ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះជួយពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ក្នុងស្រុកកោះញែក 

AKP មណ្ឌលគិរី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — នៅថ្ងៃអាទិត្យ​ ៦រោច ខែកត្តិក​ ​ឆ្នាំកុរ​ ​ឯកស័ក​ ​ព.ស.​២៥៦៣​ ​ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៥១៣នាក់ ដឹកនាំដោយឯកឧត្តម លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋប្រមាណជិត ៤.០០០នាក់ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅវិទ្យាល័យ ហ៊ុន សែន កោះញែក ស្ថិតនៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហ៊ុន មានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) ព្រមទាំង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានសហការរៀបចំពិធីពិនិត្យ ព្យាបាល និងផ្តល់ថ្នាំជូនប្រជាពលរដ្ឋមដោយឥតគិតថ្លៃ នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី នាពេលនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីបង្ហាញ និងបញ្ជាក់ឱ្យឃើញកាន់តែច្បាស់អំពីកិច្ចខិតខំប្រឹប្រែងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ លើកកម្ពស់ និងគិតគូរអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋខេត្តមណ្ឌលគិរី ជាពិសេសប្រជាពលរដ្ឋនៅក្នុងស្រុកកោះញែក ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។

ឯកឧត្តម លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បាន ឱ្យដឹងថា ការចុះជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋឥតគិតថ្លៃ នៅស្រុកកោះញែក នាពេលនេះ រួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគ ស្ត្រី ជំងឺ ឫសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះ តាមរយៈខ្យល់ដង្ហើម ព្យាបាលរបួស វាស់ចង្វាក់បេះដូង ផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់ មន្ទីរពិសោធន៍(វិភាគឈាម)…។ល។

ឯកឧត្តម លេង ផាលី បានបញ្ជាក់ថា ការចុះជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់ បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

នៅក្នុងឱកាសនោះប្រជាពលរដ្ឋនៅស្រុកកោះញែក មានក្តីរំភើបសប្បាយរីករាយយ៉ាងក្រៃលែង ព្រមទាំងថ្លែងអំណរគុណចំពោះ ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមគ្រួសារ ជាពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលមានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅទៅលើសុខភាពរបស់ពួកគាត់៕

ដោយ ណយ នឿន (ប្រភពៈមន្ទីរព័ត៌មានខេត្តមណ្ឌគិរី)