ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវចំនួន៣៤ខ្សែ ដែលមានតម្លៃ ២៩៤ លានដុល្លារអាម៉េរិក ក្នុងខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ ខ្សែ ក្នុងខេត្ដព្រះ​សី​ហ​នុ នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ថវិកាកសាងផ្លូវចំនួន​៣៤​ខ្សែ ដែលចំ​ណា​យ​រហូតទៅដល់ ២៩៤ លានដុល្លារអាម៉េរិកនេះ ត្រូវប្រើរយៈពេលសាង​សង់​ចំនួន៨ខែ ហើយថវិកាដែលប្រើសម្រាប់សាងសង់ គឺបានមកពីប្រាក់សន្សំរបស់រាជរដ្ឋាភិ​បាល ក្រោម​គោ​ល​ការណ៍ «ស្លឹកត្នោត ខ្ចប់ស្ករត្នោត»។ សម្ដេចតេជោបានលើកឡើងថា ខេត្ត​ព្រះ​សីហនុ ក្នុងរយៈពេ​ល​ប៉ុន្មានចុងក្រោយនេះ ទទួលបានការបណ្ដាក់ទុនយ៉ាងច្រើន សន្ធឹក​សន្ធាប់ពីវិនិយោគិន​បរ​ទេ​ស ជាពិសេសវិនិយោគិនចិន ជាហេតុធ្វើឱ្យខេត្តព្រះសីហនុមាន​សន្ទុះ​អភិវឌ្ឍន៍រីចម្រើនយ៉ាង​ឆាប់​រហ័សលើគ្រប់វិស័យ។ ដូច្នេះឆ្លើយតបទៅនឹងតម្រូវការ នៃ​ការអភិវឌ្ឍនេះ ការស្ដា​រនិ​ង​អ​ភិ​វឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្រប់គ្រប់ប្រភេទ​ គឺជាតម្រូវ​ការ​ចាំបាច់ដែលមិនអាចខ្វះបានក្នុង​ការ​ទ្រទ្រង់ការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ។ សម្ដេច​តេជោ​ក៏​បានសម្ដែងនូវការអរគុណ​ចំ​ពោះ​​ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ដែលគាំទ្រដល់ការ​កសាង​សង់ហេដ្ឋារចនា​សម្ព័ន្ធរបស់​ខេត្ត​។

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ផ្លូវទាំង៣៤ខ្សែនេះ មាន​ប្រ​វែងសរុបជាង ៨៤គីឡូម៉ែត្រ មានរង្វង់មូលចំនួន៣ និងស្ពានចំនួន៦ប្រវែង ២៥២ម៉ែត្រ។ ផ្លូវ​ទាំ​ង៣៤ខ្សែនេះចែកចេញជា៣ប្រភេទ រួមមាន  មហាវិថីចំនួន ៣ខ្សែ ប្រវែងជាង ២២គីឡូ ម៉ែត្រ មានទទឹង៥០ម៉ែត្រ ទ្រូងផ្លូវទទឹង ២៥.៧៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត៦គន្លង (៣ទៅ ៣មក) ផ្លូវ​ទោចក្រយានយន្ត២គន្លង ដែលមាន មហាវិថីរាម (លេខ៤៥) មហាវិថីឆ្នេររាម និង​មហា​វិថី​ជំ​​ទាវម៉ៅ (លេខ៤៧)។  វិថីមានចំនួន១៦ខ្សែ មានប្រវែងជិត ៥០គីឡូម៉ែត្រ មានទទឹង ២០​ម៉ែ​ត្រ​ ទៅ ៤០ម៉ែត្រ ទ្រូងផ្លូវទទឹង ១០.២៥ម៉ែត្រ ទៅ ១៧.២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត​២គន្លង ទៅ​​​​៤គន្លង ផ្លូវទោចក្រយានយន្ត២គន្លង។ អនុវិថី មានចំនួន ១៥ខ្សែ មានប្រវែងជិត ១២គីឡូ​ម៉ែ​ត្រ មានទទឹងផ្លូវពី១៥ម៉ែត្រ ទៅ៤៥ម៉ែត្រ ទ្រូងផ្លូវទទឹង ១០.