ការប្រកួតកីឡាទាញព្រ័ត្រ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ ចាប់ផ្តើមដំណើរនៅថ្ងៃសៅរ៍ ស្អែកនេះ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — កាប្រកួតកីឡាទាញព្រ័ត្រ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ នឹងត្រូវចាប់ផ្តើម​ប្រកួតជាផ្លូវការ នាថ្ងៃសៅរ៍ស្អែកទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានពហុកីឡដ្ឋានជាតិ ដោយ​នៅថ្ងៃសុក្រទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺគណៈកម្មការបច្ចេកទេសថ្លឹងទម្ងន់កីឡាករ កីឡា​ការិនីមកពីបណ្តាក្លឹបនានា ដែលចូលរួមប្រកួតប្រជែងមេដាយ ហើយព្រឹត្តិ ការណ៍នេះ​គ្រោង​នឹងប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី១៧ ខែវិច្ឆិកាខាងមុខ។

ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបាឱ្យដឹងថា សហព័ន្ធ​កីឡាទាញព្រ័ត្រកម្ពុជាសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំការ​ប្រកួត​កីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងវិមានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។ ឯកឧត្ដម​បានបញ្ជាក់ថា ការប្រកួតនេះ មាន​វិញ្ញាសាដាក់ឱ្យប្រកួត ផ្នែកបុរស៨នាក់ទល់៨នាក់ ប្រភេទ​ទម្ងន់ ៦០០គីឡូក្រាម និងវិញ្ញាសា​ផ្នែកនារី ៨នាក់ទល់៨នាក់ លើប្រភេទទម្ងន់ ៥០០គីឡូក្រាម ហើយការប្រកួតមិន​មានការ​បែងចែកក្របខ័ណ្ឌក១ និងក២ ឡើយ។

ឯកឧត្តមប្រធានបន្ដថា ដើម្បីជួយជំរុញដំណើរការនៃការប្រកួតកីឡាទាញព្រ័ត្រ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំ ឆ្នាំ២០១៩ទទួលបានលទ្ធផលល្អប្រសើរ និងស្របតាមលក្ខណៈបច្ចេកទេសផងនោះ គណៈ​កម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទាញព្រ័ត្រដាក់ចេញនូវបទបញ្ជាបច្ចេកទេសដូចជាសិទ្ធិនៃការចូលរួមការប្រកួត គឺកីឡាករ កីឡាការិនីម្នាក់ៗលេងបានតែមួយវិញ្ញាសាប៉ុណ្ណោះ ហើយបើ​បានចុះឈ្មោះនៅក្រុមណាត្រូវលេងឱ្យក្រុមនោះមិនអនុញ្ញាតឱ្យផ្លាស់ប្តូរឡើយ។ ចំពោះក្រុមដែលជាប់ក្នុងជ័យលាភីលេខ១ និងលេខ២ ក្នុងការប្រកួតជ្រើសរើសពីបណ្តាភូមិ​ភាគទាំង៥ ក្នុងឆ្នាំ២០១៩ លើវិញ្ញាសា ៨នាក់ទល់នឹង៨នាក់ បុរស-នារី ទើបមានសិទ្ធិ​ចូលរួម​ប្រកួតបាន។តាមរយៈព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំនេះត្រូវបានឯកឧត្តមចាត់ទុកថា នឹងជួយជំរុញ ដល់ការអភិវឌ្ឍវិស័យកីឡាទាញព្រ័ត្រកម្ពុជាឱ្យ​កាន់តែរីកចម្រើនបន្ថែមទៀត​ផងដែរ៕

ដោយ ហេង ណាលីន