Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតអាម៉េរិកស្នើឱ្យក្រសួងព័ត៌មានជួយសម្របសម្រួលដល់វិទ្យុ VOA អាចជួលម៉ោងផ្សាយឡើងវិញ​បាននៅតាមស្ថានីយវិទ្យុក្នុងស្រុក

Published

on

AKP ភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែលតែងតាំងថ្មី​ប្រចាំនៅ​កម្ពុជា​បានស្នើសុំរដ្ឋមន្រ្ដីក្រសួងព័ត៌មានជួយគាំទ្រ និងសម្របសម្រួលដល់វិទ្យុសំឡេងសហរដ្ឋអា​មេរិក​(VOA) អាចជួលម៉ោងផ្សាយនៅតាមស្ថានីយវិទ្យុក្នុងស្រុកឡើងវិញ​បាន សម្រាប់ធ្វើការ​ផ្សព្វ​ផ្សាយព័ត៌មាននៅក្នុងប្រទេស​កម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្ដម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បា្រប់ទីភ្នាក់ងារសារព័ត៌​មានកម្ពុជា AKP បន្ទាប់ពីឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី​​ប្រចាំ​នៅ​កម្ពុជាជួប​សម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្ដីការ​ក្រសួង​ព័ត៌មាន។

ឯកឧត្ដម មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋ​ទូតសហរដ្ឋអាមេរិកថ្មី​ប្រចាំនៅ​កម្ពុជាបាន​សម្ដែងនូវការចាប់អារម្មណ៍ចំពោះការខិតខំ​ប្រឹង ប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​អភិវឌ្ឍ និងកសាងប្រទេសឱ្យមានការរីកចម្រើន ជាពិសេសឯកឧត្ដមឯកអគ្គរដ្ឋទូតក៏បាន​បង្ហាញនូវការសប្បាយរីករាយដោយបានមកបំពេញ​បេសកកម្មការទូតនៅកម្ពុជា។ ឯកឧត្ដម​ឯកអគ្គរដ្ឋទូតក៏បានបង្ហាញនូវការប្ដេជ្ញា​ចិត្ដក្នុងការ​ពង្រឹងទំនាក់ទំនង កិច្ចសហ​ប្រតិ​បត្តិការ​រវាង​ប្រទេសទាំងពីរអាម៉េរិក និងកម្ពុជាឱ្យកាន់ប្រសើរ​ឡើង និងរឹងមាំជាបន្ដបន្ទាប់​ទៀត។ ឯកឧត្ដមក៏បានជម្រាបជូនឯកឧត្ដមរដ្ឋមន្រ្ដី​ក្រសួងព័ត៌​មាន​ដែរថា នៅឆ្នាំក្រោយនេះ សហរដ្ឋ​អាមេរិក និងកម្ពុជា នឹងរៀបចំខួបលើកទី៧០ឆ្នាំ នៃ​ចំណង​ការទូតរវាងប្រទេសទាំងពីរ ហើយ​ប្រទេសទាំងពីរ នឹងរំលេចនូវសមិទ្ធផលដែលបាន​កើតចេញពីចំណងមិត្ដភាព និងកិច្ច​សហ​ប្រតិបត្តិការការទូតក្នុងរយៈពេល៧០ឆ្នាំកន្លងមក។

ជាការឆ្លើយតប ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ ឯកភាពចំពោះការស្នើសុំរបស់ឯកឧត្ដម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំនៅកម្ពុជា ក្នុង​ការអនុញ្ញាតឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក អាចជួលម៉ោងផ្សាយ នៅតាមស្ថានីយ​វិទ្យុ​សំបុកឃ្មុំ និងស្ថានីយវិទ្យុ១០២ ក្នុងប្រទេសកម្ពុជា។ ឯកឧត្ដមរដ្ឋ​មន្រ្ដីបានលើកឡើងថា ដើម្បីជួលម៉ោងផ្សព្វផ្សាយតាមស្ថានីយវិទ្យុក្នុងស្រុកបាន តម្រូវឱ្យ​ស្ថានីយវិទ្យុទាំងពីរនេះ ត្រូវធ្វើលិខិតស្នើសុំជាផ្លូវការមកក្រសួងព័ត៌មាន ដើម្បីបំពេញ​សំណុំ​បែបបទតាមផ្លូវច្បាប់ និងឯកសារគតិ្ដយុត្ដមួយចំនួន សម្រាប់ធ្វើការជួលម៉ោងផ្សាយនេះ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានចាត់ទុកទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិកគឺមានជាយូរលង់ណាស់មកហើយ និងបានស្វាគមន៍ចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មីដែលបានមកបំពេញបេសកកម្មការ​ទូត​​នៅកម្ពុជា ដើម្បីធ្វើយ៉ាងណាពង្រឹង និងពង្រីកនូវចំណងមិត្ដភាព កិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែរឹងមាំបន្ថែមទៀត៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន