Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត ៖ ប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរដោយសារ​ប្រជាពលរដ្ឋរួមសាមគ្គីគ្នាថែរក្សាបាននូវសុខសន្តិភាព

Published

on

AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែវិច្ឆិកា ​ឆ្នាំ២០១៩ — ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ ភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ប្រទេសជាតិមានការរីកចម្រើនឥត ឈប់ឈរ​​ដោយ​សារតែប្រជា​ពលរដ្ឋទាំងអស់បានរួបរួមសាមគ្គីគ្នាក្រោមរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ មានគោលមាគ៌ា​នយោបាយដឹកនាំដ៏ត្រឹមត្រូវ ដែលធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារជាពិសេសបរិយាកាស​អំណោយផលនៃសុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និង កំណើនសេដ្ឋកិច្ចខ្ពស់ ដូចសព្វថ្ងៃនេះ។

ការថ្លែងបែបនេះនៅក្នុងឱកាសឯកឧត្តម ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុង ពិធីសិតព្រះពុទ្ធបដិមា សម្ពោធស្ថានីយផ្សាយបន្តព្រះពុទ្ធឱវាទឈ្នះមារ និងចែកអំណោយ ដល់ចាស់ជរា នៅវត្តរតនារាម(ផ្សារកណ្ដាល) សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ​កាល​ពីថ្ងៃអាទិត្យ​ ៦រោច ខែកត្តិក​ ​ឆ្នាំកុរ​ ​ឯកស័ក​ ​ព.ស.​២៥៦៣​ ​ត្រូវនឹងថ្ងៃ ទី១៧ ​ខែវិច្ឆិកា​ ​​ឆ្នាំ២០១៩ ដែលមានមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្ស ប្រជា ពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

ឯកឧត្តមឧត្តមសេនីយ៍ឯកមានប្រសាសន៍បន្តថា បងប្អូនប្រជាពលរដ្ឋនៅគ្រប់មជ្ឈ ដ្ឋានទាំងអស់បានយល់​ច្បាស់ណាស់នូវតម្លៃនៃសុខសន្តិភាពនេះ។ ហេតុដូច្នេះហើយបាន ជាឧបាយកលញុះញង់ បំបែកកំបាក់ជាតិ ដើម្បីឈានទៅដល់ការធ្វើរដ្ឋប្រហារផ្តួលរំលំរាជ រដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយមរបស់ក្រុមក្បត់ជាតិ សម រង្ស៊ី មិនអាចសម្រេចបាន ឡើយដោយសារគ្មានការគាំទ្ររបស់ប្រជា​ពលរដ្ឋទាំងក្នុង និងក្រៅប្រទេស។

ឯកឧត្តមបន្តទៀតថា ប្រជាពលរដ្ឋខ្មែរត្រូវការបំផុតនូវភាពសុខសាន្ត និងសុភមង្គល ស្ងប់សុខទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយសម្លឹងជានិច្ចឆ្ពោះទៅថ្ងៃស្អែក និងអនាគតជានិរន្តរ៍ នៃសន្តិភាព និងការអភិវឌ្ឍ។ ​

​ ឯកឧត្តម ហ៊ុន ម៉ាណែត បាន​គូសបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រើ​​ប្រាស់អាយុជីវិតរបស់សម្តេចផ្ទាល់នៅក្នុងការដាក់ចេញ និងអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ សម្រាប់ជាតិខ្មែរ។ អ្នកឈ្នះទាំងអស់គឺខ្មែរ ដោយទទួលបាននូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

​ ​ឯកឧត្តមបានលើកឡើងថា ដំណើរដ៏វែងឆ្ងាយនៃការសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍក្នុងរយៈកាលជាង៤០ឆ្នាំកន្លងមកនេះ គឺជាការចូលរួមចំណែកមិនអាចខ្វះបាន​របស់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ តាមរយៈការបំពេញនូវតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំទូន្មានកូនចៅ និងបញ្ជូនពួកគាត់ឱ្យទៅសាលារៀនដើម្បីឱ្យពួកគាត់ក្លាយខ្លួនជា ពលរដ្ឋល្អ មានមនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវលើជោគវាសនាខ្លួនឯង គ្រួសារ ​សង្គមជាតិ ​​និងចូលរួមកសាងជាតិ ថែរក្សាការពារសន្តិភាព និងសមិទ្ធផលជាតិ និង ខិតខំបំពេញកាតព្វកិច្ចជាពលរដ្ឋល្អតាមតួនាទីរៀងៗខ្លួន។

នៅក្នុងឱកាសនោះដែរឯកឧត្តមក៏បានផ្តល់ជូននូវអំណោយមានជាគ្រឿង​ឧបភោគ បរិភោគ និងថវិកាមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះ​ផងដែរ៕

ដោយ ឈុន សារ៉ាត

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន