សម្តេចក្រឡាហោម ស ខេង៖ កម្ពុជាបានបើកទូលាយនូវសិទ្ធិសេរីភាពខាងសាសនា

AKP ភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា នៅព្រះរាជាណាចក្រកម្ពុជា បានបើកទូលាយនូវសិទ្ធិសេរីភាពខាងសាសនាតាមស្មារតី​នៃរដ្ឋ​ធម្មនុញ្ញដោយបានដាក់បញ្ចូលវិស័យសាសនា ទៅក្នុងបាវចនាជាតិ គឺជាតិ សាសនា ព្រះ​មហា​ក្សត្រ ដែលជាការបង្ហាញឱ្យឃើញពីការពឹងអាស្រ័យគ្នាទៅវិញទៅមក ដើម្បីសុខ សន្តិ​ភាព​ក្នុងសង្គម។

ថ្លែងក្នុងសិក្ខាសាលាស្ដីពីកិច្ចសន្ទនាអន្តរជំនឿសាសនាដើម្បីសុខដុមនីយកម្ម​សាសនា ​នៅ​កម្ពុជា លើកទី៨ ក្រោមប្រធានបទ “កិច្ចជំរុញការអនុវត្តសេ ចក្ដីប្រកាសរួម​លើក​ទី៧ ស្ដីពី​សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក” កាលពីព្រឹកថ្ងៃ​ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលសន្និសីទចតុម្មុខ សម្ដេចក្រឡាហោម ស ខេង បានលើក​ឡើង​ថា រាជ​រដ្ឋាភិ​​បាល​តែងជំរុញលើកទឹកចិត្តគ្រប់សាសនាក្នុងការបដិបត្តិទៅតាម​គន្លង​សាស​​នា​នីមួយៗ ដើម្បី​បង្កើនការចូលរួមកសាងអំពើល្អ វាចាកអំពើហិង្សា ការរើសអើង ការបែងចែក​ជំនឿ​សាសនា សំដៅទប់ស្កាត់ការយកសាសនា ធ្វើជាឧបករណ៍ ឬធ្វើអាជីវកម្មដែលអាចបង្ក​ជា​វិបត្តិ ឬភាព​ចលាចលក្នុងសង្គមកម្ពុជា និងបានជំរុញប្រែក្លាយសក្ដានុពលសាសនា​នីមួយៗ​ឱ្យ​ទៅជា​កម្លាំង​ចលករក្នុងការជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ព្រមទាំងពង្រឹងសុខសន្តិ​ភាព ថែទាំ​ប្រពៃណីជាតិ និងលើកកម្ពស់តម្លៃសីលធម៌ក្នុងសង្គម។ សម្ដេចក្រឡាហោម បានគូសបញ្ជាក់​បន្ថែមថា​ ការចូលរួមនៅថ្ងៃនេះ គឺជាការបង្ហាញយ៉ាងច្បាស់នូវការ​ចូលរួម​របស់​គ្រប់សាសនានៅកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការរឹតបន្តឹង​ការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍​ផ្លូវគោក ទៅតាមស្មារតីនៃសេចក្ដីប្រកាសរួម​ស្ដីពី«សាសនិក​គ្មានគ្រឿងញៀន និងការគោរព​ច្បាប់ចរាចរណ៍ផ្លូវគោក»ដើម្បីជំរុញផ្សព្វផ្សាយឱ្យ​បានកាន់​តែទូលំទូលាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងការមិនគោរពច្បាប់​ចរា​ចរណ៍។ សម្ដេចក្រឡាហោមបាន​បង្ហាញ​ជំនឿចិត្តថាអង្គសិក្ខាសាលានៅថ្ងៃនេះ នឹងផ្ដោត​ការពិភាក្សាផ្លាស់ប្ដូរទស្សនៈ មតិយោ​បល់ និងចែករំលែកបទពិសោធន៍ ល្អៗអំពីកិច្ចជំរុញ​ការ​អនុវត្តសេចក្ដីប្រកាសរួម និងអាចដាក់​ចេញនូវវិធានការណ៍ ឬយន្តការគន្លឹះថ្មីៗបន្ថែម​ទៀត​ដើម្បីអនុវត្តន៍ឱ្យសមស្រប និងទទួលបាន​លទ្ធផល ទៅតាមការវិវត្តន៍របស់សង្គម ដើម្បីរួម​ចំណែកលើកស្ទួយសុខដុមនីយកម្ម​សាសនាផង និងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់​រាជរដ្ឋាភិបាលផង។

