ការជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ត្រូវការពេលវេលាបន្ថែមទៀត

AKP សៀមរាប ថ្ងៃទី​​​១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — ការជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តដំណាក់កាលទី២ ដែលគ្រោងនឹង បញ្ចប់នៅក្នុងឆ្នាំ២០២០ អាចនឹងត្រូវពន្យារពេល ដោយមូលហេតុបច្ចេកទេសចាំបាច់មួយ ចំនួន។ នេះជាការពោលអះអាងពីសំណាក់លោក  អន សុភាព មន្ត្រីបច្ចេកទេសប្រចាំការ ដ្ឋានជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ។

លោក  អន សុភាព បានបញ្ជាក់ឱ្យដឹងនៅថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះថា តាមលទ្ធផលជាក់ស្តែងការ ជួសជុល អនុវត្តន៍បានត្រឹមតែ១៥ភាគរយប៉ុណ្ណោះ គិតរហូតមកទល់ពេលនេះ ព្រោះយើង បាន ចំណាយពេលវេលាច្រើនលើការងារស្រាវជ្រាវ និងវិភាគបច្ចេកទេស ដូចជារចនាសម្ព័ន្ធ និង សម្ភារសំណង់ ស្ថានភាពនៃការខូចខាតរបស់ថ្ម គុណភាពថ្ម ស្ថានភាពដីដែលបង្ហាប់នៅ ក្នុងស្ពានហាល និងលទ្ធផលពិសោធន៍លើការបុកបង្ហាប់ដីសាកល្បងចំនួន ១០ម៉ែត្របាន ជោគជ័យហើយ។

លោក  អន សុភាព បានឱ្យដឹងទៀតថា ម្យ៉ាងវិញទៀត ការជួសជុលលើកនេះគឺមានការ ខុសប្លែកពីការជួសជុលនៅសម័យបារាំង និងការជួសជុលក្នុងដំណាក់កាលទី១ ដោយ ហេតុថា ក្រុមអ្នកជំនាញផ្នែកអភិរក្សរបស់អាយស៊ីស៊ី-អង្គរ បានតម្រូវមិនឱ្យមានការរុះរើ ជញ្ជាំងស្ពានថ្មបាយក្រៀមនេះឡើយ ដោយត្រូវរក្សាស្លាកស្នាមនៃការជួសជុលនៅ ក្រោយ សម័យអង្គរទុកជាប្រវត្តិសាស្ត្រ ថ្វីត្បិតតែរចនាសម្ព័ន្ធសំណង់ស្ពាននេះមានការខូចខាត​ខ្លាំងក៏ដោយ។

លោក អន សុភាព បានបញ្ជាក់ថា នេះជាចំណុចពិសេសមួយដែលលំបាកបំផុត សម្រាប់ការជួសជុល ដែលទាមទារឱ្យក្រុមអ្នកជំនាញរកគ្រប់វិធីសាស្ត្រ គ្រប់បច្ចេកទេស ដើម្បីទប់ពង្រឹងរចនាសម្ព័ន្ធសំណង់ប្រកបដោយគុណភាពខ្ពស់ ហើយមិនប៉ះពាល់ដល់ សំណង់ស្ពានចាស់ ដែលទ្រុឌទ្រោមខូចខាតដោយសារ អាយុកាលនៃវត្ថុធាតុដើម ការត្រាំក្នុងទឹកជាប្រចាំ។ ដូច្នេះហើយ ក្នុងការជួសជុលនេះ ក្រុមការងារចាំបាច់ត្រូវរក្សាភាព ដើមឱ្យបានច្រើនបំផុត ដោយប្រើបច្ចេកទេស និងសម្ភារទំនើបខ្លះលាយ និងបច្ចេកទេស បុរាណ ដើម្បីពង្រឹងរចនាសម្ព័ន្ធសំណង់ឱ្យជាប់មាំបានល្អ។

គួរបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងរវាងអាជ្ញាធរជាតិអប្សរា ជាមួយនឹងសាកល វិទ្យាល័យសូហ្វយ៉ាប្រទេសជប៉ុន ការជួសជុលស្ពានហាលប្រាសាទ អង្គរវត្តមាន រយៈពេល ៥ឆ្នាំ (២០១៥-២០២០) គ្រោងនឹងបញ្ចប់ជាស្ថាពរនៅពាក់កណ្តាលឆ្នាំ២០២០៕

ដោយ ហង្ស សៀក