សម្ដេចតេជោ  ហ៊ុន សែន រំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន នឹងសម្រេចជោគជ័យ​ក្នុងរយៈពេលខ្លីខាងមុខ

AKP ព្រះសីហនុ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញ​នូវ​ក្ដី​រំពឹងថា បន្ទាប់ពីការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ដែលនឹងចាប់​ដំ​ណើ​រ​ការ នាថ្ងៃទី០៤ ខែធ្នូឆ្នាំ២០១៩ខាងមុខ នឹងសម្រេចជោគជ័យនោះ ទីផ្សារចិនបើកចំហ ​ស​​​ម្រាប់​​ទំនិញរបស់កម្ពុជា។

ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចំនួន៣៤ខ្សែ ដែលមានតម្លៃប្រមាណ២៩៤លាន ដុល្លារ​អាម៉េរិក ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស​២៥​៦​៣​ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅខេត្តព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន ​បាន​ថ្លែងថា ថ្ងៃទី០៤ ខែ​ធ្នូ​ឆ្នាំ​​២០១៩ខាងមុខនេះ ការចរចាកិច្ចព្រមព្រៀងសេរីរវាងកម្ពុជា-ចិន នឹងចាប់ដំណើរកា​រ ហើ​យ​នឹងសម្រេចជោគជ័យក្នុងរយៈពេលខ្លី នៅពេលណាដែលយើង​មានកិច្ចព្រមព្រៀ​ងពា​ណិ​ជ្ជ​កម្ម​សេរីរវាងកម្ពុជា-​ចិន គឺទីផ្សារចិនបើកចំហរ​សម្រាប់ទំនិញ​របស់​កម្ពុជា។ សម្ដេ​​ចតេជោ​បា​ន​​លើកឡើងថា មានអ្នកខ្លះគេថា ខេត្តព្រះសីហនុបានក្លាយ​ទៅជា​ខេត្តរបស់ចិន ប៉ុន្តែសម្ដេចតេជោសូម​ប​ញ្ជា​ក់ថា នៅប្រទេសដទៃ China Town មានគ្រប់កន្លែង ឯកម្ពុជាអត់ទាន់មានChina Townទេ។ សម្ដេចតេជោបានបន្ដថា ទៅ​​សួរអាម៉េរិក តើChina Town នៅអាម៉េរិកមានប៉ុន្មានទៅ គ្រប់រដ្ឋទាំងអស់មានChina Tow​n​។​ នៅបារាំងនៅប្រទេស​នានា មានChina Town ចុះចង្រៃអីគ្រាន់តែចិន មកវិនិយោ​គនៅ​ស្រុក​ខ្មែរ បង្កើតទៅជារឿង​រហូត ដល់ក្រុមនេះប្រកាសថា ហ៊ុន សែន កំពុងលេងជាមួយភ្លើង ព្រោះ​មាន​ទំនាក់ទំនង​ជាមួយ​ចិន។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបន្ថែមថា ពេ​ល​ណាដែលកម្ពុជា មានកិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-ចិន ទីផ្សារចិនបើកចំហ ស​ម្រា​ប់ទំនិញកម្ពុជា ដែ​ល នេះជាផលប្រយោជន៍សេដ្ឋកិច្ច ហើយសូម្បីតែអាម៉េរិក និងអឺរ៉ុប ក៏រក​ស៊ីជាមួយប្រទេ​ស​ចិ​​ន ហេតុអ្វីមកបន្ទោសខ្មែរ រកស៊ីជាមួយចិនទៅវិញ។

នៅក្នុងឱកាសបើកការដ្ឋាន​សាងសង់​ហេ​​​ដ្ឋារចនាសម្ព័ន្ធនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា រាជ​រដ្ឋាភិបាលកម្ពុ​ជា​ កំពុងស្នើសុំរដ្ឋាភិបាលចិន ដើម្បីដក​យក​ថវិកាជាជំនួយឥតសំណង១៧០​លានដុល្លារអា​ម៉េ​​រិក ពីថវិកាជំនួយឥតសំណងសរុប៦០០​លានដុល្លារអាម៉េរិក ដើម្បីអនុវត្តន៍គម្រោងពង្រីក​រោ​ង​​ចក្រចម្រោះទឹកកខ្វក់​ឱ្យបានស្អាត​ជាមុនសិន មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ ដោយ​គម្រោ​ង​នេះ​អនុវត្តន៍នៅក្នុងខេត្តព្រះសីហនុ ដើម្បីធានានិរន្តភាពទឹកសមុទ្រឱ្យកាន់តែស្អាត គ្មាន​ជា​តិ​ពុ​ល​ ដែលបម្រើដល់វិស័យ​ទេស​ចរណ៍ និងធនធានជីវចម្រុះក្នុងទឹកសមុ​ទ្រ និងដើម្បីធ្វើ​យ៉ា​ង​ណា​ធានាថាលុបបំបាត់បញ្ហា​ទឹកកខ្វក់ហូរចូលសមុទ្រ។ សម្ដេចតេជោក៏បានអំ​ពា​វនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នា​ថែរក្សាអនាម័យ ហូប ចុកហើយកុំដាក់សំរាម នៅ​មាត់លូបង្ហូរទឹក ឬបោះចោលពាស​វាល​ពាសកាលឱ្យសោះ ព្រោះជាដើមចមដែល​បណ្តា​ល​ឱ្យស្ទះលូ ចំណុចនេះ មិនថាតែប្រជាជន នៅខេត្តព្រះសីហនុតែមួយនោះទេ ដែលត្រូវចូ​ល​រួម​ទប់ស្កាត់ការបោះចោលសំរាមពាសវាល ពាសកាលនោះ គឺសុំឱ្យប្រជាជនខ្មែរទូទាំងប្រទេស ចូលរួមសកម្មភាពនេះ ទាំងអស់គ្នា ដើម្បី​លើកស្ទួយសោភ័ណភាព អនាម័យ និងបរិស្ថាន​ស្អា​ត​នៅជុំវិញខ្លួនអ្នក។ ទន្ទឹមនឹងនេះ សម្តេច​តេជោក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ​ទាំងអ​ស់​ ឱ្យរួមគ្នាទប់ស្កាត់ការប្រើប្រា​ស់ប្លា​ស្ទីក បន្ថែម​ពីនេះសម្តេចតេ​ជោ​បានបញ្ជាក់ថា ថវិកា​ប្រមា​ណ​២លាន ៥សែនដុល្លារអាម៉េរិក ត្រូវ​បាន​ប្រើសម្រាប់ស្តារលូ ប្រ​ឡាយនានា ដើម្បីរំដោះទឹក​ក្នុង​ខេត្តព្រះសីហនុផងដែរ៕

ដោយ ជឹម ណារី