ជាមួយគ្នានេះ សម្ដេចក្រឡាហោមក៏បានរំលឹកឡើងវិញនូវការអំពាវនាវរបស់​សម្ដេច​តេជោ​ ហ៊ុន សែន ទៅកាន់គ្រប់សាសនានៅកម្ពុជា ក្នុងការចូលរួមរក្សាសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ចូលរួមអនុវត្តគោលន យោបាយ ភូមិ-ឃុំមានសុវត្ថិភាព ចូលរួមធ្វើយុទ្ធ​នាការបំបាត់ និងកាត់បន្ថយការប្រើ ប្រាស់គ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ បន្ត​សុខដុមនីយកម្មក្នុងសាសនានីមួយៗ និងយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធាន​មនុស្ស ដើម្បីធានាឱ្យសាសនារឹងមាំ និងរីកចម្រើនបន្តទៀត។ សម្ដេចក្រឡាហោមបាន ​បន្ថែមថា ការពង្រឹងសន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ គឺជាកត្តាគ្រឹះដែល មិនអាច​ខ្វះបាន ហើយសម្ដេចពិតជារីករាយបំផុតនៅពេលបានឃើញពលរដ្ឋចូលរួមជាមួយ​រាជរដ្ឋា​ភិ​បាល។ ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ស ខេង បានប្រកាសថ្លែងអំណរគុណ​ប្រជា​ពល​រដ្ឋទាំងអស់ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរដែនដី ដែលបានចូលរួមជាមួយរា ជរដ្ឋាភិបាល​ក្នុងការទប់ស្កាត់ផែនការបំផ្លាញសុខសន្តិភាពនោះដោយជោគជ័យ បើទោះបីជាការប្រកាសពី​ផែនការនោះ និងការចាត់វិធានការណ៍នានារបស់អាជ្ញាធរ បានធ្វើឱ្យពលរដ្ឋខ្លះមានក្ដីព្រួយ​បារម្ភនៅថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក ប៉ុន្តែទីបំផុតនៅថ្ងៃបន្តបន្ទាប់ពលរដ្ឋមាន​ភាពកក់​ក្ដៅ និងបានអញ្ជើញមកចូលរួម កម្សាន្តសប្បាយយ៉ាងច្រើនកុះករ។ សម្ដេចក្រឡាហោម ក៏ បានថ្លែងការសូមអភ័យទោសប្រជាពលរកខ្មែរនៅតំបន់ព្រំដែនកម្ពុជា-ថៃចំពោះផលប៉ះពាល់​ មួយចំនួន​ដែលកើតចេញពីវិធានការណ៍រឹតបន្តឹងសន្តិសុខ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍អំពីការបង្កើនការបង្រ្កាបគ្រឿង ញៀន​នៅតំបន់ជនបទ ពីព្រោះពេលនេះគ្រឿងញៀនដែលត្រូវបានបង្ក្រាបយ៉ាង សកម្មនៅ​រាជធានី​ភ្នំពេញនោះ កំពុងសាយភាយទៅតំបន់ស្រុកស្រែចំការ ដែលវានឹងបំផ្លាញធនធាន​មនុស្ស និងសេចក្ដីសុខ សុវត្ថិភាពនៅតាមមូលដ្ឋាន ប្រសិនបើអាជ្ញាធរមិនអាចបង្ក្រាបទប់​ស្កាត់បាន។

សម្ដេចក្រឡាហោមក៏បានអំពាវនាវប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំសាសនា​ទាំងអស់ បង្កើន​​ការចូលរួមអប់រំផ្សព្វផ្សាយ និងអនុវត្តន៍ទិសស្លោក៣កុំ ១រាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍អំពីបទល្មើសគ្រឿងញៀន ហើយបញ្ហាចរា​ចរណ៍ក៏ដូចគ្នាដែរ ដោយសម្ដេចបានអំពាវនាវឱ្យគ្រប់ ភាគីផ្ដល់អាទិភាពដល់ការអនុវត្តច្បាប់ និងបានអំពាវ​នាវព្រះសង្ឃ និងថ្នាក់ដឹកនាំ សាសនាទាំងអស់ចូលរួម​បញ្ជ្រាបបញ្ហាទាំងនេះ​នៅពេលសម្ដែង​ព្រះធម៌ ឬនៅក្នុងកម្មវិធីសាសនានានាផងដែរ៕

ដោយ ប៊ុនរិទ្ធ