អភិបាលខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ខេត្តហ៊ូណាន នៃសាធារណរដ្ឋប្រជាមានិតចិន

AKP បាត់ដំបង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — នៅថ្ងៃអាទិត្យ ៦រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ទូ ជាហាវ (Du Jiahao) សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និង ជាលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស ខេត្តហ៊ូណាន នៃសាធារណរដ្ឋប្រជាមានិតចិនដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៥ លោក លោកស្រីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត និងលោក លោកស្រី ថ្នាក់នាំក្រុង ស្រុក មន្ទីរពាក់ព័ន្ធមួយចំនួនទៀត ។

ឯកឧត្តម ងួន រតនៈ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូខេត្តហ៊ូ ណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ ឯកឧត្តម ទូ ជាហៅ (Du Jiahao) សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ នីស្តចិន ដែលបានអញ្ជើញមកទស្សនកិច្ចនាឱកាសនេះ។ ឯកឧត្តម ងួន រតនៈ បានជម្រាបជូនអំពើស្ថានភាពរួមរបស់រដ្ឋបាលខេត្ត សក្កានុពលនានា និងក្រុមហ៊ុននានាដែលកំពុងធ្វើ  ការវិនិយោគនៅក្នុងខេត្ត ដែលមានការទទួលស្គាល់ និងបានច្បាប់អនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ។

ឆ្លៀតនៅក្នុងឱកាសនេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានលើកឡើងអំពីចំណងមិត្ត ភាពដ៏យូរអង្វែងតាំងប្រធានធិបតី ម៉ៅ ស៊ីទង និងសម្តេចព្រះបរមរតនកោដ្ឋ និងបន្តចំណងមិត្តភាពរហូតដល់ពេលបច្ចប្បន្ន៕

ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)