ដើមឆ្នាំ២០២០ឈប់មានសេវាកម្មជិះដំរីកម្សាន្តនៅតំបន់ភ្នំបាក់ខែងហើយ

AKP សៀមរាប ថ្ងៃទី​​​១៦ ខែវិច្ឆិកា ឆ្នាំ២០១៩–ចាប់ពីដើមឆ្នាំ២០២០តទៅ សេវាកម្មជិះដំរីកម្សា​ន្ត​នៅភ្នំបាក់ខែងក្នុងតំបន់អង្គរខេត្តសៀមរាប នឹងលែងឱ្យមានដំណើរការតទៅទៀតហើ​យ ដោ​យសារសត្វដំរីទាំងនោះនឹងត្រូវបានគេផ្តល់សិទ្ធិសេរីភាពឱ្យទៅរស់នៅតាមបែ​ប​ធម្ម​ជា​តិ​​ក្នុង​តំបន់អភិរក្ស។ នេះបើយោងតាមការឱ្យដឹងពីសំណាក់មន្រ្តីអាជ្ញាធរជាតិអប្ស​រា​​​។

លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងកាលពីរសៀលថ្ងៃ៤រោចខែកត្តិកឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៩នេះថា គិតរហូតមកដល់ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០១៩សត្វដំរីចំនួន៥ក្បាលហើយ ដែលបានដឹកជញ្ជូនចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ព្រៃសហគមន៍បុស្សធំ ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ពោលគឺស្ថិតនៅក្នុងភូមិបុស្សធំ ឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគមខេត្តសៀមរាប។ ហើយដែលការដឹកជញ្ជូននេះបានធ្វើឡើងដោយសមាគមគ្រប់គ្រងសត្វដំរី សហការជាមួយអាជ្ញាធរជាតិអប្សរាពោលគឺដឹកជញ្ជូនតាមរថយន្តនៅព្រឹកថ្ងៃទី១៤ចំនួន២ក្បាល និងព្រឹកថ្ងៃទី១៥ចំនួន៣ក្បាលបន្ថែមទៀត ក្នុងគោលបំ​ណ​​ងដើម្បីឱ្យសត្វដំរីទាំងនោះមានជីវិតរស់នៅបែបធម្មជាតិរបស់វា ក៏ដូចជាការអភិរក្សសត្វដំរីទាំងនោះផង។

លោក ឡុង កុសល បានបញ្ជាក់ថា សមាគមគ្រប់គ្រងសត្វដំរីសហការជាមួយអាជ្ញាធរជាតិអប្សរា នឹងធ្វើការដឹកជញ្ជូនសត្វដំរីជាបណ្ដើរៗចេញពីរមណីយដ្ឋានអង្គរ សំដៅទៅរកការបញ្ឈប់សកម្មភាពអាជីវកម្មក្នុងការយកសត្វដំរីមកផ្តល់ជាសេវាដឹកជញ្ជូនភ្ញៀវទេសចរកម្សាន្តចាប់ពីដើមឆ្នាំ២០២០តទៅ៕

ហង្ស សៀក