ក្រុមជម្រើសជាតិកម្ពុជា ស្មើគ្នាជាមួយក្រុមម៉ុងហ្គោលី ១-១ ក្នុងជំនួបមិត្តភាពអន្តរជាតិ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — ក្រុមម្ចាស់ផ្ទះ ជម្រើសជាតិកម្ពុជា រក្សាលទ្ធផលស្មើគ្នាជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលី ដោយលទ្ធផល ១ទល់១ នៅក្នុងជំនួបមិត្តភាពអន្តរជាតិ កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក។

នៅក្នុងការប្រកួតវគ្គទី១ ក្រុមភ្ញៀវម៉ុងហ្គោលីបានបើកការនាំមុខ១គ្រាប់មុន នៅនាទី២១ ដោយបានទាត់បញ្ជូលទីផុតដៃអ្នកចាំទីកម្ពុជា កែវ សុខសិលា ហើយនៅនាទី៣៥ កីឡាករ កែវ សុខផេង របស់កម្ពុជាធ្វើសម្រេចតាមស្មើវិញ ដោយបាល់ពិន័យ១១ម៉ែត្រ។ លទ្ធផល ១ទល់១នេះរក្សាបានរហូតដល់បញ្ចប់ការប្រកួត៩០នាទី។ នេះគឺជាការប្រកួតកម្តៅ​សាច់ដុំ​បង្កើន​បច្ចេក​ទេស ត្រៀមការប្រកួតវគ្គជម្រុះ FIFA World Cup ដោយក្រុមកម្ពុជា​ត្រៀមជួប​ជាមួយក្រុមម្ចាស់ផ្ទះ ហុងកុង ក្នុង Group E នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈក្រុម​ជម្រើស​ជាតិម៉ុងហ្គោលី ត្រៀមជួបជាមួយម្ចាស់ផ្ទះមីយ៉ាន់ម៉ា Group F នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ការប្រកួត លោក Felix គ្រូបង្គោល​កម្ពុជានិយាយថា ការប្រកួតនេះ គឺដូចអ្វីដែលយើងបានគ្រោងទុក ហើយយើងបានអភិវឌ្ឍន៍ ខ្លួនបានល្អជាងមុន និងមានចំណុចល្អៗច្រើន។ លោកបន្ដថា វាជាបទពិសោធន៍ល្អមួយ សម្រាប់យើងនៅក្នុងការប្រកួតនេះ ហើយធ្វើបានល្អក្នុងការប្រយុទ្ធ និងបញ្ចូនបាល់ ជាពិសេសនៅចុងម៉ោងក្នុងតង់ទី២។ លោកបន្ដទៀតថា យើងត្រូវរៀបចំឱ្យបានល្អជាងនេះ មុនពេលប៉ះជាមួយ ហុងកុង ប៉ុន្តែយើងបានដឹងពីរបៀបលេងរបស់ពួកគេដែរ ដូច្នេះយើងត្រូវ រកដំណោះស្រាយ ដើម្បីបំបែកក្បួនរបស់ពួកគេ។ លោកក៏សូមអរគុណដល់អ្នកគាំទ្រ​កម្ពុជា​ទាំងអស់ដែលបានមក គាំទ្រពួកយកយើងនៅថ្ងៃនេះ បើទោះបីទើបតែបញ្ចប់ព្រះរាជពិធី​បុណ្យអុំទូក និងជាថ្ងៃធ្វើការក៏ដោយ។

ចំណែកឯលោក Michael Weiss គ្រូបង្គោលជម្រើសជាតិម៉ុងហ្គោលីបានថ្លែងថា ក្រុម​កម្ពុជាលេងបានល្អ ហើយកីឡាករកម្ពុជាគ្រប់គ្រងបាល់បានច្រើន និងលេងបានល្អទាំងការ​ប៉ះបាល់ និងព្យាយាមលេងបាល់ពីក្រោមឡើងទៅលើ ប៉ុន្តែនេះជាលទ្ធផលល្អមួយ​មុនពេល​ក្រុមរបស់លោកត្រូវប៉ះជាមួយនឹងក្រុមម្ចាស់ផ្ទះ ជម្រើសជាតិមីយ៉ាន់ម៉ា នាពេលខាងមុខ​ឆាប់ៗនេះ។ លោកបានលើកឡើងថា វាជាកាប្រកួតក្នុងផ្ទះ សម្រាប់កម្ពុជា ដូច្នេះពួកគេមាន​បាល់លេងច្រើនជាងក្រុមរបស់លោក ហើយវាជាការរៀបចំរបស់យើងដែលឱ្យពួកគេ​លេងឱ្យ​បានច្រើន និងរកឱកាសវាយបកលឿនៗ។ លោកគិតថា ការពិន័យបាល់១១ម៉ែត្រ គឺមិនសម​ឡើយ ព្រោះលោកនៅជិតនឹងដែរ ដែលបានមើលឃើញ៕

ដោយ ហេង ណាលីន