ្យូងថ្ម ហើយឥឡូវធ្យូងថ្មយើងរកឃើញ យើងធ្វើអគ្គិសនីនៅកន្លែង​នោះ​តែ​ម្ដង​ ដោយប្រើប្រាស់ធ្យូងថ្ម គឺនៅខេត្តឧត្ដរមានជ័យ ហើយ​ការផលិតរោងចក្រអគ្គិសនីដើ​រដោ​យ​​ធ្យូងថ្មគឺនៅទីនោះតែម្ដង។ ចំ​ពោះរ៉ែមាស របាយការណ៍​ប៉ុន្មានថ្ងៃមុនដែលសម្ដេចបានសម្រេច គឺរ៉ែមា​ស​​របស់យើង នឹងធ្វើអាជីកម្មក្នុងខ្នាតមួយ​ដែលមានប្រាក់ចំណូលគួរសម ដែលវិនិយោគ​ដោ​យ​​ក្រុម​ហ៊ុនរបស់អូស្ត្រាលី។ សម្ដេចតេជោ​បានបន្ថែមថា “ប៉ុន្តែការរំពឹងធំជាងគេរបស់ខ្ញុំ គឺរំពឹងទៅលើប្រេង ដែលយើង​អាច​នឹងមាន​នៅពេលខាងមុខ ហើយយើងមិនទាន់បានប្រើប្រាស់នោះទេ ដូច​ជានៅខេត្ត​ស្វា​យ​រៀង ក៏មានប្លុកប្រេងដែរ។ ជាងនេះទៀត យើងកំពុងតែចរចាជាមួយប្រទេសថៃ​ទៅលើ​តំបន់​ដែ​ល​ត្រួតគ្នា ដើម្បីអភិវឌ្ឍន៍រួមក្នុងតំបន់ត្រួតគ្នានោះ។” សម្ដេចតេជោបានគូសបញ្ជាក់ទៀតថា ប្រ​​សិ​នបើ​បានប្រាក់ចំណូលពីធនធានធម្មជាតិ គោលដៅធំរបស់រាជរដ្ឋាភិបាល គឺចំណាយ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែករឹង និងផ្នែកទន់៕

ដោយ ជឹម ណារី