សម្ដេចក្រឡាហោម ស ខេង ប្រកាសបដិសេធចំពោះលិខិតក្លែងក្លាយដែលស្នើឱ្យបក្សកាន់​អំណាចដកសេចក្តីទុកចិត្តលើប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន

AKP ភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បាន​ចេញមុខបដិសេធចំពោះលិខិតក្លែងក្លាយមួយដែលបានស្នើឱ្យ គណៈកម្មាធិការអចិន្រ្តៃយ៍​គណបក្សប្រជាជនកម្ពុជាបោះឆ្នោតដកសេចក្តីទុកចិត្តលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ការប្រកាសរបស់សម្តេចក្រឡាហោម ស ខេង បែបនេះ គឺធ្វើឡើងក្នុងឱកាសដែល​សម្តេចក្រឡាហោមបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី «កិច្ចសន្ទនាអន្តរជំនឿ​សាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា លើកទី៨» ក្រោមប្រធានបទ «កិច្ចជំរុញ​ការអនុវត្តសេចក្ដីប្រកាស រួមលើកទី៧ ស្ដីពីសាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់​ចរាចរណ៍​ផ្លូវគោក» នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលសន្និសីទចតុម្មុខ។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា លិខិតនេះគឺជាលិខិតក្លែងក្លាយ ហើយ​មានប្រភពមកពីក្រុមប្រឆាំងរាជរដ្ឋាភិបាល។ សម្តេចក្រឡាហោមបានគូសបញ្ជាក់ថា សម្តេចបានទទួលបានព័ត៌មានមួយដែលជាលិខិតចំហរក្លែងក្លាយដែលមានកម្មវត្ថុស្នើគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជាដោយអំពាវនាវឱ្យឈប់គាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី។ សម្តេចក្រឡាហោមបានបន្ដថា លិខិតក្លែងក្លាយនេះគឺមានប្រភពចេញពីខេត្តបាត់ដំបង ហើយ ដែលសម្តេចបានសន្និដ្ឋានថាគឺមកពីមជ្ឈដ្ឋានជំទាស់ប្រឆាំងនឹងរដ្ឋាភិបាល ដោយក្នុងនោះ គឺសម្តេចក្រឡាហោមបានឱ្យគ៨៥និងគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបងធ្វើការបដិសេធ​ រួចរាល់ហើយដែរ។ សម្តេចក្រឡាហោមបានសង្កត់ធ្ងន់ថា ខ្លឹមសារនៃលិខិតក្លែង​ក្លាយនេះគឺ​មានបំណងមិនល្អក្នុងន័យដើម្បីបំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ដែលយើង​ប្រឆាំងដាច់ខាតដោយមិនអាចទទួលយកបាននោះទេ៕

ដោយ ចាន់ សុធីវង្ស