២៥ម៉ែត្រ មានគន្លងផ្លូវ​រថយន្ត ២​គន្លង និងផ្លូវទោចក្រយានយន្ត២គន្លង។ ឯកឧត្ដមអភិបាលខេត្តបានឱ្យទៀតថា  ក្នុងគោល​ដៅ​ប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមានសោភណភាព បរិស្ថាន​ល្អ សម្រាប់​ការ​រស់នៅ ទេសចរណ៍ និងធុរកិច្ច ជាពិសេសធានាបានគុណភាពខ្ពស់ រឹងមាំ ប្រើប្រាស់បាន​យូរ​អង្វែង ការស្ថាបនាផ្លូវទាំង៣៤ខ្សែ ត្រូវគោរពតាមគោលការណ៍ និង​លក្ខណៈ​បច្ចេកទេស​សាង​សង់តាមគម្រោងប្លង់បច្ចេកទេសលម្អិតនៃខ្សែផ្លូវនីមួយៗ​ ដែល​សិក្សាដោយគណៈកម្មា​ធិ​ការ​​ជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា អនុលោម​តាមបទដ្ឋានរបស់ក្រសួង​​សា​ធារ​ណៈការ និងដឹកជញ្ជូន ដូចជា ទ្រូងផ្លូវធ្វើពីបេតុងកម្រាស់ ២៥០មិល្លីម៉ែត្រ ក្រាល​កៅ​ស៊ូ​បេ​ទីម​កម្រាស់៧០មិល្លីម៉ែត្រ បេតុងត្រូវពង្រឹងដោយប្រើ​ដែក​សរសៃទំហំ ១២មិល្លីម៉ែត្រ ចិញ្ចើម​ផ្លូវ​​មានផ្លូវថ្មើរជើងក្រាលសន្លឹកបេតុង និងផ្លូវជិះកង់ទទឹង ១.៥០ម៉ែត្រ ក្រាលកៅស៊ូបេទីម​ក​ម្រា​​ស់ ៥០មិល្លីម៉ែត្រ មានដាំស្មៅ និងដើមឈើជា​ផ្ទៃបៃ​តងជ្រាបទឹក ដាំដើមតែ និងរុក្ខជា​តិ​ល​ម្អ​​នៅតាមផ្លូវដែលមានខឿនសួនកណ្តាលចែកទ្រូងផ្លូវ បង្កប់លូទឹកភ្លៀងមុខកាត់ ១ម៉ែត្រ និង​លូ​​ទឹក​កខ្វក់មុខកាត់ ១ម៉ែត្រ តាមបណ្តោយសងខាងផ្លូវ មានបង្គោលភ្លើងបំភ្លឺសាធារណៈ មានគំនូសចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍​តាមបទដ្ឋាន​បច្ចេកទេស។ល។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលបានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុ  ច​ក្ខុ​វិ​ស័យឆ្នាំ២០៣០ គឺរៀបចំ និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយ​ចី​រ​ភា​ព​​នៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រ​ដែល​ស្អា​​តបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញ-ចូល​អន្តរ​ជា​តិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនង​ជាមួយ​ទី​ផ្សា​រអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្ម​បែបបច្ចេក​វិទ្យា​​ទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ។ ជាងនេះទៀត​កា​រ​​​សាងសង់ផ្លូវទាំង៣៤ខ្សែនេះ គឺជាការរួមចំណែកដ៏សំខាន់ ក្នុងការធ្វើឱ្យ​សម្រេចនូវចក្ខុ​វិស័​យ​ឆ្នាំ​​២០៣០របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍខេត្តព្រះសីហនុផងដែរ៕

ដោយ ជឹម ណារី